ទីក្រុងដាវ៉ូស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានបន្ទាបការព្យាករលើការលូតលាស់សេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០១៩ និង២០២០ ព្រោះតែការអន់ថយផ្នែកសេដ្ឋកិច្ចនៅអឺរ៉ុប និងទីផ្សារកំពុងលូតលាស់មួយចំនួន ព្រមទាំងបាននិយាយថា ការបរាជ័យលើដំណោះស្រាយជម្លោះពាណិជ្ជកម្មកាន់តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងឡើង ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានReuters កាលពីថ្ងៃទី២១ មករា កន្លងមក ។
ជាមួយគ្នានេះផងដែរ IMF ក៏បានលើកឡើងថា ការអន់ថយនៃសេដ្ឋកិច្ចចិន និងការមិនអាចសម្រេចបានកិច្ចព្រមព្រៀងពេលដែលប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក៏អាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុដែរ ។ មូលនិធិនេះព្យាករណ៍មកថា សេដ្ឋកិច្ចពិភពលោកនឹងលូតលាស់បាន៣,៥% នៅឆ្នាំ២០១៩ និង៣,៦%នៅឆ្នាំ ២០២០ ។
អ្នកស្រី Christine Lagarde ប្រធានគ្រប់គ្រងរបស់IMFបាននិយាយថា ៖« បន្ទាប់ពីការលូតលាស់យ៉ាងរឹងមាំអស់២ឆ្នាំ សេដ្ឋកិច្ចពិភពលោកកំពុងតែលូតលាស់កាន់តែយឺតជាងមុន ហើយហានិភ័យក៏កំពុងតែកើនឡើងដែរ »។
អ្នកស្រីបានបន្តថា ៖« តើវាមានន័យថាវិបត្តិសេដ្ឋកិច្ចពិភពលោកនឹងកើតមានឡើងក្នុងពេលឆាប់ៗមែនទ0x017d7 មិនមែនទេ ប៉ុន្តែហានិភ័យនៃការធ្លាក់ចុះបន្ថែមពិតជាបានកើនឡើងពិត មែន »។
ការបន្ទាបការព្យាករនេះបង្ហាញពីមុខសញ្ញានៃការអន់ថយនៅអឺរ៉ុប ដែលមានប្រទេសអាល្លឺម៉ង់ដែលនាំចេញបានទាបជាងមុន ព្រោះតែស្តង់ដាបញ្ចេញជាតិពុលថ្មីសម្រាប់រថយន្ត និងមានអុីតាលីដែលស្ថិតក្រោមសម្ពាធ ព្រោះតែមានការខ្វែងគំនិតជាមួយនឹងសហភាពអឺរ៉ុបជាដើម ។ លើសពីនេះទៅទៀត IMFបានបន្ទាបការព្យាករសម្រាប់ការលូតលាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ពី៤,៧% មកស្មើ៤,៥%ផងដែរសម្រាប់ឆ្នាំ២០១៩នេះ ។
IMF បាននិយាយថា ៖« ទីផ្សារកំពុងលូតលាស់ និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបានសាកល្បងដោយស្ថានការណ៍នៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈដែលមានភាពតានតឹងពាណិជ្ជកម្ម កំណើនអត្រាការប្រាក់នៅសហរដ្ឋអាមេរិក កំណើនតម្លៃប្រាក់ដុល្លារ លំហូរមូលធនចេញក្រៅប្រទេស និងការឡើងចុះនៃតម្លៃប្រេង »៕
ចែករំលែកព័តមាននេះ