តាមប្រភពពីShanghaiist បានឱ្យដឹងថា បុគ្គលិកនៅក្រុមហ៊ុនលក់គ្រឿងសម្អាងមួយក្រុម ត្រូវបានគេឃើញវារដូចសត្វឆ្កែនៅតាមផ្លូវ ក្នុងទីក្រុង Zaozhuang ខេត្ត Shandong កាលពីថ្ងៃចន្ទ កន្លងមក មូលហេតុនោះ គឺដោយសារតែលក់មិនបានគ្រប់គោលដៅដែលក្រុមហ៊ុននោះកំណត់ ។
ក្រុមបុគ្គលិកដែលគេឃើញ វារនោះ មានចំនួន៦នាក់ ។ ដោយម្នាក់ៗត្រូវដើរដោយប្រើដៃ និងជង្គង់ ហើយធ្វើដំណើរតាមដងផ្លូវ ដែលមានមនុស្សម្នាច្រើន និងមានបុគ្គលិកម្នាក់ នាំមុខកាន់ទង់ស្លាកសញ្ញារបស់ក្រុមហ៊ុន ។
ការដង្ហែក្បួនដាក់ទារុណកម្មនេះ ត្រូវបញ្ឈប់ភ្លាមៗ ក្រោយពីប៉ូលិសបានឃើញផ្ទាល់ភ្នែកមក ។ ដំណើរការនៅក្នុងក្រុមហ៊ុនទាំងមូ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ ពេលគេទៅសួរនាយកគ្រប់គ្រង គាត់បានប្រាប់ថា «ការធ្វើបែបនេះ គឺដើម្បីជួយដាស់តឿនឱ្យបុគ្គលិកមានឆន្ទះក្នុងការលក់ឱ្យបានគ្រប់គោលដៅក្នុងរយៈពេលខ្លី។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុននៅចិន បានដាក់ទារុណកម្មខ្លាំងៗដូចបែបនេះ។ កន្លងមក មានក្រុមហ៊ុនមួយចំនួន ដាក់ពិន័យកូនចៅដោយឱ្យស៊ីដង្កូវ ទះគូទ ទះកំភ្លៀង និងផឹកទឹកបង្គន់ជាដើម ។
ចែករំលែកព័តមាននេះ