រាជធានីភ្នំពេញ ៖ ប្រតិកម្មនានាបានផ្ទុះឡើងកក្រើកពេញហ្វេសប៊ុក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជុំវិញការច្នៃរូបប្រាសាទអង្គរវត្ត និងទង់ជាតិកម្ពុជាដាក់ចានបង្គន់ និងប្រដាប់ជូតជើង ។ ការច្នៃបែបជាការប្រមាថនេះ ត្រូវពលរដ្ឋខ្មែរអ្នកលេងហ្វេសប៊ុក ផ្ទុះប្រតិកម្មយ៉ាងខ្លាំង និងសម្តែងការមិនសប្បាយចិត្តចំពោះក្រុមហ៊ុនអាមេរិកAmazone ។
ក្រុមហ៊ុននេះ បានច្នៃរូបប្រាសាទអង្គរវត្ត និងទង់ជាតិកម្ពុជាដាក់ចានបង្គន់ ប្រដាប់ជូតជើង ហើយផ្សព្វផ្សាយលក់តាមវេបសាយដ៏ល្បីរបស់ខ្លួន ។ ក្រុមហ៊ុនរបស់អាមេរិកAmazone បានបង្ហោះនៅក្នុងផេកទីផ្សាររបស់ខ្លួន ដោយយករូបព្រះបាទជ័យវរ្ម័នទី៧ ព្រហ្មមុខបួន និងប្រាសាទខ្មែរ…យកធ្វើជាគម្របបង្គន់ និងកម្រាលជើងដាក់លក់ក្នុងតម្លៃ១៩,៩៩ដុល្លារ ។
រូបប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលបានក្លាយជាបេតិកភណ្ឌពិភពលោក ត្រូវក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិក ឌីសាញដាក់លើគម្របបង្គន់ និងកម្រាលជើង ដាក់តាំងលក់នៅលើអនឡាញ តាមរយៈក្រុមហ៊ុន Amazon ដ៏ល្បី ។
បញ្ហានេះ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបានសម្តែងការមិនពេញចិត្ត ចំពោះក្រុមហ៊ុនអាមេរិកមួយនេះ ដែលប្រមាថដល់បុព្វបុរសខ្មែរ ជារឿងមិនអាចទទួលយកបានឡើយ ។ ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកការយករូបប្រាង្គប្រាសាទអង្គរវត្តធ្វើជាគម្របបង្គន់ និងកម្រាលជើងដាក់លក់តាមទីផ្សារអនឡាញ នៅក្នុងតម្លៃដ៏ថោកបំផុត អាចជាចេតនាបន្ទាបបន្ថោកដល់តម្លៃនៃវប្បធម៌ល្អឯកគ្មាន២របស់ប្រទេសកម្ពុជា ។
ជាការកត់សម្គាល់ លោកឧកញ៉ាឌួង ឆាយ ដែលជាបុគ្គលល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជាក៏បានសម្តែងការមិនពេញចិត្តជាខ្លាំងផងដែរ ខណៈពេលដែលក្រុមហ៊ុនAmazon ប្រមាថមើលងាយប្រាសាទអង្គរវត្តរបស់ខ្មែរ ។ លោកឧកញ៉ាឌួង ឆាយ បានចេញមុខរិះគន់ ថា៖ «តើនេះជាការប្រមាថមកលើបុព្វបុរសដូនតាខ្មែរ និងជាតិសាសន៍ខ្មែរទាំងអស់ទេ ? តើនេះជាការលួចចម្លងកម្មសិទ្ធិបញ្ញាទេ ? ខ្ញុំបាទឌួង ឆាយ សូមថ្កោលទោស និងសំណូមពរឱ្យក្រុមហ៊ុន Amazon ដកចេញនូវផលិតផល ដែលកំពុងលក់ និងប្រមូលមកវិញនូវទំនិញទាំងឡាយដែលបានលក់ហើយ ដោយមានរូបប្រាង្គប្រាសាទនានារបស់ខ្មែរត្រឡប់មកវិញ ព្រោះទង្វើនេះជាការប្រមាថមួយដ៏ធំ មិនអាចទទួលយកបានទេ» ។
ទាក់ទងទៅនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកថៃ នរៈសត្យា បានប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិកនៅថ្ងៃទី១៧ ខែមករា ថា ក្រសួងកំពុងតែចាត់ឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យរួចហើយ ។ ប្រសិនបើការពិនិត្យឃើញថា ករណីនេះជាក់ច្បាស ់យើងនឹងមិនឲ្យគេធ្វើរបៀបនេះឡើយ ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវភឿង សកុណា បានថ្លែងថា ក្រសួងវប្បធម៌កំពុងដោះស្រាយបញ្ហាផ្ទុះប្រតិកម្មក្រោយពីក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក លក់ទំនិញតាម Online របស់មហាអំណាចអាមេរិក យករូបប្រាសាទអង្គរវត្ត និងទង់ជាតិកម្ពុជា ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online ។
នៅរសៀលថ្ងៃទី១៧ មករា លោកជំទាវរដ្ឋមន្ត្រីត្រូវបានដកស្រង់សម្តីដោយគេហទំព័រហ្វ្រេសញូវករណីក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើង ដាក់លក់តាម Online ថា ក្រសួងបានផ្ញើលិខិតមួយទៅក្រុមហ៊ុន ដើម្បីសុំឲ្យក្រុមហ៊ុនគិតគូរឡើងវិញ ពីការរចនារូបប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆរិយលើពិភពលោក មកបង្ហាញលើ Online Shopping មួយនេះ ៕
ចែករំលែកព័តមាននេះ