ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មុននេះបន្តិច ព្រះអគ្គីបានឆាបឆេះអស់គ្រឿងក្នុងផ្ទះគ្រួសារមួយ ខណៈបុរសម្ចាស់ផ្ទះរងរបួសដៃតិចតួច ដោយសារតែផ្សែងខ្មួលខ្មាញ់បានរត់ចុះមកក្រោម ហេតុការណ៍នេះបានឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត។
សេចក្តីរាយការណ៍បានបន្តថា ម្ចាស់ផ្ទះខាងលើឈ្មោះ ស៉ិន សុផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បើស្រង់តាមសម្តីរបស់ម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា ដោយសារថ្ងៃនេះ ជាថ្ងៃសីល គាត់បានអុចធូប និងទៀនសែនកុងម៉ា ដឹងអីភ្លើងទៀនក៏ដួល ស្រាប់តែបង្កជាភ្លើងឆាបឆេះអស់គ្រឿងនៅជាន់ក្រោមតែម្តង។ ហើយខណៈពេលភ្លើងកំពុងឆាបឆេះនៅជាន់ក្រោមនោះធ្វើឱ្យមានផ្សែងខ្មួលខ្មាញ់ ចំណែកម្ចាស់ផ្ទះដោយភ័យស្លន់ក៏បានរត់ចុះមកក្រោមធ្វើឱ្យប៉ះជណ្តើរ បណ្តាលឱ្យរងរបួសដៃតិចតួច ។
នៅកន្លែងកើតហេតុ គេឃើញមានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គភ័យរបស់សមត្ថកិច្ចផង និងរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូផង បាននាំគ្នាជួយបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ។ ហើយម្ចាស់ផ្ទះប្រាប់ថាមិនទាន់ដឹងពីទំហំនៃខូចខាតនៅឡើយទេ ប៉ុន្តែប្រាប់ថា សម្ភារៈនៅជាន់ក្រោមឆេះអស់ទាំងស្រុង៕
ចែករំលែកព័តមាននេះ