ភាពយន្ត​ខ្មែរ​កើនឡើង តែ​ត្រដរខ្យល់ !


រាជធានី​ភ្នំពេញ​៖ ចាងហ្វាង​ផលិតកម្ម wonderfilm Cambodia លោក​សែ​ម វិសាល បាន​ព្រមាន​ពី​ហានិភ័យ​មួយ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ បើ​ទោះបីជា​ការ​ផលិត​កំពុង​មានការ​កើនឡើង​ក៏​ដោយ ។ តើ​ហានិ​ភ័យ​អ្វី ?

ហានិភ័យ​នោះ​ត្រូវ​អគ្គលេខាធិការ​សមាគម​ភាពយន្ត​កម្ពុជា​លោក​សែ​ម វិសាល លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ផលិតភាព​យន្ត​ខ្មែរ​កំពុង​មានការ​ប្រឈម​ខ្លាំង​នឹង​ការ​ប្រកួតប្រជែង​ភាពយន្ត​បរទេស។ តាម​អ្វី​ដែល​លោក​សែ​ម វិសាល បាន​លើក​ឡើង​ថា វិស័យ​ភាពយន្ត​ខ្មែរ​បច្ចុប្បន្ន​កំពុង​តែ​ត្រដរ​ខ្យល់ សូម​ផលិតករ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គំរោង​ផលិត ព្រោះ​ទីផ្សារ​ភាពយន្ត​យើង​សព្វថ្ងៃ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ទីផ្សារ​ភាពយន្ត​បរទេស ។

លោក​សែ​ម វិសាល លើក​ឡើង​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ផលិតករ​ខ្មែរ​មួយ​រូប ខ្ញុំ​សូម​សម្ដែង​ការ​កោតសរសើរ​ចំពោះ​រៀមច្បង និង​ផលិតករ​ខ្មែរ​ទាំងអស់​ដែល​បាន​លះបង់​ប្រាក់​កាស ពេលវេលា បេះដូង មិន​ខ្លាច​នឿយហត់ ទោះ​ផលិត​ទៅ​បាន​ល្អ ឬ​មិនល្អ ក៏​នៅ​តែ​តាំងចិត្ត​ក៏​សាង​ខ្លួន​ទៅ​មុខ​ទៀត ។ នេះ​ជា​ភាព​អង្គ​អាច​ដ៏​គួរ​អោយ​សរសើរ អ្នក​ទាំងអស់​គ្នា​ជា​ធនធាន​ប្រាក​ដដែល​បាន​វិនិយោគ​យ៉ាង​ធំធេង​សម្រាប់​វិស័យ​ភាពយន្ត​ក្នុងស្រុក ។ ខ្ញុំ​ជឿជាក់​ថា ទស្សនិកជន​ក្នុង​នាម​សញ្ជាតិ​តែ​មួយ​នឹង​យល់​លើ​កត្តា​នេះ តស៊ូ​ទៅ​មុខ​ទៀត​ដើម្បី​វិស័យ​ភាពយន្ត​យើង ។

ការ​ផលិត​ខ្មែរ​ភាពយន្ត​មួយ​គឺ​យើង​ពិបាក​នឹង​រក​ប្រាក់​ចំណេញ​ណាស់ ខណៈ​ពេល​មាន​ផលិតករ​មួយ​ចំនួន​​បាន​បន្ត​បិទ​ផលិតកម្ម​របស់​ខ្លួន​ផង​ដែរ ។ បើ​ទស្សនិកជន​ទិញ​សំបុត្រ​ចូល​ទស្សនា​ចំ​ខ្សែភាពយន្ត​ណា​ដែល​ផលិត​មិន​មានគុណ​ភាព​នោះ វា​នឹង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​បណ្តាល​ផលិតកម្ម​ផ្សេង​ទៀត »​។

លោក​សែ​ម វិសាល បាន​ស្នើ​សុំ​ឲ្យ​គ្រប់​ផលិតករ​ទាំងអស់​ត្រូវ​គិត​ពី​គុណភាព​ជា​ចម្បង ដើម្បី​ចៀសវាង​សម្លាប់​ទឹកចិត្ត​អ្នកគាំទ្រ ។ ប្រសិនបើ​ការ​ផលិតភាព​យន្ត​មួយ​មានគុណ​ភាព​នោះ ផលិតករ​ក៏​នឹង​ទទួល​បាន​ប្រាក់​ចំណេញ និង​កិត្តិយស និង​ទំនុកចិត្ត​ពី​ទស្សនិកជន​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ