រាជធានីភ្នំពេញ ៖ នារីម្នាក់ទើបចេញមកពីធ្វើការវិញត្រូវក្រុមចោរឆក់កាបូបបានសំរេច រួចជិះត្រឡប់ក្រោយគេចខ្លួនបាត់ ហើយមានយុវជន៣នាក់ជិះដេញតាម ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនយុវជនទាំង៣នាក់ដើម្បីសួរនាំបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ អៀង លីដាណេ ភេទស្រី អាយុ២១ឆ្នាំ មុខរបររដ្ឋបាលក្រុមហ៊ុនសិប្បកម្ម ត្បូងពេជ្រ ស្នាក់នៅបុរីពិភពថ្មីកំបូល ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CE-9250។ ចំណែកសម្ភារបាត់បង់រួមមាន ៖ ទូរស័ព្ទចំនួន២គ្រឿង លុយជាង២០ដុល្លារ អត្តសញ្ញាណប័ណ្ណ និង កាត ATM មួយចំនួន។ ចំណែកយុវជនទាំង៣នាក់ត្រូវឃាត់សួរនាំនោះ ១-ឈ្មោះ ផាវ សុផាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ វែន ធីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ និង៣-ឈ្មោះ កុយ សឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីជនរងគ្រោះនិយាយថា មុនកើតហេតុ គាត់បានចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ដោយស្ពាយកាបូប ហើយក្នុងនោះមានទូរស័ព្ទ២គ្រឿងម៉ាកអាយហ្វូនសិចផ្លឺស និងម៉ាកអូប៉ូ ចំណែកលុយមានតិចតួចទេប្រមាណជាង២០ដុល្លារតែប៉ុណ្ណោះ ។ លុះបើកមកដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីនិច មិនចាំពណ៌និងស្លាកលេខជិះគ្នា២នាក់ស្របទិសគ្នាពីកើតទៅលិច ស្រាប់តែមកឆក់យកកាបូបគាត់តែម្តង ដោយគាត់ក៏ស្រែកថា «ចោរឆក់កាបូបៗ» ជនសង្ស័យនោះក៏ជិះម៉ូតូត្រឡប់ក្រោយវិញគេចខ្លួនបាត់ ។
ជនរងគ្រោះបញ្ជាក់ថា ខណៈពេលឆក់ភ្លាមៗមានយុវជន៣នាក់ជិះម៉ូតូ២គ្រឿងមកសួរគាត់ថា ចោរឆក់កាបូបមែន ទើបយុវជន២ម៉ូតូខាងលើជិះដេញភ្លាមៗផងដែរ ។ ខណៈពេលជនរងគ្រោះដេញជនសង្ស័យ ដោយមានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ជួយសហការដេញតាមភ្លាមៗផងដែរ ក្រោយមកឃាត់យុវជន៣នាក់ដែលដេញជនសង្ស័យនោះដើម្បីសាកសួរនាំ ហើយក៏បានឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។
ក្រោយកើតហេតុ ជនរងគ្រោះខាងលើបានមកដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជួយស៊ើបអង្កេតរកមុខសញ្ញាខាងលើ យកមកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ