ទីក្រុងហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រាប់ដល់វិនិយោគិនជុំវិញពិភពលោកពីសេដ្ឋកិច្ចដ៏រឹងមាំ គោលនយោបាយដែលល្អសម្រាប់អាជីវកម្ម និងគណបក្សគម្មុយនីស្តដែលដឹកនាំដោយអ្នកគាំទ្រការធ្វើពាណិជ្ជកម្មសេរីរបស់ខ្លួន ។
លោក Phuc បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយនឹង Bloomberg TV មុនពេលធ្វើដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកថា ៖« ពួកយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាស »។
ប្រទេសវៀតណាមកំពុងតែតាំងខ្លួនជាទីតាំងដែលមិនទទួលរងការប៉ះពាក់ពីសង្គ្រាមដាក់ពន្ធរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន តម្លៃពលកម្មទាប និងមានទីតាំងជិតប្រទេសចិនជាដើម ។
យ៉ាងណាក្តី ប្រទេសនេះនៅមិនទាន់បានមើលឃើញក្រុមហ៊ុនច្រើនដែលប្តូរទីតាំងផលិតកម្មពីប្រទេសចិនទេ ហើយសេដ្ឋកិច្ចវៀតណាមនៅមានឧបសគ្គជាច្រើនដែលត្រូវដោះស្រាយដែរដែលរួមមានកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងពលករដែលមានជំនាញខ្ពស់ជាដើមដែលធ្វើឲ្យពិបាកក្នុងការទាក់ទាញវិនិយោគិនក្រៅពីវិស័យសម្លៀកបំពាក់ ។
ស្ថានការណ៍សេដ្ឋកិច្ចពិភពលោកក៏កំពុងតែអន់ថយទៅថែមដែរ ។ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន និងបញ្ហាដទៃទៀតបានប៉ះពាល់ដល់តម្រូវការនាំចេញ និងជាការគំរាមកំហែងដល់សេដ្ឋកិច្ចដូចវៀតណាមដែលពឹងផ្នែកលើការនាំចេញ ។
យ៉ាងណាក្តី លោក Phuc បានសន្យា ថានឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិកដែលរួមមានការនាំចូលយន្តហោះ និងផលិតផលដទៃពីក្រុមហ៊ុនប្រេងជាដើម ។
គេហទំព័រ VnExpress បានឲ្យដឹងកាលពីថ្ងៃអាទិត្យមកថា វៀតណាមអាចនឹងជួបឱនភាពពាណិជ្ជកម្មប្រមាណ៣ប៊ីលានដុល្លារក្នុងឆ្នាំនេះព្រោះតែការកើនឡើងនៃគោលនយោបាយការពារនិយម ៕
ចែករំលែកព័តមាននេះ