ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៣២-១៣៣ ក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តចំនួន៤គ្រឿងបានបុកគ្នាជាបន្តបន្ទាប់បណ្តាលឱ្យរងការខូចខាត តែមិនមានមនុស្សណាម្នាក់រងគ្រោះនោះទេ ។
រថយន្តទាំង៤គ្រឿងខាងលើរួមមាន ១-រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នុំពេញ ២AD-៩៩៩៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ២-រថយន្តដឹកថ្មមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣E-២០១០ បើកបរដោយឈ្មោះ ហៀង ឡាយហាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ៣-រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៨៧៧២ បើកបរដោយឈ្មោះ លឹក ផល្លា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៤-រថយន្តបែនមួយគ្រឿងពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ០៥ ៣-១៧៧៩ បើកបរដោយឈ្មោះ កុង នី ភេទបុ្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកងពល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 330 ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នុំពេញ ២AD-៩៩៩៥ បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានវ៉ាស្តាំរថយន្តផ្សេងៗទៀតក្នុងទៅដៅស្របទិសគ្នា ហើយក៍បានរេចង្កូតទៅបុកជាមួយនិងរថយន្តដឹកថ្មមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣E-២០១០ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរថយន្តម៉ាកឡិចស៊ីស RX330 រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ភ្លាមៗនោះឃើញហេតុការណ៍ដូច្នេះ រថយន្តមួយគ្រឿងផ្សេងទៀតម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៨៧៧២ បើកបរដោយបុរសម្នាក់ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របជាមួយនឹងរថយន្តបង្កក៏ជាន់ហ្វ្រាំងបន្ថយល្បឿន ហើយត្រូវបានរថយន្តបែនមួយគ្រឿងផ្សេងទៀតពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ០៥ ៣-១៧៧៩ បុកចំពីក្រោយ បណ្តាលរងការខូចខាតផ្នែកខាងក្រោយ ។
ក្នុងហេតុការណ៍ខាងលើនេះបណ្តាលអោយខូចខាតរថយន្តធំតូចចំនួន៤គ្រឿង តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ។
ក្រោយពេលកើតហេតុ កំលាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកំលាំងអធិការ
ដ្ឋាននគរបាលស្រុកកំពង់សីលា ចុះមកដល់កន្លែងកើតហេតុ និងជួយសំរួលចរាចរណ៍មិនអោយមានការកកស្ទះដល់អ្នកធ្វើដំណើរឡើយ។ រីឯរថយន្តទាំង៤គ្រឿងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ