ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្ដាប់​គ្រូ​គុន​ខ្មែរ​2​រូប ​និយាយ​អ្វី​ខ្លះពី​ស្ថានភាព​​កីឡាករ​ប្រដាល់​នា​ពេល​បច្ចុប្បន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់ថា ស្ថានភាព​កីឡាប្រដាល់​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ ជាក់ស្ដែង បណ្ដា​សង្វៀន​ភាគច្រើន​បាន​បង្កើន​ការ​រៀបចំ​កម្មវិធី​ប្រដាល់​ក្នុង​មួ​យស​ប្ដា​ហ៍​យ៉ាងតិច​ក៏ ២​ទៅ​៣​ដង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់ថា ស្ថានភាព​កីឡាប្រដាល់​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ ជាក់ស្ដែង បណ្ដា​សង្វៀន​ភាគច្រើន​បាន​បង្កើន​ការ​រៀបចំ​កម្មវិធី​ប្រដាល់​ក្នុង​មួ​យស​ប្ដា​ហ៍​យ៉ាងតិច​ក៏ ២​ទៅ​៣​ដង​ដែរ ។ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​ស្ថានភាព​កីឡាករ​ដែល​គេ​ចាត់​ទុក​ថា​ល្បី​ឈ្មោះ​នោះ​ផង មានការ​ប្រែប្រួល​ជីវភាព​តែ​មួយ​កម្រិត​ប៉ុណ្ណោះ ដោយនៅ​តែ​មាន​អ្នក​អះអាង​ថា ស្ថាន​ភាព​កីឡាករ និង​ស្ថានភាព​ប្រដាល់​មានការ​រីក​ចម្រើន​ផ្ទុយ​គ្នា​ស្រឡះ​។

កីឡាករ និង​អតីត​កីឡាករ​ភាគច្រើន​នៅ​តែ​បញ្ជាក់​ឱ្យ​ដឹង​ពី​ស្ថានភាព​ខុស​គ្នា​រវាង​កីឡាករ និង​វិស័យ​ប្រដាល់ បើ​ទោះជា​ពួកគេ​ទទួលស្គាល់​ថា វិស័យ​ប្រដាល់​មានការ​រីក​ចម្រើន​ខ្លាំង​នា​ពេល​ចុង​ក្រោយ​ក្ដី ។ កីឡាករ​ដែល​ជ្រក​ក្នុង​អាជីព​ប្រដាល់ សុទ្ធតែ​អះអាង​ថា ស្ថានភាព​របស់​ខ្លួន​បាន​ត្រឹមតែ​មួយ​រស់​ៗ​ល្អ​មើល​ប៉ុណ្ណោះ មិន​អាច​មានបាន​ពី​ការ​ប្រដាល់​បាន​ទេ ដោយ​កីឡាករ​ខ្លះ​បាន​ទាំង​អះអាង​ថា​វិស័យ​ប្រដាល់​រីក​ចម្រើន​ពិតមែន ប៉ុន្តែ​សម្រាប់​ជីវភាព​រស់នៅ​របស់​កីឡាករ គឺ​នៅ​តែ​លំបាក​។

កីឡាករ​ស្ទើរ​ទាំងអស់​បាន​ត្អូញត្អែរ​ថា ពួក​គេ​ពេល​ឡើង​ប្រដាល់​ម្ដង​ៗ មិន​ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​ទេ ដោយ​ក្រោយ​កាត់កង​ឱ្យ​អ្នក​ផ្គូផ្គង ម្ចាស់​ក្លិប និង​អ្នក​ឱ្យ​ទឹក​គឺ​សល់​មិន​លើស​ពី​ជាង​២០​ទៅ​៤០​ម៉ឺន​រៀល​នោះ​ឡើយ ។ ពេល​ខ្លះ​ប្រាក់​កម្រៃ​បាន​ពី​ការ​ប្រកួត​គ្រាន់តែ​យក​មក​មើលខ្លួន និង​ចំណាយ​លើ​ការ​បំប៉ន​សុខភាព​មុន​ពេល​ឡើង​រេញ សឹងតែ​មិន​គ្រប់​ផង កុំ​ថា​ឡើយ​ដល់​អាច​មានបាន ។

កីឡាករ ឡុ​ង សុ​ភី ធ្លាប់​បាន​បញ្ជាក់​ថា លោក​ឡើង​រេញ​អន្តរជាតិ​ក្នុង​មួយ​លើក​ទទួល​បាន​តម្លៃ​ខ្លួន​លើស​ពី​៣០០​ដុល្លារ ប៉ុន្តែ​តួលេខ​ដែល​ទទួល​បាន​នេះ គឺ​សម្រាប់​ទ្រទ្រង់​ដំណើ​ការ​ប្រកួត នៅ​មុន​ពេល និង​ក្រោយ​ពេល​ឡើង​រេញ​ប៉ុណ្ណោះ ដោយសារ​តែ​លោក​គឺជា​កីឡាករ​មួយ​រូប​មិន​អាច​ចេះ​តែ​ឡើង​វាយ​ដោយ​មិន​បំប៉ន​សុខភាព និង​ត្រូវ​ចំណាយពេល​មិន​ធ្វើ​អ្វី​ច្រើន​ថ្ងៃ​ដើម្បី​ឱ្យ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត ។ លោក​និយាយ​ថា​៖«​ការ​ប្រដាល់​រាល់ថ្ងៃ​បាន​តែ​ល្អមើល​ទេ បើ​ឱ្យ​យក​លុយ​ហ្នឹង មក​មានបាន គឺ​អត់​ទៅ​រួច​ទេ ព្រោះ​តម្លៃ​ខ្លួន​៤០០-៥០០​ដុល្លារ​ផាត់​ចុះ​ផាត់​ឡើង​ដូច​តែ​ដូច​ហ្នឹង​»​។

ទោះបី​យ៉ាងណា លោក​បាន​ទទួលស្គាល់​ថា បើ​ធៀប​នឹង​រយៈពេល​មុន​ដែល​មាន​តម្លៃ​ខ្លួន​ត្រឹមតែ​ក្រោម​១០០​ដុល្លារ គឺ​ពិបាក​ជាង​ហ្នឹង​ទៅ​ទៀត ។ លោក​អះអាង​ថា កីឡាករ​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​លុះ​ត្រាតែ​ប្រកួត​ម្ដង​បាន​១​ពាន់​ដុល្លារ ហើយ​មាន​ប្រាក់ខែ​ទ្រទ្រង់​ផង​ទើប​កីឡាករ​ទាំងនោះ​អាច​ទទួល​ប្រកួត​២​ឬ​៣​ដង​ក្នុង​១​ខែ​ដែល​អាច​សន្សំ​កម្លាំង​បាន​ល្អ ។ លោក​ថា ក្នុង​មួយ​រយៈ​ចុង​ក្រោយ លោក​មិនសូវ​ទទួល​​ប្រកួត​ប៉ុន្មាន​ទេ​ដោយសារ​តែ​ហេតុផល​ទី​១​គឺ​ដោយសារ​តែ​លោក​មាន​វ័យ​កាន់តែ​ចាស់ ប្រកួត​ច្រើន​ក៏​មិន​សល់​លុយ និង​ម្យ៉ាង​ដោយសារ​តែ​លោក​ក៏​ចង់​ងាក​ទៅ​ធ្វើការ​ផ្ទាល់ខ្លួន និង​រកស៊ី​ជំនួញ​ដីធ្លី​ជាមួយ​មិត្តភក្តិ​ជំនួស​វិញ​ផង ។ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ជំហរ​ប្រកួត​ព្រោះតែ​ការ​ស្រឡាញ់ ព្រោះតែ​មិន​ចង់​បាត់​មុខ​ពី​ការ​ប្រកួត​ដែល​ខំតស៊ូ​អស់​ច្រើន​ឆ្នាំ​ផង​។

លោក អេ ភូ​ថង ម្ចាស់​ក្លិប​អេ​ភូ​ថង​កីឡា បាន​ថ្លែង​បញ្ជាក់​ថា ស្ថានភាព​កីឡាករ​បើ​ធៀប​នឹង​រយៈពេល​មុន​គឺ​ប្រសើរ​ជាង​មុន ប៉ុន្តែ​បើ​ឱ្យ​ល្អ​ដូច​គ្នា​នឹង​ការ​រីក​ចម្រើន​របស់​វិស័យ​ប្រដាល់​គឺ​មិន​អាច​នោះ​ទេ​ដោយសារ​តែ​កីឡាករ​មួយ​រូប​ៗ ប្រកួត​បាន​លុយ​មិន​ច្រើន​បើ​ធៀប​នឹង​ការ​ប្រកួត​របស់​កីឡាករ​បរទេស ហើយ​សម្រាប់​ការ​ប្រកួត​ក៏​មិន​អាច​ទទួល​ប្រកួត​បាន​ច្រើន​ដង​ដែរ​។ លោក​ថា បញ្ហា​តម្លៃ​ខ្លួន​នៅ​មាន​កម្រិត នៅ​តែ​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ពិបាក​រស់​ដោយ​ពឹងផ្អែក​ទាំងស្រុង​លើ​អាជីព​ប្រដាល់​តែ​មួយ​មុខ ដែល​បង្ខំ​ឱ្យ​កីឡាករ​ទាំងនោះ​យូរ​ៗ ទៅ​ក៏​ឈប់​ប្រដាល់ ឬ​ត្រូវ​ទៅ​ធ្វើការ​នេះ​ផង​ធ្វើការ​នោះ​ផង​ពិបាក​បង្កើន​ថាមពល​ឱ្យ​ខ្លាំង​បាន​យូរ ។

លោក​ថា កីឡាករ​ភាគច្រើន​នៅ​តែ​ជា​បុគ្គល​ដែល​មាន​ជីវភាព​ខ្វះខាត និង​ខ្វះ​ចំណេះដឹង មុន​ពេល​ក្លាយជា​កីឡាករ ដោយ​កម្រ​មាន​អ្នក​រៀនសូត្រ​បាន​ជ្រៅជ្រះ ឬ​កូន​អ្នកមាន​ចូល​ប្រកួត​ជា​កីឡាករ​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​ទើប​វិស័យ​មួយ​នេះ​នៅ​តែ​មាន​កម្រិត បើ​ទោះជា​តម្លៃ​ខ្លួន​ត្រូវ​បាន​ដំឡើង​ក្នុង​រយៈពេល​ចុង​ក្រោយ​ក្តី ។ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​កីឡាករ​ខំ​ប្រដាល់​តស៊ូ​រហូត​រៀន​ចប់ និង​មាន​លុយ​តិចតួច ក៏​បើក​របរ​រក​សុ​ី​ផ្សេង និង​ធ្វើការ​ផ្សេង​ផង​ដែរ ។ លោក​ថា ប្រដាល់​មិន​ខុស​ពី​ឈ្នាន់​ដែល​ជួយ​ឱ្យ​កីឡាករ​ដែល​មានការ​តស៊ូ​អាច​មាន​ជីវភាព​ឈាន​ឡើង​នោះ​ទេ ជា​ពិសេស​កូនសិស្ស​របស់​លោក គឺ​មាន​ចំនួន​ច្រើន​នាក់​ដែល​មាន​​អនាគត​​ល្អ​ប្រសើរ​ក្រោយ​ក្លាយជា​អ្នក​ប្រដាល់ បន្ទាប់​ពី​កូនសិស្ស​ទាំងនោះ​ក្រោយ​ល្បីឈ្មោះ​ក៏​មាន​គេ​ហៅ​ធ្វើការ​ល្អ និង​បាន​រៀនសូត្រ​ជ្រៅជ្រះ​។

លោក នួន ភិ​រម្យ ម្ចាស់​ក្លិប​ប្រដាល់​ភិ​រម្យ​គុន​ខ្មែរ និង​ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​និយាយ​ថា កីឡាករ​ល្បី​ៗ​នៅ​តែ​ថ្ងូរ​ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​រស់នៅ ចុះ​ទម្រាំ​កូនសិស្ស​ថ្មី​របស់​លោក​ដែល​ខំ​ហ្វឹកហាត់​ច្រើន​ខែ ហើយ​មិន​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ឡើង​រេញ តើ​នឹង​ពិបាក​យ៉ាងណា? លោក​បាន​ថ្លែង​ថា កីឡាករ​របស់​លោក​ច្រើន​ណាស់​ដែល​សម្រេចចិត្ត​ឈប់​ប្រដាល់ ដោយសារ​តែ​ហេតុផល​ទី​១​ឡើង​វាយ​បាន​លុយ​ចាយ​មិន​គ្រប់ ហើយ​ក្នុង​មួយ​ខែ​ទទួល​បានការ​ផ្គូផ្គង​មិន​ច្រើន ព្រោះតែ​បណ្ដា​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លះ​មិនសូវ​ជា​ឱ្យ​តម្លៃ​កីឡាករ​ថ្មី ។

ទោះបី​យ៉ាងណា លោក​បាន​សរសើរ​ថា បណ្ដា​សង្វៀន​ខ្លះ​ក៏​ខំ​លើក​ស្ទួយ​កីឡាករ​ថ្មី​ដើម្បី​ឱ្យ​ពន្លក​ថ្មី​ទាំងនោះ បាន​ជំនួស​តំណែង​កីឡាករ​ចាស់​ៗ​ដែល​លែង​ចង់វាយ​នោះ​ផង​ដែរ ។ លោក​ថា កីឡាករ​ខ្លះ​គឺ​លោក​ត្រូវ​ឱ្យ​កន្លែង​ហ្វឹកហាត់​មិន​យក​លុយ​ហើយ​ត្រូវ​រក​បាយ​ទឹក​ឱ្យ​ទទួលទាន​ជា​ប្រចាំ​ទៀត ដើម្បី​ល្បួង​ឱ្យ​នៅ​បន្ត​ការ​ប្រដាល់​បាន​យូរ ព្រោះតែ​មិន​ចង់​បាត់បង់​កូនសិស្ស​ល្អ​ដែល​ខំ​បង្វឹក​។

លោក នាង ស៊ី​វត្ថា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍៍​បាយ័ន ធ្លាប់​បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​របស់​កីឡាករ​កម្ពុជា បើ​ទោះជា​ស្ថានភាព​ប្រដាល់​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ដូច​សព្វថ្ងៃ ក៏​មិន​អាច​ផ្ដល់​ឱ្យ​តម្លៃ​​ខ្លួន​ស្មើនឹង​កីឡាករ​បរទេស​បាន​ដែរ ដោយ​សារ​តែ​ស្ថានភាព​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​​កម្ពុជា មិន​អាច​ទារ​តម្លៃ​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ​បាន​ច្រើន ។

លោក​ថា នៅ​ក្រៅប្រទេស គេ​ផ្សាយ​ម្ដង​គេ​ទារ​ក្រុមហ៊ុន​បាន​ច្រើន​សែន​ដោយសារ​តែ​ប្រជាជន​គេ​ច្រើន​ខុស​ពី​នៅ​កម្ពុជា​ប្រជាជន​មាន​តែ​ជាង​១៤​លាន​នាក់ គឺ​បណ្ដា​ក្រុមហ៊ុន​មិន​ហ៊ាន​ផ្ដល់​តម្លៃ​ផ្សព្វផ្សាយ​ឱ្យ​ច្រើន​ទេ​ទើប​តម្លៃ​របស់​កីឡាករ​មិន​អាច​ផ្ដល់​ឱ្យ​ច្រើន​លើស​ពី​សព្វថ្ងៃ​បាន ។ យ៉ាងណា​ក៏​ដោយ លោក​ថា បើ​កីឡាករ​ពិតជា​មាន​ឆ​ន្ទះ គឺ​តម្លៃ​ដែល​បាន​ដំឡើង​ឱ្យ​គឺ​ពិតជា​អាច​ជំរុញ​ទឹកចិត្ត​កីឡាករ​ទាំងនោះ​ឱ្យ​បន្ត​អាជីព​ប្រដាល់​ដោយ​ជោគជ័យ​បាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ