ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរក្រសួង​សម្រេច​ការងារ​8​ចំណុច​លើ​ការ​រុករក​ប្រេង​នៅ​ប្លុក​A

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​អន្តរក្រសួង​បាន​សម្រេច​លើ​ការងារ​៨​ចំណុច​ពាក់ព័ន្ធ​នឹង​ការ​រុករក​ប្រេង​នៅ​តំបន់​ប្លុក​A​របស់​ក្រុមហ៊ុន​KRISENERGY ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​3D Seismic ដែល​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ក្នុង​ការ​រុករក ។ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៥ មក​រា កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​អន្តរក្រសួង​បាន​សម្រេច​លើ​ការងារ​៨​ចំណុច​ពាក់ព័ន្ធ​នឹង​ការ​រុករក​ប្រេង​នៅ​តំបន់​ប្លុក​A​របស់​ក្រុមហ៊ុន​KRISENERGY ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​3D Seismic ដែល​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ក្នុង​ការ​រុករក ។

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៥ មក​រា កន្លង​មក លោក ស្រ៊ុ​ន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​(IESIA)​លើ​គម្រោង​ស្វែង​រុករក​ប្រេង និង​ឧស្ម័ន ដោយ​ប្រើ​វិធី​3D Seismic លើ​ផ្ទៃ​ទំហំ​១.២០០​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ប្លុក​A​ក្នុង​ដែនសមុទ្រ​កម្ពុជា​របស់​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី (​អប្សរា​) អិ​ល​ធី​ឌី ព្រមទាំង​សិក្សា និង​រៀបចំ​របាយការណ៍ (IESIA) ដោយ​ក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD. និង​ក្រុមហ៊ុន ទីប្រឹក្សា ERM-Siam Co., Ltd. ។
លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការងារ​សំខាន់​ៗ​ចំនួន​៨​ចំណុចរួម​មាន ៖
១-​អង្គប្រជុំ​គាំទ្រ​ទៅ​លើ​គម្រោង​ស្វែង​រុករក​ប្រេង និង​ឧស្ម័ន​។ ២-​ត្រូវ​បន្ថែម​ព័ត៌មាន​/​ទិន្នន័យ​ផ្លូវការ​ស្តី​ពី​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ ។

៣-​ត្រូវ​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នកនេសាទ ដែល​មាន​ទូក​ធំ​ៗ​ជៀសវាង​ការ​បុក​ប៉ះទង្គិច ជាមួយ​កប៉ាល់​សិក្សា ។ ៤-​ត្រូវ​សហការ​ជាមួយ​គណៈកម្មការ​សន្តិសុខ លំហ​សមុទ្រ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ ។ ៥-​ត្រូវ​បញ្ជាក់​ពី​ឧបករណ៍ និង​កម្រិត​រលក​សំឡេង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដេញ​ពពួក​ថនិកសត្វ​សមុទ្រ ជៀសវាង​ការ​ប៉ះពាល់​នៅ​ពេល​សិក្សា​តាម​រលក​សំឡេង ។ ៦-​ត្រូវ​គ្រប់គ្រង​សំណល​រឹង និង​សំណល់​រាវ ដោយ​អនុលោម​ទៅ​តាម​ច្បាប់ MARPOL 73/78 ។

៧-​ត្រូវ​បកប្រែ​ឯកសារ​ឧ​ប​សម្ព័ន្ធ​នៃ​របាយការណ៍ IESIA នេះ​ជា​ខេមរៈភាសា ។ ៨-​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ទីប្រឹក្សា ដើម្បី​ធ្វើការ​កែសម្រួល​នូវ​ចំណុច​ខ្វះខាត ដែល​មាននៅ​ក្នុង​របាយការណ៍ IESIA ទៅ​តាម​ការ​ផ្តល់​យោបល់​របស់​អង្គប្រជុំ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ដាក់​ជូន​ក្រសួងបរិស្ថាន​ពិនិត្យ និង​សម្រេច ។ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១៨ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​លើ​កិច្ចការ​ទាំងអស់​នេះ ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​នឹង​អាច​ទាញ​យក​ដំណក់​ប្រេង​លើក​ដំបូង​នៅ​អំឡុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​នេះ ដោយសារ​ក្រសួង​បាន​តាមដាន​ការងារ​ជាប់​ជា​ប្រចាំ ជាមួយ​ក្រុមហ៊ុន​KRISENERGY ដែល​ទទួល​បាន​សិទ្ធិ​រុករក និង​ធ្វើ​អាជីវកម្ម​ទាញ​យក​ប្រេង​ពី​តំបន់​ប្លុក​A​របស់​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« យើង​រំពឹង​ថា​ប្រេង​នឹង​ទាញ​យក​បាន​នៅ​ចុងឆ្នាំ​នេះ ឬ​យ៉ាង​យូរ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ »​។ តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន KRISENERGY កាលពី​ចុងឆ្នាំ​មុន កម្ពុជា​អាច​ទាញ​យក​ដំណក់​ប្រេង​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ