រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានឆ្នាំមុន គេកត់សម្គាល់ថា ប្រដាល់សាកលត្រូវបានគេលើកស្ទួយយ៉ាងខ្លាំង ក្រៅពីសហព័ន្ធរៀបចំប្រកួតជ្រើសរើសជើងឯករៀងរាល់មួយឆ្នាំម្ដង។ បណ្ដាសង្វៀនភាគច្រើនបានទាំងប្រកាសជំហរថា ចង់រៀបចំការប្រកួតប្រដាល់សាកលឱ្យបានទៀងទាត់ ដើម្បីលើកស្ទួយវិស័យនេះឱ្យមានការបោះជំហានឈានឡើងផង ប៉ុន្តែមួយរយៈចុងក្រោយជំហរទាំងនេះ បែរជាត្រូវផ្លាស់ប្ដូរ។
ពាក់ព័ន្ធនឹងបញ្ហានេះ មហាជនភាគច្រើនក៏មើលឃើញដូចគ្នាថា ប្រដាល់សាកលកំពុងបន្តបាត់មុខនៅតាមបណ្ដាសង្វៀនទូរទស្សន៍ដែលធ្លាប់មាន ដោយឃើញកីឡាប្រដាល់សេរីបង្ហាញវត្តមានជំនួសវិញ ។ សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវគេឃើញប្រកាសផ្អាកមុនគេ បន្ទាប់ពីបើកប្រដាល់បានតែមួយរយៈ ហើយអះអាងថា ខ្វះការគាំទ្រ ។ អ្នករៀបចំការប្រកួត លោក សេង កដិកា បានថ្លែងបញ្ជាក់ថា ស្ថាប័នទាំងមូលនៅតែចង់រៀបចំប្រដាល់សាកលដើម្បីបង្អួតភ្នែកមហាជន ប៉ុន្តែបណ្ដាលមកពីមានហេតុផលមួយចំនួនទើបសម្រេចចិត្តលុបចោល។
លោកថា ប្រដាល់សាកល មិនសូវទទួលបានការគាំទ្រណាស់ណានោះទេ ដោយសារតែកីឡាមួយនេះ តម្រូវឱ្យប្រកួតប្រើតែដៃ ដែលអ្នកទស្សនាមិនសូវមើលឃើញពីភាពរស់រវើក ។ លោកថាប្រដាល់សេរី ហាក់ជាប់ចិត្តជាងនៅក្នុងផ្នត់គំនិតមហាជន ទើបធ្វើឱ្យអ្នកស្នេហាកីឡាមួយនេះ មិនទទួលយកកីឡាប្រដាល់មួយផ្សេង ដែលលោកចង់សំដៅលើប្រដាល់សាកល ដែលមានដង្ហើមរស់ល្អតែមួយឆាវចុងក្រោយក៏ពិបាក ។
លោកនិយាយថា៖«ខ្មែរយើងជាប់ចិត្តតែប្រដាល់សេរីប្រើដៃប្រើជើង ដល់ឱ្យមកមើលសាកលប្រើតែដៃ ហើយមានដាក់របាំងក្បាលអីការពារផង មើលមិនចូលភ្នែកទេ អ៊ីចឹងហើយទើបយើងដំណើរការប្រដាល់សាកលមិនបាន ល្អ»។ លោកថា អ្នករៀបចំការប្រដាល់រំពឹងតែការគាំទ្រប៉ុណ្ណោះ ដូច្នេះបើការគាំទ្រមិនមាននោះអ្នកផ្ដល់កញ្ចប់ប្រាក់ឱ្យរៀបចំកម្មវិធីក៏មិនចង់បោះទុនទៀតដែរ ទើបរឹតតែជាសម្ពាធមិនអាចឱ្យប៉ុស្តិ៍លេខ៥បន្តការប្រកួតកីឡាប្រដាល់មួយនេះបាន ។
លោកនៅតែចង់ដំណើរការប្រដាល់សាកល ប៉ុន្តែបណ្ដាលមកពីឧបសគ្គមួយចំនួនមិនអាចឱ្យបន្តទៅកើត ទើបបានត្រឹមតែប៉ងចង់បង្កើតវិញ តែមិនអាចទៅរួច ។ ទោះបីយ៉ាងណាលោកទទូចចង់ឱ្យប្រដាល់សាកលមានវត្តមានគគ្រឹកគគ្រេងគ្រប់ប៉ុស្តិ៍ ទើបអាចសាបព្រោះផ្នត់គំនិតអ្នកមិនចូលចិត្តការប្រដាល់សាកលឱ្យចាប់អារម្មណ៍ច្រើនឡើង។
លោក ញាណ សុធី អ្នករៀបចំការប្រដាល់ប្រចាំនៅទូរទស្សន៍អាសុីអាគ្នេយ៍ បានអះអាងថា ស្ថាប័នរបស់លោកទើបតែសម្រេចបិទចោលការប្រដាល់សាកលកាលពីពេលកន្លងទៅប៉ុណ្ណោះ ដោយសារតែហេតុផលខ្វះការគាំទ្រ និងខ្វះអ្នកឧបត្ថម្ភកម្មវិធីតែម្ដង ។ លោកថ្លែងបញ្ជាក់ថា ប្រដាល់សេរី ទោះបីអ្នកប្រដាល់ថ្មីក៏មានអ្នកចង់ទស្សនា ជាពិសេសប្រសិនបើកីឡាករទាំងពីរវាយគ្នាបានល្អនៅលើសង្វៀន ។
លោកថា ហេតុផលបិទចោលប្រដាល់សាកល គឺដោយសារតែពេលដាក់ប្រកួតជាមួយប្រដាល់សេរី គឺស្ងាត់សម្រាប់ការគាំទ្រតែម្ដង ទើបធ្វើឱ្យអ្នកឧបត្ថម្ភកម្មវិធីសម្រេចកាត់ចោលចេញវិញ ខណៈដែលលោកគ្រាន់តែជាអ្នកដឹកនាំកម្មវិធី ក៏មិនអាចធ្វើអ្វីដោយមិនមើលទីផ្សារនោះដែរ ទើបធ្វើឱ្យប្រដាល់សាកលមិនអាចរស់បាននៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
លោកនិយាយថា ប្រដាល់សាកលបើទោះជាចង់រៀបចំជាប់លាប់ ក៏មិនអាចទៅរួចនោះដែរ ដោយសារតែភាពជាក់ស្ដែងកីឡាករប្រដាល់សាកលក៏មិនមានច្រើននាក់នោះដែរ ធ្វើឱ្យការផ្គូផ្គងម្ដងៗពិបាកស្វែងរកអ្នកប្រកួតឱ្យបានល្អរៀងរាល់សប្ដាហ៍ ។ លោកនិយាយថា ប្រដាល់សាកលពិបាកដើរណាស់សម្រាប់ស្ថាប័នទូរទស្សន៍ ដោយសារទី១ អ្នកទស្សនាមិនសូវមានអ្នកចូលចិត្ត ទី២ អ្នកឧបត្ថម្ភ កម្មវិធីទាមទារមិនឱ្យដាក់ និងទី៣ គឺនៅក្នុងប្រទេសកម្ពុជា មិនមានកីឡាករល្អៗដើម្បីប្រកួតទេ ទម្រាំបានប្រកួតរួចមួយសប្ដាហ៍ គឺពិបាកណាស់ ពេលខ្លះរើសអ្នកប្រកួតឱ្យតែបានទេ ទើបចង់បន្តក៏ពិបាក ។
លោកថា ប្រដាល់សាកលបើបើកការប្រកួតយូរៗម្ដង ដូចគណៈកម្មការប្រដាល់សាកលរៀបចំ នោះប្រកួតបានល្អ តែបើឱ្យប្រកួតប្រចាំសប្ដាហ៍ គឺមិនអាចទៅរួចនោះទេ។ ជាមួយនឹងការលើកឡើងខាងលើទើបគេកត់សម្គាល់ថា កីឡាករប្រដាល់សាកលមិនសូវមានទីផ្សារ ទើបធ្វើឱ្យកីឡាករខ្លះសម្រេចចិត្តបោះបង់អាជីពមួយនេះ៕
ចែករំលែកព័តមាននេះ