ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភី​យ៉ា ខឹង​ចាងហ្វាង​ផលិតកម្ម​មិន​បើក​ប្រាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ភី​យ៉ា បាន​ព្រមាន​នឹង​បញ្ចេញ​អត្តសញ្ញាណ​ម្ចាស់​ផលិតកម្ម​មួយ​ជា​សាធា​រណៈ ខ​ណះ​ពេល​ដែល​ម្ចាស់​ផលិតកម្ម​នោះ​មិន​ព្រម​បើកប្រាក់​ដែល​បាន​ជំពាក់​នាង​ក្នុង​ការ​ថត ។ ភី​យ៉ា បាន​ត្រៀម​នឹង​បញ្ចេញ​ឈ្មោះ​ជាមួយនឹង​ការ​បកអាក្រាត​មិន​ខ្លាចញញើត​ចំពោះ​ម្ចាស់​ផលិតកម្ម​រូប​នោះ ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ ក្នុង​ពេល​ដែល​នាង និង​តារា​មួយ​ចំនួន​ទៀត​បាន​ផ្តល់​ឱកាស​​ឲ្យ​ជា​ច្រើន​លើក​។…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ភី​យ៉ា បាន​ព្រមាន​នឹង​បញ្ចេញ​អត្តសញ្ញាណ​ម្ចាស់​ផលិតកម្ម​មួយ​ជា​សាធា​រណៈ ខ​ណះ​ពេល​ដែល​ម្ចាស់​ផលិតកម្ម​នោះ​មិន​ព្រម​បើកប្រាក់​ដែល​បាន​ជំពាក់​នាង​ក្នុង​ការ​ថត ។

ភី​យ៉ា បាន​ត្រៀម​នឹង​បញ្ចេញ​ឈ្មោះ​ជាមួយនឹង​ការ​បកអាក្រាត​មិន​ខ្លាចញញើត​ចំពោះ​ម្ចាស់​ផលិតកម្ម​រូប​នោះ ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ ក្នុង​ពេល​ដែល​នាង និង​តារា​មួយ​ចំនួន​ទៀត​បាន​ផ្តល់​ឱកាស​​ឲ្យ​ជា​ច្រើន​លើក​។ តារា​សម្តែង​នាង ភី​យ៉ា បាន​អះអាង​ថា ជិត​២​ឆ្នាំ​ហើយ​ដែល​ម្ចាស់​ផលិតកម្ម​មួយ​នោះ​មិន​ព្រម​ដោះស្រាយ​លុយ​សម្រាប់​ការ​ថត​របស់​នាង ហើយ​បើ​ទោះបីជា​នាង​ព្យាយាម​ទាក់ទង​ជា​ច្រើន​លើក​ច្រើន​សា ក៏​មិន​មាន​លទ្ធផល​ដែរ​។

នាង​បញ្ជាក់​ថា «​ប្រសិនបើ​ម្ចាស់​ផលិតកម្ម​នោះ​នៅ​តែ​ធ្វើ​បែប​នេះ ហើយ​មិន​មាន​ចេតនា​ណាមួយ​ចេញ​មុខ​ដោះស្រាយ​នោះ នាង​ខ្ញុំ​នឹង​បញ្ចេញ​ឈ្មោះ ហើយ​និយាយ​ឲ្យ​អស់ពី​អំពើ​ដែល​ម្ចាស់​ផលិតកម្ម​នោះ​បាន​ធ្វើ​មក​លើ​រូប​នាង និង​តួ​សម្តែង​ផ្សេង​ទៀត តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក »​។

បើ​តាម​ភី​យ៉ា ការ​ជំពាក់​លុយ​នេះ​គឺ​មិនមែន​កើតឡើង​តែ​ចំពោះ​រូប​នាង​ម្នាក់​ទេ ពោល​គឺ​កើត​មាន​សម្រាប់​តួ​សម្តែង​ផ្សេង​ទៀត​ផង​ដែរ ហើយ​ពួក​គេ​ទាំងនោះ​ក៏​រង់ចាំ​មើល​ដំណោះស្រាយ​ដូច​គ្នា ។ គ្មាន​ដំណោះ​ស្រាយ​ហើយ បើ​មាន​ហេតុផល​ប្រាប់​មួយ​ម៉ាត់​មក​ថា​មិន​ទាន់​មាន ឬ​ក៏​យ៉ាង ម៉េច​ៗ​និយាយ​គ្នា​បាន តែ​ទូរស័ព្ទ​ទៅ​សួរ​ក៏​មិន​លើក លុយ​ក៏​មិន​ឲ្យ ។

យ៉ាងណា​ក៏​ដោយ​តារា​សម្តែង​ភី​យ៉ា នៅ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ផលិតកម្ម​ណាមួយ​ឡើយ ដោយសារ​តែ​នាង​នៅ​ទុក​ពេល​ឲ្យ​ម្ចាស់​ផលិតកម្ម​រូប​នោះ​ចេញ​មក​ដោះស្រាយ ប៉ុន្តែ​បើ​គ្មាន​ទេ​នាង​នឹង​និយាយ​ទាំង​អស់​តែ​ម្តង​។ ភី​យ៉ា និយាយ​ថា «​ខ្ញុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ​តែ​ដល់ក​ឈ្មោះ​ថៅកែ ឈ្មោះ​រឿង​បញ្ចេញ​ទាំងអស់​តែ​ម្តង​ឲ្យ​ផ្អើល​ល្បី​ម្តងទៀត ។ ខ្ញុំ​ទុក​ពេល​ឲ្យ​គាត់​២​អាទិត្យ​ទៀត​អស់​ការ​អត់ធ្មត់​ហើយ យើង​យល់ គេ​ៗ​មិន​យល់​យើង​សោះ ហើយ​តួ​ថត​រាល់ថ្ងៃ​ហ្នឹង​រំពឹង​អី​បើ​គ្នា​ថត​មិន​បើក​ឲ្យ​គ្នា​»​។

ជា​ការ​កត់សម្គាល់​បញ្ហា​បែប​នេះ​មិនមែន​ទើបតែ​កើតឡើង​សម្រាប់​តារា​សម្តែង​ភី​យ៉ា ទេ កន្លង​មក​រឿង​មួយ​នេះ​ក៏​បាន​កើត​ឡើងជា​បន្តបន្ទាប់​ដែរ​សម្រាប់​តារា​មួយ​ចំនួន​ទៀត​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ទាំង​ចាងហ្វាង​ផលិតកម្ម និង​តួ​សម្តែង នៅ​ពេល​សួរនាំ​រឿង​បែប​នេះ​ច្រើន​តែ​ចោទ​គ្នា​យក​ត្រូវ​រៀងខ្លួន ។

អតីត​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​លោក​ឆាយ បូ​រ៉ា ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា បញ្ហា​ខាងលើ​នេះ​វា​អាច​មាន​ផល​ប៉ះពាល់​ខ្លះ និង​មិន​ប៉ះពាល់​ខ្លះ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ ។ ឧទាហរណ៍​ថា ប្រសិនបើ​យើង​ចង់​ហៅ​តួ​សម្តែង​ម្នាក់​ដែល​ធ្លាប់​ត្រូវ​បាន​ផលិត​ករ​ណាមួយ​ជំពាក់​លុយ​សម្តែង នោះ​ពួក​គាត់​អាច​នឹង​ខ្លាចរអា ហើយ​ពួក​គាត់​នឹង​ទារ​លុយ​កក់​ទុកជា​មុន ។

បើ​តាម​លោក​ឆាយ បូ​រ៉ា បញ្ហា​ផលិតកម្ម​ជំពាក់​លុយ​តួ​នេះ​គឺ​មិន​មាន​ច្រើន​ឡើយ ហើយ​បើ​មាន​គួរតែ​បញ្ចប់ ព្រោះ​តួ​រំពឹង​លើ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​សម្តែង​នេះ ហើយ​បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ជះ​ឥទ្ធិ​ពល​ដល់​បណ្តា​ផលិតកម្ម​ដទៃ​ទៀត​ដែល​គេ​ធ្វើការ​ទៀងទាត់ និង​ម៉ត់ចត់​ពី​រឿង​លុយកាក់​នេះ ។​

ក្នុង​នាម​ជា​ចាងហ្វាង​ផលិតកម្ម​មួយ​រូប លោក​ឆាយ បូ​រ៉ា បាន​ស្នើ​ឲ្យ​ភាគី​ទាំង​សងខាង​ធ្វើ​យ៉ាងណា​ប្រកាន់​ភាព​យុត្តិធម៌​រៀងខ្លួន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ណាមួយ ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​ឈាន​ឡើង​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ