ការបែកញើសនៅពេលយប់ គឺធម្មតា ប្រសិនបើអ្នកកំពុងស្ថិតក្រោមបរិយាកាស ឬអាកាសធាតុក្ដៅ, ស្លៀកពាក់សម្លៀកបំពាក់ក្រាស់ៗ ឬច្រើនជាន់ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅក្នុងបន្ទប់ដែលមិនក្ដៅ ប៉ុន្តែអ្នកបែរជាបែកញើសជោគសម្លៀកបំពាក់ពេលក្រោក នោះវាអាចជាបញ្ហាទាក់ទងនឹងសុខភាពហើយ ! ប្រសិនបើអ្នកកំពុងឆ្ងល់ថាតើហេតុអ្វីបានជាឧស្សាហ៍បែកញើសនៅពេលយប់ ខាងក្រោម៖
១. សីតុណ្ហភាពរាងកាយឡើងខ្ពស់ ៖ នេះគឺជាមូលហេតុទូទៅបំផុតមួយដែលបណ្ដាលឱ្យបែកញើស ដោយសារបរិយាកាសនៃដំណេក ។ បន្ទប់គេងដែលមានសីតុណ្ហភាពខ្ពស់អាចធ្វើឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់តាមនោះដែរ ។ ហើយបញ្ហាដូចគ្នានេះកើតឡើងផងដែរ ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់ ក្រាស់ៗ ឬច្រើនជាន់នៅពេលយប់ ឬដណ្ដប់ភួយជិតរាងកាយ ។
២.សីតុណ្ហភាពរាងកាយធ្លាក់ចុះនៅម៉ោង ៤ព្រឹក ៖ មនុស្សមួយចំនួនជួបប្រទះអាការធ្លាក់ចុះនូវសីតុណ្ហភាពរាងកាយ ជាធម្មតានៅម៉ោង៤ ព្រឹក ដែលបណ្ដាលឱ្យរាងកាយបែកញើសច្រើនខណៈពេលនេះ ។
៣.បញ្ហាទាក់ទងនឹងការគេង ៖ ប្រសិនបើអ្នកបែកញើសច្រើននៅពេលយប់ នោះក៏អាចមានន័យថាអ្នកកំពុងមានបញ្ហាពាក់ព័ន្ធនឹងការគេងហើយ ។ ក្នុងចំណោមបញ្ហាចម្បងៗទាក់ទងនឹងការគេងដែលបណ្ដាលឱ្យបែកញើសនៅពេលយប់មានដូចជា ៖
ជំងឺគេងមិនដកដង្ហើម ៖ បញ្ហានេះ គឺនៅពេលអ្នកពិបាកដកដង្ហើមនៅពេលគេង។ ជាលទ្ធផលអ្នកក៏ព្យាយាមប្រើកម្លាំង ឬខំប្រឹងដកដង្ហើមដែលធ្វើឱ្យបែកញើស ។ ជាធម្មតានៅពេលស្រមុក ឬគេងមិនដកដង្ហើម គឺវាបណ្ដាលឱ្យមានរំញោចដាស់ដល់អ៊័រម៉ូនស្ត្រេស cortisol ដូច្នេះទើបអ្នកអាចដកដង្ហើមបានធម្មតាវិញ។
ក្ដៅភាយពេញខ្លួន ឬHot Flushes ៖ ចំពោះស្ត្រីអាការនេះ គឺអាចជារោគសញ្ញាមួយនៃការអស់រដូវ ។ ការបែកញើសនៅពេលយប់កើតឡើងដោយសារការបាត់បង់នូវអ៊័រម៉ូនស្ត្រីអេស្ត្រូសែន (estrogen) និងអ័៊រម៉ូន progesterone ចំពោះស្ត្រីវ័យចំណាស់។
ទាក់ទងនឹងជាតិអាល់កុល ៖ មនុស្សមួយចំនួនមិនអាចគេងលក់នៅពេលយប់ដោយឡើយប្រសិនបើមិនទទួលទានគ្រឿងស្រវឹង។ នៅពេលពួកគេទទួលទានមិនថាភេសជ្ជៈមានផ្ទុកជាតិអាល់កុលប្រភេទណាក៏ដោយ គឺពួកគេងាយនឹងបែកញើសជាងធម្មតា ។ នេះក៏ព្រោះតែជាតិអាល់កុល ឬគ្រឿងស្រវឹងជួយសម្រួលដល់សាច់ដុំដែលអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ហើយនឹងបណ្ដាលឱ្យអាការស្រមុកកាន់តែអាក្រក់ឡើង ក៏ដូចជាជំងឺគេងមិនដកដង្ហើម ។
បញ្ហានៃការគេងបណ្ដាលមកពីថប់បារម្ភ ៖ ភាពតានតឹងក្នុងអារម្មណ៍ និងភ័យព្រួយស្លន់ស្លោអាចបណ្ដាលឱ្យអ្នកបែកញើសនៅពេលយប់។ អ្នកដែលយប់សប្តិអាក្រក់បណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍ច្រើនតែបែកញើសច្រើនជាងអ្នកធម្មតា ។
ដើម្បីជាការប្រសើរ មិនថាការបែកញើសនៅពេលយប់បណ្ដាលមកពីមូលហេតុអ្វីក៏ដោយ ក៏អ្នកគួរទៅជួបពិនិត្យសុខភាពជាមួយគ្រូពេទ្យ ប្រសិនបើអ្នកបែកញើសច្រើនខុសធម្មតានៅពេលយប់ ជាពិសេសប្រសិនបើសីតុណ្ហភាពក្នុងបន្ទប់មិនក្ដៅសោះ(ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ