រាជធានីភ្នំពេញ ៖ ទីផ្សារកង់បីឥណ្ឌា ឬហៅថាឡាំប្រឺតា នៅដើមឆ្នាំ២០១៩នេះ ចាប់ផ្ដើមធ្លាក់ថ្លៃបន្ដិចម្ដងៗហើយ ដោយសារតែការប្រកួតប្រជែងលើទីផ្សារ និងការនាំចូលច្រើនជាងតម្រូវការ ។ បច្ចុប្បន្ន នៅតាមដងផ្លូវ និងវិថីនានា គេឃើញមានកង់បីជាច្រើនម៉ាកដូចជា TVS, Bajaj(Re), Piaggio, APE City និងម៉ាកAngkor ជាដើម ដែលធ្វើឲ្យទីផ្សារផលិតផលមួយនេះហាក់ចង្អៀតបន្ដិច ។ ចំណែកអ្នកប្រកបមុខរបរនេះក៏ចាប់ផ្ដើមត្អូញត្អែរបន្ដិចម្ដងៗដែរ ដោយសារតែទីណាក៏មានកង់បីដែរ ។
បើតាមអ្នករត់កង់បីម៉ាកBajaj(Re) ឈ្មោះ សយ សុភ័ណ បានប្រាប់កោះសន្ដិភាពថា កង់បីឥណ្ឌានេះលោកទើបតែទិញកាលពីខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះក្នុងថ្លៃ៣.៥៥០ដុល្លារ ។ លោកថា ៖« ម៉ាកនេះកាលពីឆ្នាំ២០១៧ ថ្លៃប្រហែល៣.៧០០ឬ៣.៨០០ដុល្លារ ជិតស្មើ ឬលើសតម្លៃរថយន្ដកូរ៉ូឡា ស៊េរី៩០ជាងទៅហើយ »។
លោកបន្តថា ៖« តម្លៃកង់បីម៉ាកBAJA ធ្លាក់មក៣.៥៥០ដុល្លារ ហើយម៉ាកផ្សេងទៀត ក៏ប្រែប្រួលដែរ ដូចជាម៉ាករបស់អីុតាលីកាលពីដើម៣.៨៥០ដុល្លារ តែឥឡូវចុះថ្លៃមកនៅ៣.៧០០ដុល្លារប៉ុណ្ណោះ។
ការធ្លាក់ថ្លៃនេះ បើតាមលោកសយ សុភ័ណ យល់ឃើញថាដោយសារតែការផ្គត់ផ្គង់ច្រើនលើសតម្រូវការ ខណៈដែលសព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើនបាននាំចូលមកពីបណ្ដាប្រទេសផ្សេងៗដូចជា ឥណ្ឌា អុីតាលីជាដើម ហើយក៏មានក្រុមហ៊ុនខ្លះនាំមកដំឡើងនៅក្នុងស្រុកផងដែរ ។
លោកនិយាយថា ៖« កាលពីមុនគេសម្រុកទិញច្រើន ទើបវាឡើងថ្លៃ ថ្នាក់ដល់១គ្រឿងតម្លៃ៣.៨០០ដុល្លារ តែខ្ញុំគិតថាកង់បីស៊េរី ២០១៨គ្រប់ម៉ាក អាចនឹងធ្លាក់ថ្លៃបន្ថែមទៀត ព្រោះទីផ្សារវាមានការប្រកួតប្រជែងគ្នាច្រើន ហើយអ្នកប្រកបរបរមួយនេះរកចំណូលមិនសូវបាន ពិសេសអ្នកដែលខ្ចីលុយគេយកមកទិញម៉ូតូកង់បីជួបបញ្ហាច្រើនក្នុងរកប្រាក់សង់ទៅម្ចាស់បំណុល »។
ស្រដៀងគ្នានេះដែរ លោក លាង ហួរ អ្នករត់កង់បីបំពាក់បច្ចេកវិទ្យាដែលភាគច្រើនប្រចាំការនៅផ្លូវ២៧១ បាននិយាយថា សព្វថ្ងៃនេះ លោករត់បានប្រមាណតែ៤ទៅ៥ម៉ឺនរៀលប៉ុណ្ណោះក្នុង១ថ្ងៃ ដោយសារតែទីណាក៏មានកង់បីដែរ ។ លោកនិយាយ ៖« ពីមុនខ្ញុំអាចរកបានជាធម្យមពី៦ទៅ៨ម៉ឺនរៀលក្នុង១ថ្ងៃ តែឥឡូវសល់បានត្រឹមតែ៤ទៅ៥ម៉ឺនរៀលប៉ុណ្ណោះ តែយ៉ាងណាវាល្អជាងកាលដែលខ្ញុំរត់កង់បីខ្មែរ ដែលស្ទើររកប្រាក់បង់ថ្លៃឈ្នួលផ្ទះមិនបាន »។
ប្រធានផ្នែកទំនាក់ទំនងទីផ្សារនៃក្រុមហ៊ុន Piaggio Commercial Vehicles ដែលនាំចូលនូវម៉ូតូកង់បីម៉ាក APE City លោក ហៀក ម៉េងហ៊ត បានឱ្យដឹងថា ៖« នៅទីផ្សារកម្ពុជាបច្ចុប្បន្នមានការនាំចូលកង់បីច្រើនម៉ាក ហើយក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុននាំចូលនីមួយៗបានទម្លាក់ថ្លៃរៀងៗខ្លួននូវស៊េរីចាស់ អីចឹងទាំងខ្ញុំទាំងគេ មានការទម្លាក់ថ្លៃទាំងអស់ ដោយរង់ចាំស៊េរីឆ្នាំ២០១៩មកដល់ »។
លោកបញ្ជក់ថា ៖« ការទម្លាក់ថ្លៃនេះក្នុងគោលបំណងបញ្ចេញស៊េរីចាស់ឱ្យអស់ពីស្ដុក ហើយម្យ៉ាងទៀត វាក៏ជាការប្រកួតប្រជែងទីផ្សារសម្រាប់ក្រុមហ៊ុននីមួយៗដែរ »។ លោកលើកឡើងថា កាលពីក្រុមហ៊ុនលោកនាំចូលគ្រាដំបូងតម្លៃកង់បី ថ្លៃ៣.៤០០ដុល្លារ តែមកដល់ខែ៦ឆ្នាំ២០១៨ បានឡើងថ្លៃ៣.៨៥០ដុល្លារក្នុង១គ្រឿង ហើយម៉ាកផ្សេងទៀតក៏មានឡើងថ្លៃដូចគ្នាដែរ ប៉ុន្តែក្រោយមក ក៏ទម្លាក់មកនៅត្រឹម៣.៧៥០ដុល្លារ វិញ ។
លោកបញ្ជាក់ថា ៖« នៅរយៈពេល២ឬ៣ខែខាងមុខ អាចនឹងទម្លាក់ថ្លៃមកត្រឹម៣.៧០០ដុល្លារក្នុង១គ្រឿង ហើយស៊េរីថ្មី២០១៩ ខាងក្រុមហ៊ុនអាចនាំមកនៅសប្តាហ៍ក្រោយ ដែលមានតម្លៃប្រហែល៣.៨៥០ដុល្លារ »។
ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាលោក ឯ សុភាស់ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃអ្នកប្រកបរបររត់កង់បី ឬរ៉ឺម៉កកង់បីនៅទូទាំងប្រទេសមាមប្រមាណ៥ម៉ឺនគ្រឿង ក្នុងនោះនៅក្រុងភ្នំពេញមាន៤ម៉ឺនគ្រឿង ហើយនៅក្នុង១ថ្ងៃៗ អ្នកប្រកបមុខរបរនេះអាចរកចំណូលពី៤ម៉ឺនទៅ៥ម៉ឺនរៀល តែសម្រាប់អ្នករត់រ៉ឺម៉កខ្មែរមានការធ្លាប់ចុះ បើប្រៀបធៀបពេលមុនៗ ។
លោកលើកឡើងថា ៖« ទីផ្សារមុខរបរផ្ដល់សេវាមួយនេះ សព្វថ្ងៃមានលក្ខណៈចង្អៀតបន្តិច ហើយ ដូច្នេះបើពលរដ្ឋផ្សេងចង់ប្រកបរបរនេះ គួរសិក្សារបរផ្សេងវិញ ប៉ុន្ដែជារួម ពួកគាត់នៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបាន ដោយផ្អែកលើភ្ញៀវ និងការទំនាក់ទំនងរបស់ខ្លួន »៕
ចែករំលែកព័តមាននេះ