ខេត្តព្រៃវែង ៖ ទួលពាន់តាឡី គឺជាទួលដ៏ធំមួយដែលមានព្រៃល្បះ និងព្រៃលិចទឹក ដុះពទ្ធ័ជុំវិញ ស្ថិតនៅកណ្តាលដែនអភិរក្សបឹងស្នេហ៌ ដែលមានវិសាលភាព៨៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំធាយ ស្រុកបាភ្នំ នៃខេត្តព្រៃវែង។ បច្ចុប្បន្នទួលពាន់តាឡីនេះ មានសត្វស្លាបកម្ររាប់ពាន់ក្បាល កំពុងរស់នៅលើទួលនេះ និងស្ថិតនៅក្រោមការការពារ អភិរក្សដោយសហគមន៌អភិរក្សបឹងស្នេហ៍ ដែលឧបត្ថម្ភគាំទ្រដោយអង្គការ women។
លោក ប៉ាន់ យន ប្រធានសហគមន៍អភិរក្សបឹងស្នេហ៍បានឲ្យដឹងថា បច្ចុប្បន្ននៅលើទួលពាន់តាឡីនេះ មានសត្វស្លាបរាប់ពាន់ក្បាលកំពុងរស់នៅ ក្នុងនោះមានដូចជា សត្វកុក សំបកត្រពាំង ខ្វែក ក្អែកទឹក ត្មោញ ននៀលខ្ចង ទុង និងក្រសារជាដើម។
លោកបន្តថា ក្រុមអ្នកឃ្លាំមើល ការពារអភិរក្សស្វតស្លាប នៅក្នុងដែនអភិរក្សបឹងស្នេហ៍នេះ មានចំនួនតែបីនាក់ប៉ុណ្ណោះ ធ្វើការដោយស្មគ្រ័ចិត្តគ្មានប្រាក់ខែទេ ហើយបច្ចុប្បន្នកំពុងតែខ្វះខាតឧបករណ៍ជាមធ្យោ
បាយបំរើការងារថែមទៀតផង ជាហេតុធ្វើឲ្យការគ្រប់គ្រង និងការពារមិនសូវមានប្រសិទ្ធភាពល្អប៉ុន្មាននោះទេ ដូច្នេះហើយទើបលោកសុំអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ មន្ត្រីពាក់ពន្ធ័នានា សូមជួយឧបត្ថមដល់សហគមន៍អភិរក្សបឹងស្នេហ៍នេះផង។
លោក សឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបានឲ្យដឹងថា តំបន់អភិរក្សបឹងស្នេហ៍នេះ គឺជាដីសាធារណៈរបស់រដ្ឋ ពីមុនមកមិនសូវមានសត្វរស់នៅទេ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអង្គការ women បានបង្កើតអោយមានសហគមន៌អភិរក្សបឹងស្នេហ៍ និងមានការការពារនិងអភិរក្សយ៉ាងម៉ត់ចត់ ដោយសហគមន៌ ក្រោមការឩបត្ថម្ភរបស់អង្គការ women បានធ្វើអោយទីតាំងនេះក្លាយទៅជាជំរកដ៏កក់ក្តៅ របស់ពពួកសត្វជាពិសេសសត្វស្លាបកម្រ ហើយបាននាំគ្នាមករស់នៅ និងបង្កាត់ពូជបង្កើតកូនចៅកាន់តែច្រើនឡើងៗ រហូតដល់រាប់ពាន់ក្បាលដូចសព្វថ្ងៃនេះ៕
ចែករំលែកព័តមាននេះ