ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​បា​វិត​កាន់តែ​មានសក្ដានុពល​សេដ្ឋ​កិច្ច បន្ទាប់​ពី​រៀបចំ​ប្លង់​គោល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​បា​វិត ខេត្តស្វាយរៀង​បាន​រៀបចំ​ប្លង់​រួច​ហើយ ដោយ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​សម​ស្រប​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ប្រែក្លាយ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ យោង​តាម​ឯកសារ​ផ្លូវការ​ដែល​ទើប​ទទួល​បាន​កាលពី​ចុង​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​ថា ក្រុង​បា​វិត…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​បា​វិត ខេត្តស្វាយរៀង​បាន​រៀបចំ​ប្លង់​រួច​ហើយ ដោយ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​សម​ស្រប​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ប្រែក្លាយ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។

យោង​តាម​ឯកសារ​ផ្លូវការ​ដែល​ទើប​ទទួល​បាន​កាលពី​ចុង​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​ថា ក្រុង​បា​វិត នឹង​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ ដែល​មាន​ទំហំ​រហូត​ដល់​៣០​ម៉ែត្រ មានការ​រៀបចំ​តំបន់​លំនៅ​ឋាន ទីលាន​វាយ​កូន​ហ្គោ​ល តំបន់​រដ្ឋបាល ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស សួនច្បារ​សាធារណៈ តំបន់កសិកម្ម តំបន់​រៀបចំ​អាង​ស្តុក​ទឹក​ស្អាត​ជាដើម ។

បច្ចុប្បន្ន​ក្រុង​បា​វិត​មាន​ទីក្រុង​រណប​ចំនួន​២ កំពុង​សាងសង់​យ៉ាង​សកម្ម គឺ​ទីក្រុង​រណប Empire World City​ដែល​គ្រោង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជាង​១.១៥០​ហិ​កតា (​ដំណាក់កាល​ដំបូង​លើ​ផ្ទៃដី​៥៧​ហិ​កតា ) ទីក្រុង​រណប​ហេង ហេង មាន​ទំហំ​៧​ហិ​កតា និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ ។

រាជរដ្ឋាភិបាល​បាន​ដាក់​ក្រុង​បា​វិត​ជា​តំបន់ឧស្សាហកម្ម ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហ​កម្ម​ឆ្នាំ​២០១៥-២០២៥ ខណៈ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រមាណ​១០​ទីតាំង និង​ផែស្ងួត​ជា​ច្រើន​បាន​និង​កំពុង​ដំណើរការ​យ៉ាង​សកម្ម​នៅ​ទីនោះ ។

លោក Eric Loo អគ្គនាយក​ទីក្រុង​រណប​Empire World CITY បាន​មាន​ប្រសាសន៍​កាលពី​ស​ប្តា​ហ៍​មុន​ថា ទីក្រុង​បា​វិត​ជា​តំបន់​មាន​លក្ខណៈ​ពិសេស​មួយ និង​មាន​ទីតាំង​ដ៏​មាន​ភាព​អំណោយផល ដោយសារ​ទីក្រុង​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​(Central Commercial) រវាង​ទីក្រុង​ហូ​ជី​ម៉ិ​ញ និង​ទីក្រុង​ភ្នំពេញ ។ លោក​បន្ត​ថា ៖« អ្វី​កាន់តែ​ពិសេស​ទីក្រុង​នេះ​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​សូត្រ ឬ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន ដែល​បាន​ឆ្លងកាត់​ពីក្រោយ​ទីក្រុង​រណប​របស់​យើង »​។
លោក​បន្ត​ថា ៖« នៅ​កម្ពុជា​មាន​ច្រកព្រំដែន​ច្រើន តែ​ច្រកព្រំដែន​លំដាប់​អន្តរជាតិ​មាន​ពីរ​គឺ​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​ច្រក​ត​ភ្ជាប់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន »​។

លោក​សោម កែវ​ម៉ា​លី​ដា អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​វា​ជាទី​ក្រុង​បែប​Mega City វា​នឹង​ទាក់ទាញ​ប្រជាជន​កាន់តែ​ច្រើន​ចូល​ទៅ​រស់នៅ​ទីក្រុង​នេះ តាម​រយៈ​Online Gaming, កាស៊ីណូ សណ្ឋាគារ អា​ផាត​ម៉ិ​ន កន្លែង​កម្សាន្ដ​Water park ជាដើម ។ លោក​បន្ត​ថា ៖« នៅ​ពេល​គម្រោង​នេះ​បញ្ចប់​ការ​សាងសង់ វា​នឹង​ហុច​សក្តានុពល​ខ្លាំង​ដល់​តំបន់​នេះ ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​អាច​វិនិយោគ​បាន និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត »​។

លោក​បន្ត​ថា ៖« អ្វី​កាន់តែ​ពិសេស​នៅ​ពេល​គំរោង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ត្រូវ​បាន​ត​ភ្ជាប់​ជា​ផ្លូវការ នឹង​ជួយ​សម្រួលការ​ដឹក​ជញ្ជូន និង​លើកកម្ពស់​សកម្មភាព​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន​កាន់តែ​ប្រសើរ​ថែម​ទៀត ដោយសារ​វា​ស្ថិត​នៅ​ជាប់​នឹង​ច្រកព្រំដែន​អន្តរជាតិ​ដ៏​ធំ​មួយ »​។

មន្ត្រី​អាជ្ញាធរ​ក្រុង​បា​វិត បាន​និយាយ​ថា ក្រុង​បា​វិត​សព្វថ្ងៃ​មានការ​អភិវឌ្ឍ​ខ្លាំង ខុស​ពី​មុន​ដូច​មេឃ​និង​ដី ពិសេស​បន្ទាប់​ពី​ជនជាតិ​ចិន​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រីក​ចម្រើន​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់ ។

លោក សេង សិលា អភិបាលក្រុង​បា​វិត បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖« ដី​និង​អចលនទ្រព្យ​មាន​តម្លៃ​ហក់​ឡើង​ខ្ពស់ គឺ​ដោយសារ​មាន​ចិន​មក​ប្រមូល​ទិញ ហើយ​ចិន​ទិញ​តែ​ក្នុង​ទីប្រជុំជន​ក្នុង​សង្កាត់​បា​វិត​ទេ ជា​ពិសេស​ជិត​កាស៊ីណូ​ក្បែរ​ព្រំដែន ដូច​ជា នៅ​បរិ​វេន​កាស៊ីណូ​ម៉ុ​ក​ប៉ាយ តម្លៃ​ចាប់ពី​១​លាន​ដុល្លារ​ទៅ​៣​លាន​ដុល្លារ​ក្នុង​១​ហិ​កតា​, ដី​ជាប់​កាស៊ីណូ ឡឺ​ម៉ា​កាវ តម្លៃ​៤​លាន​ដុល្លារ​ក្នុង​១​ហិ​កតា »​។

លោក​បន្ថែម​ថា ៖« សម្រាប់​ដី​ទំនេរ ឬ​ដីស្រែ ក៏​កើនឡើង​ដែរ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ក្នុង​នោះ បើ​ដី​មិន​ទាន់​ចាក់​បំពេញ ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​១០​ទៅ​២០​ដុល្លារ​, ដី​ក្រវាត់ក្រុង​តាម​ដងផ្លូវ​វាង ផ្លូវ​កុងតឺន័រ តម្លៃ​៣០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​, ដី​ជាប់​ផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ តម្លៃ​៨០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ និង​ដី​ជាប់​ថ្នល់ជាតិ​លេខ​១ ក្នុង​សង្កាត់​បាទី សង្កាត់​ច្រក​ម្ទេស ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​២០​ដុល្លារ ។

បច្ចុប្បន្ន​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​រកស៊ី និង​វិនិយោគ​នៅ​ខេត្តស្វាយរៀង​មាន​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់ ក្នុង​នោះ​មក​ពី​ជប៉ុន​, កូរ៉េ​, វៀតណាម​, ហ្វី​លី​ពី​ន​, ឥណ្ឌូ​ណេ​ស៊ី និង​ចិន ជាដើម ប៉ុន្ដែ​ការ​គ្រប់គ្រង​នៅ​ស្មុគស្មាញ​នៅឡើយ ។ ទោះបី​យ៉ាងនេះ​ក្ដី រដ្ឋបាល​ក្រុង​បា​វិត​កំពុង​មាន​ផែនការ​ជំរឿន​ជនបរទេស​ផង​ដែរ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ