ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេល​ចាប់ផ្តើម​រកស៊ី​ដំបូង


មាន​មនុស្ស​មិន​តិច​ទេ​គិត​ថា អ្នក​រកស៊ី​ឆាប់​មាន​ជាង​អ្នកធ្វើការ ។ ពួក​គេ​និយាយ​បែប​នេះ ដោយសារ​ឃើញ​អ្នកមាន​ជា​ច្រើន សុទ្ធតែ​ជា​អ្នករក​ស៊ីធំ​ៗ ។ ប្រសិនបើ​លោក​អ្នក​ចង់​ក្លាយជា​អ្នក​រកស៊ី​ឆាប់​មាន​ឆាប់​បាន​ដែរ​នោះ អ្នក​អាច​អាន​ចំណុច​ទាំង​៥​ខាងក្រោម​នេះ​ដើម្បី​បានជា​ប្រយោជន៍​គំនិត​សម្រាប់​ត្រៀមខ្លួន​រួចរាល់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ។

១. បើ​គ្រាន់តែ​គ្រោង គឺ​គ្មាន​តម្លៃ​ទេ៖ « គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នោះ​ទេ លុះត្រា​ណា​តែ​អ្នក​ធ្វើ​វា »​។ មិនបាច់​ទៅ​មើល​នៅ​ទីណា​ច្រើន​ទេ ! អ្នក​អាច​ប្រហែលជា​ធ្លាប់​លឺ​មិត្តភក្ដិ​របស់​អ្នក​និយាយ​ថា ចង់​រកស៊ី​នេះ ចង់​រកស៊ី​នោះ ចង់​បើកហាង​នេះ ចង់​បើកហាង​នោះ ។ តែ​ចុង​ក្រោយ តើ​ពួក​គេ​ប៉ុន្មាន​នាក់​ដែល​ចាប់ផ្តើម​ចេញ​ជា​លទ្ធផល​។ បើ​គ្រាន់តែ​ដើរ​និយាយ​ប្រាប់​គេឯង ថា​ខ្លួន​ចង់​ធ្វើ​នេះ​ចង់​ធ្វើ​នោះ នរណា​ក៏​គេ​ចេះ​ថា​ដែរ ។ តែបើ​មិន​ធ្វើ​ចេញ​ជា​សកម្មភាព​ទេ ការ​និយាយ​នោះ​គឺ​គ្រាន់តែ​ជា​ការ​ខាត​ពេល ហើយ​អាច​ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​មិនសូវ​ឱ្យ​តម្លៃ​ទៀត​ផង ។

២. គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​ការ​រកស៊ី​របស់​អ្នក ជាង​អ្នក​នោះ​ទេ ៖ ជា​ការ​ពិត​ណាស់ ការ​រកស៊ី​ដែល​អ្នក​ចាប់ផ្តើម គឺជា​គោលដៅ​ដែល​អ្នក​ចង់​សម្រេច ។ អ្នក​អាច​ជំរុញ​ទឹកចិត្ត​បុគ្គលិក ឬ ម្ចាស់​ភាគហ៊ុន​ផ្សេង​ទៀត ឱ្យ​ស្រឡាញ់​ការ​រកស៊ី​មួយ​នេះ​បាន តាម​រយៈ​ទឹក​លុយ​ជះ​ទាំង​គីប​ៗ ឬ វិធី​ផ្សេង​ៗ​ទៀត តែ​ពួក​គេ​មិន​អាច​ស្រឡាញ់​វា​ជាង​សាមីខ្លួន​អ្នក ដែល​ជា​អ្នក​ចាប់ផ្តើម​ដំបូង​នោះ​ទេ ។

៣. លុយ​មិនសូវ​ជា​សំខាន់​នោះ​ទេ ! សាមីខ្លួន​អ្នក​ផ្ទាល់ ទើប​សំខាន់​ជាងគេ ! ៖ មិន​តិច​គ្នា​នោះ​ទេ ដែល​គិត​ថា បើ​គ្មាន​លុយ​គ្រប់គ្រាន់​ទេ គឺ​មិនបាច់​រកស៊ី​ឡើយ ។ តាម​ការ​ពិត បើ​គ្មាន​គំនិត​ក្នុង​ការ​រកស៊ី​ទេ លុយ​​ក៏​គ្មាន​ទៅ​ជា​សំខាន់​អ្វី​ដែរ ។ មិន​ខ្វះ​នោះ​ទេ ដែល​អ្នកមាន​លុយ​ច្រើន​កប់​ពពក តែ​មិនដឹង​យក​លុយ​នោះ​ទៅ​រកស៊ី​អ្វី ។

អ្នក​អាច​ចាប់ផ្តើម​ពី​ការ​ប្រើ​ដើមទុន​តិច ឬ ក៏​អ្នក​អាច​យកគំនិត​រកស៊ី​របស់​អ្នក ទៅ​ប្រាប់​ដល់​អ្នក​ដែល​គេ​មាន​លុយ​។ គេ​អាច​នឹង​ផ្តល់​ដើមទុន​ដល់​អ្នក ប្រសិនបើ​គំនិត​របស់​អ្នក​ល្អ ហើយ​អាច​ផ្តល់​ប្រយោជន៍​ដល់​ពួក​គេ ។

៤. ត្រៀមខ្លួន​នឹង​ត្រូវ​លះបង់ ៖ តើនរ​ណាខ្លះ​ចង់​រកស៊ី ដោយសារ​តែ​មិន​ចង់​ធ្វើការ​ឱ្យ​គេ ? តើនរ​ណាខ្លះ​មិន​ចង់​ធ្វើការ​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ? តែ​អ្នក​ត្រូវ​ចាំ​ថា បើ​អ្នក​ក្លាយជា​ម្ចាស់​អាជីវកម្ម​មួយ អ្នក​នឹង​ត្រូវ​ធ្វើការ​ជាប់​រហូត ទាំង​កាយ ទាំង​គំនិត មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ គឺ​អ្នក​ត្រូវ​គិត​រក​គំនិត​ថ្មី​ៗ ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​ដើរទៅ​មុខ​។ បុគ្គលិក​របស់​អ្នក អាច​នឹង​មក​ជួប​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ញឹកញយ​។ អ្នក​អាច​នឹង​គ្មាន​ពេល​សម្រាប់​គ្រួសារ មិត្តភក្ដិ និង​មនុស្ស​ក្នុង​សង្គម នៅ​ពេល​ចាប់ផ្តើម​ការ​រកស៊ី​ដំបូង។

៥. មាន​អ្នក​ណែនាំ​ល្អ គឺ​ដូច​ជា​ចំណេញ​ពេល​១០​ឆ្នាំ ៖ ប្រសិនបើ​អ្នកមាន​បុគ្គល​ជោគជ័យ​ដែល​ធ្លាប់​ធ្វើ​អាជីវកម្ម​បែប​នេះ​នៅ​ក្បែរ​ខ្លួន​អ្នក អ្នក​អាច​យកគំនិត​របស់​ពួក​គេ​មក​ប្រើប្រាស់ និង​កែ​លម្អ ដើម្បី​ចំណេញ​ពេល​ជា​ច្រើន​។ បទ​ពិសោធន៍​របស់​ពួក​គេ គឺជា​មេរៀន​មួយ​ដែល​អ្នក​ត្រូវ​ដើរ​ជៀស​ពី​ការ​បរាជ័យ ហើយ​ចាប់​យក​តែ​អ្វី​ៗ​ដែរ​ល្អ ។ ចូរ​រាប់អាន​មនុស្ស​ល្អ​ៗ និង​ជៀសវាង​មនុស្ស​ដែល​បង្ហិន​ពេលវេលា​មាន​តម្លៃ​របស់​អ្នក !

តើ​អ្នក​ត្រៀមខ្លួន​រួច​ហើយ​ឬ​នៅ ដើម្បី​ក្លាយជា​ម្ចាស់​អាជីវកម្ម​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក ? តោះ​! សូម​ចាប់ផ្តើម​ធ្វើ​វា​នៅ​ថ្ងៃនេះ!

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ