ពិព័រណ៍បច្ចេកវិទ្យារថយន្ត CES ជាធម្មតាតែងតែបង្ហាញស្នាដៃ និងគំនិតប្លែកៗរបស់អ្នកផលិតជាច្រើនដែលអាចថា ជាគំនិតមិនទាន់អាចមកប្រើប្រាស់បាននៅពេលបច្ចុប្បន្ន តែនៅក្នុងឆ្នាំ២០១៩ នេះក្រុមហ៊ុន Hyundai បានបង្ហាញពីរថយន្តរបស់ខ្លួនហៅថា «Elevate» ដែលមានសមត្ថភាពពិសេសខុសប្លែកពីធម្មតា ។ វាមានបំពាក់មកជាមួយនឹងជើងអាចបត់បែនបាន ដែលអាចឱ្យវាដើរប្រើជើងបួនខុសពីរថយន្តដទៃ ។
វាមានលក្ខណៈដូចជាការផ្សំគ្នារវាងរថយន្តជាមួយនឹងមនុស្សយន្តអ៊ីចឹង ដែលមនុស្សមិនដែលធ្លាប់ឃើញសោះពីមុនមក ។ Hyundai ថាការឌីហ្សាញរបស់វាគឺសម្រាប់ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ ដែលត្រូវបើកកាត់កាំជណ្តើរ ព្រៃឈើ និងឧបសគ្គផ្សេងៗទៀត ។ Elevate មានជើងបួនអាចបត់បានដែលឱ្យតួរថយន្តទាំងមូលអាចដើរដូចសត្វជើងបួន ឬវារលប់ៗដូចទៅនឹងសត្វល្មូន ។
នៅពេលបើកលើផ្លូវធម្មតារថយន្ត Elevate អាចបត់ជើងទាំងបួនរបស់វាបានដែលធ្វើឱ្យវាអាចបើកបានលឿនដូចរថយន្តទូទៅ ។ ពេលទៅដល់កន្លែងដែលមានឧបសគ្គ ជើងទាំងបួនរបស់វានឹងលូតចេញឡើង ហើយអាចឡើងជញ្ជាំងដែលមានកម្ពស់ដល់១៥ហ្វីត ខណៈដែលមានអ្នកដំណើរនៅក្នុងរថយន្ត ។ បើទោះបីជាពេលកំពុងដើរ រថយន្តទាំងមូលនៅតែអាចរក្សាលំនឹងបានល្អ ដែលមិនឱ្យអ្នកដំណើរពិបាកដែរ ដោយសារតែវាមានបច្ចេកវិទ្យាគ្រប់គ្រងពិសេសក្នុងការរក្សាលំនឹង ។
អ្វីដែលគួរឱ្យស្តាយ គឺនៅពេលនេះគេមិនទាន់មានរថយន្តនោះជាផ្លូវការនៅឡើយ ដោយសារតែវានៅរថយន្ត Concept ដែលមិនទាន់អាចយកទៅប្រើប្រាស់បាន ។ ទោះបីជាដូច្នេះក្តី គំនិតដែលគិតចេញរបស់ក្រុមហ៊ុន Hyundai នឹងអាចក្លាយទៅជាការពិតនៅថ្ងៃខាងមុខ ហើយនឹងអាចជួយសម្រួលដល់ជីវិតមនុស្សជាច្រើន ៕
ចែករំលែកព័តមាននេះ