ខេត្តប៉ៃលិន ៖ ដោយសារតែតម្លៃដីធ្លីនៅជួរព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ហក់ស្ទុះឡើងថ្លៃយ៉ាងគំហុក បានធ្វើឱ្យឈ្មួញនានា ស្រក់ទឹកមាត់សម្រុកមកពីភ្នំពេញ ដែលក្នុងនោះមានឈ្មួញក្រាក់ៗ និងខ្លះជាឧកញ៉ាផងនោះ បានចូលទៅទិញទាំងដីរាបស្មើ និងដីភ្នំយ៉ាងគគ្រឹកគគ្រេង រហូតធ្វើឱ្យព្រះចៅអធិការវត្តដែលស្ថិតនៅលើភ្នំមានការព្រួយបារម្ភយ៉ាងខ្លាំង ។
ដោយខ្លាចក្រែងគេយកដីកម្មសិទ្ធិរបស់វត្តទៅលក់ ទើបមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ(Bun Tha) ដែលគេស្គាល់ថា ជារបស់ចៅអធិការវត្តប្រាសាទសួគ៌ ហៅវត្តសារវណ្ណ(សារវ៉ាន់) កាលពីវេលាម៉ោង១០ និង៥១នាទីថ្ងៃទី១០ មករា ២០១៩ បានបង្ហោះដោយអំពាវនាវថា «សូមអស់លោក ឯកឧត្តម លោកជំទាវ ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មេត្តាជួយការពារដីវត្តភ្នំសារវណ្ណផង ស្ថិតនៅភូមិផ្សារព្រំ ជាប់ព្រំដែនថៃ កំពុងត្រូវពួកឈ្មួញឃុបឃិតគ្នា លក់ចែកលុយគ្នាចាយ ដោយមិនខ្លាចច្បាប់ទាល់តែសោះ ហើយមិនខ្លាចកើតប្រេតនរកដែរ ។ សូមជួយស៊ែរបន្តផង ដើម្បីបានបុណ្យកុសល សូមអរគុណ! ។
បើតាមប្រភពព័ត៌មានពីព្រះសង្ឃនាម ប៊ុន ថា ព្រះចៅអធិការវត្តប្រាសាទសួគ៌ ហៅវត្តសារវណ្ណ បានឱ្យភ្នាក់ងារយើងដឹងថា ព្រះអង្គពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ខណ:ឃើញឈ្មួញយកគ្រឿងចក្រទៅឈូសឆាយដីព្រៃភ្នំនៅក្បែរៗវត្ត ហើយថែមទាំងចូលហួសបង្គោលដីរបងវត្តថែមទៀត ខណ:ដីភ្នំនៅពេលនេះមានហាងឆេងខ្ពស់កប់ពពក ។
ប្រភពពីព្រះចៅអធិការវត្តបន្តទៀតថា ដោយសារខ្លាចក្រែងគេរំលោភយកដីកម្មសិទ្ធិរបស់វត្តលក់ ទើបលោកប្រជុំជាមួយខាងគណ:កម្មការអាចារ្យវត្ត រួចនាំគ្នាទិញបង្គោលស៊ីម៉ង់តិ៍យកទៅដាក់ដាំនៅជុំវិញ ផ្នែកខាងមុខវត្ត ដោយមានសង្ឃនេនៗជាច្រើនអង្គ បញ្ចេញពលកម្មជីកដីដាំបង្គោលថ្មជាចំណាំ ដើម្បីការពារមិនឱ្យជនខិលខូចចូលមកឈូសឆាយបន្តយកដីវត្តយកទៅលក់ឱ្យឈ្មួញ ។
ចំណែកពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ ក៏មានការបារម្ភខ្លាំងចំពោះសុវត្ថិភាពដីវត្តខាងលើដែរ ព្រោះជាដីកម្មសិទ្ធិរបស់វត្ត ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ តែងតែនាំគ្នាចូលទៅធ្វើបុណ្យទានរៀងរាល់ថ្ងៃសីល និងថ្ងៃបុណ្យទានផ្សេងៗ ។ ម្យ៉ាងវិញទៀត វត្តខាងលើនៅក្បែរផ្ទះរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការចូលទៅធ្វើបុណ្យទាន បើសិនជាគេយកដីវត្តនេះ ហើយដោះដូរឱ្យទៅនៅកន្លែងផ្សេង ពិតជាមានការលំបាកខ្លាំងហើយ ។ ទោះបីបែបនេះក្តីលោកមិនអាចទាក់ ទងអាជ្ញាធរសាកសួរបាននៅឡើយទេចំពោះបញ្ហាដីធ្លីនេះ តែហេតុការនៅខាងដើមនេះគឺផ្តើមចេញពីការព្រួយបារម្ភតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ