ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្ត​ចាប់ផ្តើម​ជំនួស​បុគ្គលិក​តាម​ហាង​បណ្តើរ​ៗ​ហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ថា​មនុស្ស​យន្ត​មួយ​ដែល​មានឈ្មោះ​ថា Marty បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ហាង​ទំនិញ​ប្រមាណ​៥០០​កន្លែង​នៅ​សហរដ្ឋអាមេរិក ។…

សហរដ្ឋអាមេរិក ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ថា​មនុស្ស​យន្ត​មួយ​ដែល​មានឈ្មោះ​ថា Marty បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ហាង​ទំនិញ​ប្រមាណ​៥០០​កន្លែង​នៅ​សហរដ្ឋអាមេរិក ។

លោក Tim Rowland ដែល​ជានា​យក​ប្រតិបត្តិ​របស់ Badger Technologies បាន​និយាយ​ថា មនុស្ស​យន្ត​ដែល​មាន​ភ្នែក​ជា​កាមេរ៉ា​នេះ​នឹង​ឈប់​ពេល​ដែល​ប្រទះ​ឃើញ​ការ​កំពប់​ផលិតផល​ណាមួយ​លើ​ឥដ្ឋ ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ដឹង​ច្បាស់ មនុស្ស​ដែល​ធ្វើការ​នៅ​កន្លែង​បញ្ជា​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​នឹង​ត្រួតពិនិត្យ​រូបភាព​ជា​មុន​សិន ។

លោក​បាន​បន្ថែម​ថា មាន​មនុស្ស​យន្ត​ចំនួន​២៥​កំពុងធ្វើការ​ក្នុង​ហាង​ទំនិញ Giant, Martin’s និង Stop & Shop ខណៈ​ដែល​មាន​៣០​ទៀត​នឹង​មក​ដល់​ជា​រៀង​រាល់​ស​ប្តា​ហ៍ ។ មនុស្ស​យន្ត​ទាំងនេះ​ប្រើ Sensor បែប Lidar ក្នុង​ការ​ស្កេ​ន​បរិយាកាស​ជុំវិញ​ហើយ​វា​នឹង​ឈប់​ពេល​ដែល​អតិថិជន​ដើរ​កាត់​ពួក​គេ ។

ភ្នែក​ធំ​ៗ​របស់​ពួក​វា​ជា​ភ្នែក​ក្លែងក្លាយ​ទេ ប៉ុន្តែ​មនុស្ស​យន្ត​ទាំងនេះ​មាន​កាមេរ៉ា​ទាំងអស់​៨​ដោយ​មាន​កាមេរ៉ា​ខ្លះ​បែរ​ទៅ​ឥដ្ឋ និង​ខ្លះ​ទៀត​បែរ​ទៅ​ធ្នើ​ដាក់​ទំនិញ ។ លោក Rowland បាន​បន្ត​ថា មនុស្ស​យន្ត​របស់​លោក​អាច​នឹង​ត្រូវ​បាន​កែ​ច្នៃ​ឲ្យ​ជួយ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ស្តុក​របស់​ហាង​ថែម​ទៀត​ផង ។

មនុស្ស​យន្ត​ខាងលើ​នឹង​ផ្តល់​ដំណឹង​ដល់​អ្នកធ្វើការ​ក្នុង​ហាង​ទំនិញ​ដទៃ​ប្រសិនបើ​ផ្លា​ក​តម្លៃ​បាន​ជ្រុះ ឬ​មានការ​កំពប់​ផលិតផល​ណាមួយ ។ ពួក​គេ​នឹង​រង​ចាំ​នៅ​កន្លែង​ដែល​មានការ​កំពប់​រហូត​ដល់​មាន​បុគ្គលិក​ចុច​ប៊ូ​តុង​មួយ​បង្ហាញ​ថា​ពួក​គេ​បានដឹង​និង​បាន​សម្អាត ។

Marty មិនមែន​ជា​មនុស្ស​យន្ត​តែ​មួយ​ដែល​ក្លាយជា​ជំនួយការ​អតិថិជន​នៅ​អា​មេ​រិ​ក​ក្នុងឆ្នាំនេះ​ទេ​។ ក្រុមហ៊ុន Walmart Inc និង Schnucks ក៏​បាន​ប្រើ​មនុស្ស​យន្ត​ដើម្បី​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ស្តុក​ដែរ​ ។

សហជីព​មួយ​ដែល​តំណាង​បុគ្គលិក​ហាង​ទំនិញ Giant និង Stop & Shop បាន​និយាយ​ថា​ពួក​គេ​កំពុង​តែ​តាមដាន Marty ។

លោក Marc Perrone ដែល​ជា​ប្រធាន​សហជីព​នេះ​បាន​និយាយ​ថា «​ការ​លូតលាស់​យ៉ាង​លឿន​នៃ​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ក្នុង​ហាង​ទំនិញ​គឺជា​ការ​គម្រាមកំហែង​សម្រាប់​បុគ្គលិក​ជនជាតិ​អា​មេ​រិ​ករាប់​លាន​នាក់​ដែល​ជំរុញ​ដល់​វិស័យ និង​អតិថិជន​ដែល​ពួក​គេ​បម្រើ​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ