ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ស្គរ​បុរាណ​នារី មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បាន​បង្ហាញ​ការ​សម្តែង​ជា​លើក​ដំបូង​នៅ​លើ​ឆាក​ថ្មី​នា​ខេត្តសៀមរាប​មក ក្រុម​របាំ​ស្គរ​នារី​ដែល​មានឈ្មោះ​ថា «​មេធា​» បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍ និង​កោត​ស​សើរ​ពី​ទេព​កោសល្យ​របស់​ពួក​នាង​។ ជា​ចំណែក​មួយ​នៃ​កម្មវិធី​«​ផ្លែផ្កា​»​ក្រុម​មេធា ដែល​ជា​ក្រុម​សម្តែង​សុទ្ធតែ​នារី​បាន​នាំ​យក​ការ​សម្តែង​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា​«​ឆ្លើយឆ្លង​/The Call» មក​ដល់​ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បាន​បង្ហាញ​ការ​សម្តែង​ជា​លើក​ដំបូង​នៅ​លើ​ឆាក​ថ្មី​នា​ខេត្តសៀមរាប​មក ក្រុម​របាំ​ស្គរ​នារី​ដែល​មានឈ្មោះ​ថា «​មេធា​» បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍ និង​កោត​ស​សើរ​ពី​ទេព​កោសល្យ​របស់​ពួក​នាង​។ ជា​ចំណែក​មួយ​នៃ​កម្មវិធី​«​ផ្លែផ្កា​»​ក្រុម​មេធា ដែល​ជា​ក្រុម​សម្តែង​សុទ្ធតែ​នារី​បាន​នាំ​យក​ការ​សម្តែង​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា​«​ឆ្លើយឆ្លង​/The Call» មក​ដល់​ខេត្តសៀមរាប ជាមួយនឹង​ភាព​រំភើប​ដោយសារ​ទេព​កោសល្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដោយ​រួម​បញ្ចូល​នូវ​ការ​រាំ​របាំ ច្រៀង និង​ប្រើ​ឧបករណ៍​ភ្លេង ការ​សម្តែង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​ពុធ សុក្រ និង​អាទិត្យ ចាប់ពី​ម៉ោង​៨​យប់ នៅ​ឆាក​បាំ​ប៊ូ​ស្តេ​ក ខេត្តសៀមរាប ។

បើ​តាម​ការ​លើក​ឡើង​ពី​អ្នកសម្របសម្រួល​នៃ​ការ​សម្តែង​នេះ​ឲ្យ​ដឹង​ថា «​ការ​សម្តែង​របស់​ក្រុម​មេធា​នៅ​ខេត្តសៀមរាប​បាន​ទទួល​ការ​កត់សម្គាល់ សំខាន់​ៗ​មួយ​ចំនួន ។ ពួក​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​សិល្ប​ការិនី​យើង ហើយ​វា​ពិត​ណាស់​ដែល​យើង​មាន​មូលហេតុ​គ្រប់គ្រាន់​ដែល​ទទួល​បានការ​សរសើរ »​។

ទស្សនិកជន​ដែល​បាន​ចូល​ទស្សនា​បាន​លើក​ឡើង​ថា​«​ការ​សម្តែង​ពី​ដើម​ដល់​ចប់​ពិតជា​អស្ចារ្យ​ណាស់ ពេល​កំពុង​ទស្សនា​វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​លេង​ស្គរធំ​នោះ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។ មេធា ជា​ក្រុម​ស្ត្រី​ដែល​មាន​ទេព​កោសល្យ​មិន​គួរ​ឲ្យ​ជឿ ខាង​ផ្នែក​តន្ត្រី ការ​ព្យាយាម​របស់​ពួក​គេ​បាន​ផ្តល់​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់ ។ ការ​សម្តែង​ដ៏​មាន​អត្ថន័យ​នេះ​វា​បាន​ជំរុញ​ទឹកចិត្ត​ស្ត្រី​កម្ពុជា​ផ្សេង​ៗ ឲ្យ​ចាប់អារម្មណ៍​លើ​តន្ត្រី និង​សិល្បៈ ខ្ញុំ​ពេញចិត្ត​ណាស់ ។ រីឯ​ខាងក្នុង និង​ខាងក្រៅ​ឆាក​បាំ​ប៊ូ​ស្តេ​ក រចនា​កាន់តែ​មាន​ភាព​ទាក់ទាញ​។ វា​ជា​ទស្សនី​យ​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​នៅ​ខេត្តសៀមរាប ព្រោះ​វា​ខុស​ពី​ការ​សម្តែង ផ្សេង​ៗ​ដែល​ខ្ញុំ​បាន​ទស្សនា​នៅ​កម្ពុជា »​។

ស្ថិត​ក្រោម​គម្រោង​សិក្ខាសាលា​នៃ​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្រុម​តន្ត្រី​ស្ត្រី​នៅ​ខេត្តសៀមរាប​ចំនួន​៧​នាក់ ត្រូវ​បាន​ផ្តល់​ឱកាស​ចូលរួម​ក្នុង​សិក្ខាសាលា កាល​ខែមករា ឆ្នាំ​២០១៧ ។ ក្រោយមក​ក្រុម​តន្ត្រី​ស្ត្រី​បាន​បង្កើត​ស្នាដៃ​សម្តែង​ថ្មី ក្រោម​ការ​ជួយ​ជ្រោមជ្រែង និង​ណែនាំ​របស់​តន្ត្រីករ​អាជីព​ម្នាក់​ពី​ភ្នំពេញ​លោក​សួន សុ​ភ័ក្ត្រ ។ ស្នាដៃ​ដែល​បាន​បង្កើត​ថ្មី​នេះ​ឈ្មោះ​ថា «​ព្រលឹង​ស្គរជ័យ​»​។

ក្រោយ​ពី​បាន​ចូលរួម​សិក្ខាសាលា​ជា​លើក​ទី​ពីរ ពួក​នាង​បាន​ខិតខំ​សិក្សា និង​បាន​បង្កើត​ក្រុម​ស្ត្រី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា «​មេធា​»​។ ក្រុម​នេះ​ជា​ក្រុម​គំរូ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​បង្ហាញ​អំពី​ភាព​ស្មើគ្នា​របស់​បុរស​និង​ស្ត្រី ក្នុង​វិស័យ​សិល្បៈ​តន្ត្រី​ស្គរ​បុរាណ​កម្ពុជា នៃ​ជំនាន់​ថ្មី​នេះ ។

តន្ត្រី​របស់​ក្រុម​មេធា គឺជា​តន្ត្រី​ដែល​កើត​ចេញពី​ការ​ច្នៃប្រឌិត​ថ្មី​លើ​ទម្រង់​ស្គរ​បុរាណ​កម្ពុជា ហើយ​មានការ​ទាក់ទង​ទៅ​នឹង​ការ​រស់នៅ​បច្ចុប្បន្ន​របស់​កម្ពុជា ។ របាំ​នេះ​បាន​ពាំនាំ​មក​ដោយ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​(​វត្ត​រាជ​បូព៌​) នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ