ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) បើក​ដំណើរការ​សាខា​ទី​៣ របស់​ខ្លួន​នៅ​កម្ពុជា ស្រប​ពេល​វិស័យ​ធនាគារ​កំពុង​មាន​សន្ទុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) (BRED Bank (Cambodia)) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បារាំង…

រាជធានី​ភ្នំពេញ ​៖ ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) (BRED Bank (Cambodia)) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បារាំង ​បាន​បើក​ដំណើរការ​សាខា​ទី​៣​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ដែល​សាខា​នេះ បាន​ប្រកាស​ដំណើរ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៧ មក​រា ២០១៩ នៅ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា និង​លោក​ជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ លោក Guillaume Perdon អគ្គនាយក ធនាគារ ប្រេ​ដ ប៊ែង (​ខេ​ម​បូ​ឌា​) ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) ជា​ធនាគារ​បារាំង និង​អឺរ៉ុប​តែ​មួយ​គត់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​បុត្រ​សម្ព័ន្ធ​មួយ​នៃ​គ្រឹះស្ថាន​ធនាគារ​ដ៏​ធំ និង​រឹង​មាំ​។ ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) បន្ត​សម្រេច​បាន​នូវ​កំណើន​ជា​បន្ត​បន្ទាប់ ដោយ​បាន​បើក​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​កាលពី​ខែមីនា ២០១៧ សាខា​ទួល​គោក កាលពី​ខែកញ្ញា ២០១៨ សាខា​សៀមរាប កាលពី​ខែតុលា ២០១៨ និង​សាខា​ថ្មី​នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង​នៅ​ពេល​នេះ​។ រហូត​មក​ដល់​ពេល​នេះ ធនាគារ ប្រេ​ដ ប៊ែ​ង មាន​អតិថិជន​ជិត​២​ពាន់​នាក់ ដែល​បាន​ផ្ដល់​ទំនុកចិត្ត​មក​លើ ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) រួច​មក​ហើយ​។

លោក​បន្ត​ថា នៅ​ឆ្នាំ ២០២០ ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) មាន​ចក្ខុវិស័យ​ពង្រីក​ខ្លួន​អោយ​បាន ២០​សាខា នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ខិតចូល​ទៅ​កាន់តែ​ជិត​ប្រជាជន​រស់នៅ​ជនបទ ដែល​អនុញ្ញាត​អោយ​ពួក​គេ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ប្រេ​ដ ប៊ែ​ង បាន​កាន់តែ​ងាយស្រួល ក្នុង​អំឡុង​ម៉ោង​បើក​បម្រើ​អតិថិជន ដែល​ត្រូវ​បាន​ពន្យារពេល​វែង​។

លោក Olivier Klein អគ្គនាយក​នៃ​ក្រុម​ធនាគារ ប្រេ​ដ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ប្រកបដោយ​ថាមពល ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។ ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​តែ​មាន​សមត្ថភាព​វិ​វត្ត​ទៅ​មុខ​អោយ​បាន​លឿន​ផង​ដែរ​។ នៅ​ក្នុង​ក្រប​ខណ្ឌ​នេះ​ហើយ បានជា​ចាប់តាំងពី​ការ​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​មក យើង​បាន​ដាក់​ចេញ និង​អនុវត្ត​នូវ​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​សម្រាប់​អតិថិជន​គ្រប់​ប្រភេទ​របស់​យើង មិន​ថា​ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម ឬ ក៏​សហគ្រាស​ធំ​ៗ​នោះ​ទេ​។

លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​បង្កើត សាខា​ម៉ៅ​សេ​ទុង​នៃ​ធនាគារ ប្រេ​ដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) នេះ នឹង​ផ្ដល់​លទ្ធភាព ដល់​ធនាគារ ក្នុង​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ ដល់​អតិថិជន​របស់​ខ្លួន អោយ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ព្រមទាំង​ចូល​រួម​ចំណែក​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត ការ​សម្ពោធ​សាខា​ថ្មី​នេះ ជា​សក្ខីភាព​បង្ហាញ​ពី​ឆន្ទៈ​របស់​ភាគ​ទុ​និក​ក្នុង​ការ​ដាក់​ទុន​វិនិយោគ រយៈពេល​វែង​នៅ​កម្ពុជា និង​ឆ្លុះ​បញ្ចាំង​ទំនុកចិត្ត​វិនិយោគិន​បរទេស លើ​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជំរុញ​ការ​រួម​ចំណែក​កាន់​សកម្ម​នៃ​វិស័យ​ធនាគារ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

លោក​ជំទាវ​បន្ត​ថា ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​អាជ្ញាធរ​អាណាព្យាបាល នៅ​តែ​បន្ត​ពង្រឹង​ក្រប​ខណ្ឌ​ច្បាប់​និង​បទបញ្ញត្តិ​នានា​ដែល​មាន​ស្រាប់ និង​បង្កើត​បទ​ប​ញ្ញ​តិ្ត​ថ្មី​ៗ ដែល​ចាំបាច់​អោយ​ស្រប​តាម​ស្តង់ដាអន្តរជាតិ​ព្រមទាំង​ពង្រឹង​ការ​ត្រួតពិនិត្យ និង​កិច្ច​ការពារ​អតិថិជន ដើម្បី​ទទួល​បាន​ជំនឿ​ទុកចិត្ត ពី​សាធារណជន មក​លើ​ប្រព័ន្ធ​ធនាគារ​។

លោក​ជំទាវ​បញ្ជាក់​ថា គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ បាន​កើនឡើង​ដល់ ៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឥណទាន​បាន​កើនឡើង​ដល់ ១៧,៨៣​ពាន់​លាន​ដុល្លារ​​អា​មេ​រិ​ក ដើមទុន​ក៏​បាន​កើនឡើង​ដល់ ៣,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ១៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ