ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូលរួម​ឧ​ប​ត្ថ​ម្ភ​របស់​ក្រុមហ៊ុន​ឯកជន​ដល់​​សាលា​ជនបទ គឺជា​រឿង​សំខាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​សិស្សានុសិស្ស នៅ​សាលា​ជនបទ ក៏​ដូច​ជា​ជំរុញ​នូវ​ការ​អនុវត្ត​វប្បធម៌​ចែករំលែក និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្រុមហ៊ុន មេ​ហ្គា អា​សិត មេ​នេ​ច​មេន…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​សិស្សានុសិស្ស នៅ​សាលា​ជនបទ ក៏​ដូច​ជា​ជំរុញ​នូវ​ការ​អនុវត្ត​វប្បធម៌​ចែករំលែក និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្រុមហ៊ុន មេ​ហ្គា អា​សិត មេ​នេ​ច​មេន (Mega Asset Management Co., Ltd) កាលពី​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ បាន​យក​សម្ភារៈ​សិក្សា​ចែក​ជូន​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​មួយ​នា​តំបន់​ដាច់​ស្រយាល​នៃ​ខេត្តកំពត ។

ជាក់ស្តែង ព្រឹត្តិការណ៍​សប្បុរសធម៌ របស់​ក្រុមហ៊ុន មេ​ហ្គា អា​សិត មេ​នេ​ច​មេន ដែល​មានឈ្មោះ​ថា «MAM Let Kids Chase Dreams ឬ​មាន​អត្ថន័យ​ថា សូម​ឲ្យ​កុមារ​ដេញ​តាម​សុ​បិ​ន្ត​របស់​ខ្លួន​» បាន​​នាំ​យក​នូវ​អំណោយ​ជា​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង​២៣០ នាក់ នៅ​សាលា​បឋម​សិក្សា​គោ​ចិន​លែង ស្ថិត​នៅ​ភូមិ​គោ​ចិន​លែង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ជា​សាលា​មួយ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ខ្លាំង​និង​ស្ថិត​នៅ​ក្នុង​តំបន់​ជនបទ មាន​ចម្ងាយ​ប្រមាណ​ជាង ១៣ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កំពត ។

នៅ​ថ្ងៃ​ចែក​អំណោយ​សប្បុរសធម៌​ជូន​សិស្សានុសិស្ស​នោះ បុគ្គលិក​ក្រុមហ៊ុន​ប្រមាណ​ជាង ១០០​នាក់ បាន​​ទៅ​ចូលរួម​ក្នុង​កម្មវិធី ដោយ​អ្នកតំណាង​ក្រុមហ៊ុន​បាន​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស ខិតខំ​រៀនសូត្រ​ដើម្បី​ឈាន​ឆ្ពោះទៅ​រកក្តី​សុ​បិ​ន្ត​របស់​ខ្លួន​។ ជាមួយ​គ្នា​នោះ​ផង​ដែរ តំណាង​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា កុមារ​ៗ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ​ជា​ពេល​អនាគត​។

តំណាង​ក្រុមហ៊ុន មេ​ហ្គា អា​សិត មេ​នេ​ច​មេន (Mega Asset Management Co., Ltd) មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​សប្បុរសធម៌​របស់​ក្រុមហ៊ុន មេ​ហ្គា អា​សិត មេ​នេ​ច​មេន ដែល​មានឈ្មោះ​ថា «MAM Let Kids Chase Dreams» រៀបចំ​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ក្នុង​ការងារ​សហ​គម និង​ចូលរួម​ក្នុង​ការ​ទទួលខុសត្រូវ​សង្គម (CSR )​។ ក្នុង​នោះ​ផង​ដែរ ព្រឹត្តិការណ៍​សប្បុរសធម៌​មួយ​នេះ​ធ្វើ​ឡើង ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​ការ​ចែករំលែក និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ក្នុង​សង្គម​លើ​ការងារ​សប្បុរសធម៌​។

សម្រាប់​អំណោយ​សប្បុរសធម៌​ដែល​បាន​ចែក​ជូន​ដល់​សិស្សានុសិស្ស​នា​ពេល​នោះ​គឺ មាន​ដូច​ជា កាបូប​ស្ពាយ​១ សៀវភៅសរសេរ ខ្មៅ​ដៃ ជ័រលុប ប៉ិច បន្ទាត់ ក្តា​ឃៀន សៀវភៅ​រឿងនិទាន ដប​ទឹក​ម្នាក់​១ ធុង​ចំរោះ​ទឹក​ស្អាត​៤​សម្រាប់​សាលា ទូ​ដាក់​ឯកសារ​2​សម្រាប់​សាលា កង់​ចំនួន ១០ សម្រាប់​សិស្ស​ពូកែ​ថ្នាក់​ទី​6 ត្រៀម​ឡើង​ទី​7 ។ ក្នុង​នោះ​ផង​ដែរ ក្រុមហ៊ុន​ក៏​មាន​ចែក​ជូន​នូវ​កាបូប​យួរដៃ​សម្រាប់​អ្នកគ្រូ លោកគ្រូ ៤​រូប និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ បន្ទាប់​ពី​កម្ម​វិធីចែក​អំណោយ ក្រុមហ៊ុន​បាន​រៀបចំ​អាហារ​ថ្ងៃត្រង់​សំរាប់​សិស្សានុសិស្ស និង​អ្នក​ចូល​រូ​ម​កម្មវិធី​ផង​ដែរ បន្ទាប់​ពី​ពិសារ​អាហារ​ហើយ​ក្រុម​កា​ងារ បាន​រៀបចំ​អោយ​សិស្សានុសិស្ស ស្តាប់​នូវ​រឿងនិទាន ការ​ផាត់​ពណ៌ រៀន​ភាសា​អង់គ្លេស ផង​ដែរ​។

បន្ថែម​ពី​សកម្មភាព​ចែក​អំណោយ​ដល់​សិស្សានុសិស្ស និង​គណ​:​កម្ម​ការ​សាលារៀន អ្នកតំណាង​ក្រុម​ហ៊ុនមេ​ហ្គា អា​សិត មេ​នេ​ច​មេន ក៏​បាន​ប្រគេន​បច្ច័យ និង​អាហារ​ជូន​លោកសង្ឃ និង​យាយជី​នៃ​វត្ត​គោ​ចិន​លែង​ក្នុង​គោលបំណង​ជួយ​លើកកំពស់​វិស័យ​ព្រ​ពុទ្ធសាសនា​ដ៏​រុងរឿង​នៃ​យើង ជា​ពិសេស​ការ​ធ្វើ​ទាន​នេះ​គឺ​ដើម្បី​ប្រព្រឹត្តិ​ទៅ​តាម​ដំបូន្មាន​របស់​ព្រះពុទ្ធ ដោយ​បាន​ចែង​ថា ប្រាក់​ដែល​រកបាន​ត្រូវ​បែងចែក​ជា​4 មាន​ដូច​ជា​សម្រាប់​ចិញ្ចឹម​ឪពុក​ម្តាយ សម្រាប់​ចិញ្ចឹម​កូន សម្រាប់​ខ្លួនឯង និង​សម្រាប់​ធ្វើ​ទាន​។ ដូចនេះ​យើង​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​ដំបូន្មាន ក៏​ដូច​ជា ឱវាទ​ដ៏​ប្រសើរ​របស់​របស់​ព្រះសម្មាសម្ពុទ្ធ​។

បន្ទាប់​ពី​បញ្ចប់​កម្មវិធី បុគ្គលិក​តំណាង​ក្រុមហ៊ុនមេ​កា សិក្សា​នុ​សិស្ស លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​បាន​ច្រៀង​បទ​ពង្ស​សា​វត្ថា​ខ្មែរ​រួម​គ្នា និង​ថតរូប​ជា​អនុស្សាវរីយ៍​ជាដើម​។​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ជូន​ប្អូន​ៗ​កុមារ​ថា ពួក​គេ​គឺជា​ធនធាន​ដ៏​សំខាន់ និង​មាន​សក្តានុពល​សម្រាប់​ប្រជាជាតិ​ខ្មែរ ដូច្នេះ​ហើយ​ពួក​ប្អូន​ៗ​ត្រូវ​ខិតខំ​រៀនសូត្រ ព្រោះ​ចំណេះដឹង​ជា​វិជ្ជា​ជាប់​ប្រាណ ហើយ​ក្រុមហ៊ុនមេ​ហ្គា អា​សិត មេ​នេ​ច​មេន ក៏​កំពុង​ត្រូវការ​បុគ្គលិក​បន្ថែម​ទៀត ដូច្នេះ​ប្អូន​ៗ​កុមារ​អាច​ក្លាយជា​បុគ្គលិក​របស់​ក្រុមហ៊ុន​នា​ពេល​អនាគត​ផង​ដែរ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ