រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់មីង និងក្មួយ ខណៈពេលជិះម៉ូតូចេញពីកន្លែងលក់ដូរនៅផ្លូវ៦០ម៉ែត្រ ដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្តសាំងយ៉ុងបុកបណ្តាលស្ត្រីជាមីង និងជាអ្នកគ្រូបង្រៀនដួលបោកក្បាលស្លាប់ និងកន្លែងកើតហេតុ ។ ចំណែកនារីត្រូវជាក្មួយ និងជាអ្នកបើកម៉ូតូរងរបួសស្រាល ហើយហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ទុលមុខនឹងក្រុមហ៊ុនម៉ាសាដេស ផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវ៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ស៊ឹម សុម៉ារ៉ា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកអ្នកបើកម៉ូតូត្រូវជាក្មួយមានឈ្មោះ ហ៊ុន សាម៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកគុបមូល ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR -4903 ។ រីឯរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស មិនចាំស្លាកលេខ នៅពេលបង្កគ្រោះថ្នាក់រួច បានបើករថយន្តគេចខ្លួនបាត់ ។
តាមសម្តីស្ត្រីត្រូវជាក្មួយរបស់សពបានអោយដឹងថា មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់បានជិះម៉ូតូម៉ាកគុបមូល ពណ៌ខ្មៅ ចេញពីកន្លែងលក់នៅម្តុំផ្លូវ៦០ម៉ែត្រ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅចាក់អង្រែលើដោយបានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ រូបគាត់បានបត់ឆ្វេងឆ្លងផ្លូវឡើងទៅផ្លូវ៣០ម៉ែត្រ ហើយនៅពេលឆ្លងបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានរថយន្តសាំងយ៉ុងមួយគ្រឿង ពណ៌ស មិនចាំស្លាកលេខបានបើកបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូរបស់គាត់ចំកន្ទុយខាងក្រោយ បណ្តាលអោយមីងរបស់គាត់ដែលអង្គុយខាងក្រោយហោះផ្លោងជិត៥០ម៉ែត្របោកក្បាលស្លាប់ និងកន្លែងតែម្តង ហើយរូបគាត់រងរបួសតិចតួច ។ ភ្លាមៗនោះដែររថយន្តបង្កមិនឈប់ដោះស្រាយនោះទេ គឺបានបើករថយន្តគេចខ្លួនបាត់ស្រមោលទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ ខណ្ឌមានជ័យបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានធ្វើលិខិតប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ នៅផ្ទះជនរងគ្រោះផ្ទាល់ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ