ប្រទេសអង់គ្លេស ៖ សភាអង់គ្លេសកាលពីថ្ងៃទី១៦ មករា បានអនុម័តគម្រោងច្បាប់ដែលអាចដាក់គុកដល់ទៅ២ឆ្នាំ ការលួចថតរូបក្រោមសំពត់ខ្លីរបស់នារីៗ។
គម្រោងច្បាប់នេះក្រោយសភាអនុម័តរង់ចាំតែព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ ឡាយព្រះហត្ថលេខា ដើម្បីចូលជាធរមាន។ នេះជាជោគជ័យនៃយុទ្ធនាការមួយ ដឹកនាំធ្វើដោយនាងGINA MARTIN អាយុ២៧ឆ្នាំ ដែលរូបនាងផ្ទាល់ធ្លាប់រងគ្រោះពីអំពើបែបនេះ ដែលភាសាអង់គ្លេសហៅ UPSKIRTING។ រឿងរបស់នាងកើតមានកាលពីឆ្នាំ២០១៧។ នាឆ្នាំនោះក្នុងឱកាសនៃបុណ្យមួយនៅក្រុងឡុងដ៏ បុរស២នាក់បាននាំគ្នាថតរូបក្រោមសំពត់ខ្លីរបស់នាង បន្ទាប់មកពួកគេយករូបថតដែលថតបានទៅចែកចាយ។
នាងប៉ុនប៉ងប្ដឹងទៅប៉ូលិស ប៉ុន្តែពុំមានការសើុបអង្កេតណាមួយត្រូវបានធ្វើឡើយ ព្រោះពុំមានច្បាប់ចោទប្រកាន់សមស្រប។
ដំបូងដាក់ដោយសមាជិកាសភាមួយរូប លោកស្រីWERA HOBHOUSE គម្រោងច្បាប់នោះធ្លាប់ត្រូវរាំងខ្ទប់ដោយសារការប្រឆាំងជំទាស់ របស់សមាជិកសភាអភិរក្សនិយមមួយរូប លោក CHRISTOPHER CHOPE។ សមាជិកសភារូបនោះរងការរិះគន់ខ្លាំងបំផុត ដោយសារការដាក់តាំងរូបស្រីស្លៀកខ្លីឬខោខ្លីក្នុងការិយាល័យរបស់ខ្លួនក្នុងសភា។ បន្ទាប់ពីនោះមករដ្ឋាភិបាលក៏មានការចាប់អារម្មណ៍ ជាមួយយុទ្ធនាការរបស់នាងGINA MARTIN ទើបជម្រុញទៅរកការអនុម័តគម្រោងច្បាប់នេះ៕
ចែករំលែកព័តមាននេះ