ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​ថា ត្រី​ច្រើន​ជាង​ឆ្នាំ​មុន​…​ថៅកែ​ដាយ​ថា ត្រី​មិនសូវ​សំបូរ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រដូវ​ត្រី​ប្រហុក ខែបុស្ស ត្រូវ​នឹង​ខែមករា ឆ្នាំ​២០១៩​នេះ​ គេ​សង្កេតឃើញ​ថា​ ត្រី​សំបូរ​ តែ​នៅ​ស្កាត់​(​ឡូត៍​ដាយ​)​ខ្លះ​ផ្នែក​ខាងលើ​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាលប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រដូវ​ត្រី​ប្រហុក ខែបុស្ស ត្រូវ​នឹង​ខែមករា ឆ្នាំ​២០១៩​នេះ​ គេ​សង្កេតឃើញ​ថា​ ត្រី​សំបូរ​ តែ​នៅ​ស្កាត់​(​ឡូត៍​ដាយ​)​ខ្លះ​ផ្នែក​ខាងលើ​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាលប៉ុណ្ណោះ ។ ចំណែក​«​គន្លង​»​នានា​នៅ​ក្នុង«​ស្កាត់​» នៃ​រាជធានី​ភ្នំពេញ ត្រី​ពុំ​សូវ​សំបូរ​ទេ ធ្វើ​ឲ្យ​ប្រជា​នេសាទ ដែល​ដាក់​ដាយ​ចាប់​ត្រី​ត្អូញ​ត្អែរ​ពីមុខ​របរ​របស់​ខ្លួន ។ ទោះបីជា​យ៉ាងណា​ក្តី រដ្ឋបាល​ជលផល​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​នាំ​គ្នា​ទៅ​ធ្វើ​ប្រហុក ដោយ​អះអាង​ថា​ ត្រី​ឆ្នាំ​នេះ​សំបូរ​ជាង​ឆ្នាំមុន​ៗ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០១៩​ ត្រូវ​នឹង​ថ្ងៃ​១១​កើត ខែបុស្ស កោះសន្តិភាព​បាន​ទៅ​ផ្ទាល់ នៅ​ស្កាត់​ទី​
៤(​ឡូត៍​ដាយ​លេខ​៤) ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ព្រំប្រទល់​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វា និង​បាន​ផ្តិត​យក​រូបភាព​ជាក់ស្តែង​សង្កេត​ឃើញ​ថា ត្រី​ពុំ​សូវ​សំបូរ​ទេ នៅ​ពេល​លើកម្តង​ៗ​បាន​ប្រមាណ​៣០ ​ទៅ​៥០​គីឡូក្រាម ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ទៅ​ទិញ​ត្រី​ប្រហុក​នាំ​គ្នា​អង្គុយ​ចាំ និង​ខ្លះ​បាន​ដណ្តើម​គ្នា​រើស​យក​ត្រី​ណា​ធំ​បន្តិច​ទៅ​លក់​នៅ​តាម​ផ្សារ​នានា ។

ជួប​ជាមួយ​ថៅកែ​ដាយ​ត្រី​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ត្អូញត្អែរ​ថា ការ​នេសាទ​ឆ្នាំ​នេះ ​ជួប​ការ​លំបាក ត្រី​មិន​សូវ​សំបូរ​ទេ ​ទោះបី​ទឹកធំ​ក៏​ដោយ វា​ប្រែប្រួល​អស់ហើយ ។ តាម​ការ​ត្អូញត្អែរ​នេះ ​ក៏​បាន​ស្តីបន្ទោស​ទៅ​លើ​បទល្មើស​នេសាទ​ឆក់​ត្រី​ថា ​ជា​ការ​បំផ្លិចបំផ្លាញ ដោយ​មានការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ។ អ្នក​នេ​សាទ​រូប​នោះ​បន្ត​ទៀត​ថា លោកបាន​ប្រកប​មុខរបរ​នេសាទ​ដោយ​ដាក់​ដាយ​ចាប់​ត្រី​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ត្រី​ចេះ​តែ​ខ្សត់ខ្សោយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

នៅ​ឆ្នាំ​២០១៩ ​ខែ​ត្រី​ប្រហុក​នេះ ត្រី​មិន​សំបូរ​ទេ ។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ត្រី​សំបូរ​មិន​ពិត​ទេ ត្រូវ​តែ​តាម​​«​គន្លង​»​នៃ​ស្កាត់​នានា​នៅ​ខាងលើ​ប៉ុណ្ណោះ​ ។ ចំណែក​តំបន់​របស់​គាត់​ខ្សត់​ណាស់ ។ ប្រៀបធៀប​ឆ្នាំ​មុន ឆ្នាំ​នេះ​រឹតតែ​ខ្សត់​ទៀត ។ អ្នកនេសាទ​ដដែល​ថា នៅ​ក្នុង​១​ឆ្នាំ​នេសាទ​បាន​៤​ខែ គឺ​ខែតុលា​, វិច្ឆិកា​,​ធ្នូ និង​ខែមករា ដែល​ជា​ខែ​ចុង​ក្រោយ ហើយ​ត្រី​ត្រូវ​តែ​ខ្នើត​ទេ ។

នៅ​ខ្នើត ខែបុស្ស​ ត្រូវ​ខែមករា​នេះ ត្រី​ចាប់ផ្តើម​ត្រូវ​ចាប់ពី​ថ្ងៃ​៧​កើត រហូត​ដល់​១០​កើត ហើយ​នៅ​ថ្ងៃ​១១​កើត​ត្រី​ខ្សោយ​ហើយ ។ បើសិនជា​ត្រី​សំបូរ ត្រី​ត្រូវ​រហូត​ដល់​១៥​កើត​ថ្ងៃពេញបូណ៌មី ឬ​រហូត​ខែរនោច​ទៀត​​ ក៏​មាន​ដែរ ។ នៅ​ខែ​នេះ​ គាត់​ចាប់​ត្រី​បាន​ប្រមាណ​តែ​ជាង​១០​តោន​ប៉ុណ្ណោះ ខុស​ពី​ខែ​មុន​បាន​ប្រមាណ​២០​តោន ។ ជាក់ស្តែង​ នៅ​ថ្ងៃ​ទី​១៦ មក​រា គាត់​លើក​ដាយ ម្តង​ៗ​ក្នុង​រយៈពេល​ប្រមាណ​៣០​ទៅ​៤៥​នាទី ចាប់​ត្រី​បាន​ពី​៥០​ទៅ​៦០​គីឡូក្រាម តែ​ពេល​ត្រូវ​ខ្លាំង​កាលពី​ថ្ងៃ​៩​កើត បាន​ពី​២០០​ទៅ​៣០០​គីឡូក្រាម​ប៉ុណ្ណោះ ។

អ្នកនេសាទ​បាន​ត្អូញ​ទៀត​ថា អាជីវកម្ម​ឆ្នាំ​នេះ​ ជួប​ការ​លំបាក​ខ្លាំង ដោយសារ​តែ​ការ​ចំណាយ​ទៅ​លើ​កម្មករ​១៨​នាក់ ក្នុងម្នាក់​ៗ ​ពី​៥៥​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល​ក្នុង​១​ខែ បាយ​ទឹក​លើ​គាត់ និង​បង់​បន្ទុក​រដ្ឋ ក្នុង​១​ឆ្នាំ​៤០​លាន​​រៀល ព្រមទាំង​ថ្លៃ​ចំណាយ​លើ​សម្ភារ​ជា​ឧបករណ៍​នេសាទ ។

លោក​ងិ​ន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ភ្នំពេញ​ឱ្យ​ដឹង​ថា «​ត្រី​ឆ្នាំ​នេះ ​គ្រាន់បើ​ជាង​ឆ្នាំ​មុន​បន្តិច ហើយ​ត្រី​ត្រូវ​ច្រើន​នៅ​ផ្នែក​ខាងលើ​ក្នុង​ខេត្តកណ្តាល តែ​ផ្នែក​ខាងក្រោម​នៅ​ភ្នំពេញ​មិនសូវ​ត្រូវ​នោះ​ទេ ។ ប្រហែល​ការ​ត្អូញត្អែរ​នោះ​ សម្រាប់​តែ​ចំណុច​ដែល​ខ្លួន​ចាប់​ត្រី​ទេ តែបើ​វាយតម្លៃ​ជា​ទូទៅ នៅ​ខែបុស្ស​នេះ​ជា​ទូទៅ​ខែ​ត្រី​ប្រហុក ប៉ុន្តែ​ទឹក​ស្រក​លឿន ទឹក​ហូរ​ខ្សោយ ចាប់​ត្រី​មិនសូវ​បាន ហើយ​អ្នកនេសាទ​ចាប់​បាន​ដោយ​កៀរ​មិនមែន​ដោយ​លើក​នោះ​ទេ​» ។

លោក​ងិ​ន ឌី បន្ត​ទៀត​ថា រាជធានី​ភ្នំពេញ​មាន​៥​ស្កាត់​(​ឡូ​តិ៍​នេសាទ​)​ចាប់ពី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ដល់​ស្ពាន​ព្រែក​ព្នៅ មាន​២២​គន្លង​ដាយ​ត្រី តែ​នៅ​សល់​តែ​១៩​គន្លង​ដាយ មូលហេតុ​គន្លង​ខ្លះ​ទឹក​ស្រក​លឿន​ចាប់​ត្រី​អត់​បាន អ្នកនេសាទ​អត់​ដាក់ ។ ចំណែក​នាយ​សង្កាត់​ជលផល​ច្រាំង​ចំរេះ ឱ្យ​ដឹង​ថា ត្រី​ឆ្នាំ​នេះ​ត្រូវ​ជាង​ឆ្នាំ​មុន ទៅ​តាម​គន្លង​នៅ​ខាង​ដើម​(​ព្រែក​ក្តាម​) ។

លោកនាយ​សង្កាត់ បញ្ជាក់​ថា ឡូត៍​ដាយ​ចាប់​ត្រី​មាន​១៥​ស្កាត់ ដែល​ក្នុង​នោះ​ភ្នំពេញ​មាន​៦​ស្កាត់​រាជ​រដ្ឋាភិបាល​លុប​ចោល​មួយ នៅ​សល់​៥​ស្កាត់ និង​៩​ស្កាត់​ទៀត នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ។ តាម​ប្រភព​ពី​ខេត្តកំពង់ឆ្នាំង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៦ មក​រា​ថា នៅ​ពេល​ព្រឹក​ត្រី​ចុះ​មួយ​ឈុ​ល​ក៏​ស្ងប់​ទៅ​វិញ ដោយសារ​មេឃ​ស្រទំ ។ ទោះបីជា​បែប​ណា​ក្តី ចំពោះ​ការ​វាយតម្លៃ​ពី​ផល​ត្រី​ឆ្នាំ​នេះ​ថា​គ្មាន​អ្វី​កត់សម្គាល់​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ