សហរដ្ឋអាមេរិក ៖ ព្រឹទ្ធសមាជិកាគណបក្សប្រជាធិបតេយ្យ លោកស្រី KIRSTEN GILLIBRANDជាអ្នកការពារខ្លាំងបំផុត បណ្ដាជនរងគ្រោះដោយការរំលោភរួមភេទ ព្រមទាំងជាអ្នកប្រឆាំងមឺុងម៉ាត់ចំពោះលោកដូណាល់ត្រាំ ប្រកាសនាយប់ថ្ងៃទី១៥មករាថា លោកស្រីនឹងឈរឈ្មោះប្រឡូកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
ក្នុងកម្មវិធីមួយផ្សាយតាមទូរទស្សន៍CBS លោកស្រីGILLIBRAND ព្រឹទ្ធសមាជិការដ្ឋញូវយ៉កអាយុ៥២ឆ្នាំថ្លែងថា ខ្ញុំនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកស្រីបញ្ជាក់ថាលោកស្រីនឹងបង្កើតគណៈកម្មាធិការស្រាវជ្រាវមួយ ដែលជាជំហានសំខាន់សម្រាប់ប្រកួតយកតំណែងប្រធានាធិបតី ដោយបើមានគណៈកម្មាធិកានោះទើបអាចជាពិសេសប្រមូលមូលនិធិសម្រាប់ការឃោសនា។
លោកស្រីKIRSTEN GILLIBRAND ធ្លាប់ឡើងជំនួសលោកស្រីហុីលឡារីគ្លីនតុន ជាព្រឹទ្ធសមាជិការដ្ឋញូវយ៉ក កាលពីខែមករាឆ្នាំ២០០៩ ពេលលោកស្រីគ្លីនតុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ លោកស្រីបានជាប់ឆ្នោតទៀតដោយស្រួល កាលពីខែវិច្ឆិកាឆ្នាំ២០១៨ចូលក្នុងព្រឹទ្ធសភា តំណាងរដ្ឋដដែលនោះ ដែលមានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យច្រើនបំផុត៕
ចែករំលែកព័តមាននេះ