ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP៖ សំណុំរឿង​លោក​កឹ​ម សុខា បរទេស​មិន​អាច​លូកដៃ និង​បំពាន​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​បាន​អះអាង​ថា ករណី​សំណុំរឿង​លោក កឹ​ម សុខា បរទេស​មិន​អាច​លូកដៃ និង​រំពាន​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​បាន​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​បាន​អះអាង​ថា ករណី​សំណុំរឿង​លោក កឹ​ម សុខា បរទេស​មិន​អាច​លូកដៃ និង​រំពាន​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​បាន​ឡើយ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ការ​បរទេស​អា​មេ​រិ​ក​គ្រោង​បាន​លើកយក​ករណី​លោក កឹ​ម សុខា ទៅ​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា មន្ត្រី​រាជរដ្ឋាភិបាល​នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មក​រា​ថា រឿង​ផ្ទៃក្នុង​កម្ពុជា​មិន​អាច​បរទេស​រំលោភ​បំពាន​បាន​ឡើយ ។ ការ​អនុវត្ត​តាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ គឺជា​រឿង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ពង្រឹង ដើម្បី​ធានា​ការ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សុខ​សុវត្ថិភាព​នៅ​កម្ពុជា ។

ដូច្នេះ​បញ្ហា​ពាក់ព័ន្ធ​នឹង​កឹ​ម សុខា គឺជា​រឿង​ផ្លូវច្បាប់​ដែល​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដូច្នេះ​ការ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ហើយ​ដាក់​លក្ខ​ណ្ឌ​ថា ត្រូវ​តែ​ដោះ​លែង​អ្នក​ល្មើសច្បាប់ (​កឹ​ម សុខា​) ឲ្យ​រួចខ្លួន​នោះ គឺជា​ការ​ចង់​បង្គាប់បញ្ជា​ជា​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ជា​ការ​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ចង់​ឲ្យ​មាន​វប្បធម៌​ទណ្ឌ​ភាព​នៅ​កម្ពុជា​ដែល​ករណី​នេះ​មិន​អាច​បង្ខំ​កម្ពុជា​ធ្វើ​តាម​ខ្លួន​បាន​ទេ ។ លោក​បាន​បន្ថែម​ថា ជា​គោលការណ៍ បើ​ចង់​មាន​ទំនាកទំនង​ល្អ​ជាមួយ​កម្ពុជា​ត្រូវ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មើភាព​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ទើប​អាច​មាន​ទំនាក់ទំនង​ល្អ​យូរអង្វែង​ជាមួយ​គ្នា​បាន ។

សូម​ជម្រាប​ថា ឧបការី​រង​ក្រសួងការពារជាតិ​អា​មេ​រិ​ក​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​លោក Dr. Joseph H. Felter កំពុង​បំពេញ​ទស្សនៈកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​បញ្ហា​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​លោក Dr. Joseph H. Felter បាន​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ ២០១៩ ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុជា​ដោយ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ជុំវិញ​ការ​បើក​ទូលាយ និង​សេរី​នៅ​ក្នុង​តំបន់ Indo-Pacific ។ លោក Joseph H. Felter ក៏​នឹង​ពិភាក្សា​ពី​របៀប​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ពង្រឹង​ច្បាប់​រួម​ទាំង​ការ​ខិតខំ​ធ្វើ​កំណែទម្រង់​ផ្សេង​ៗ​ទៀត ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក Joseph H. Felter ក៏​នឹង​ពិនិត្យ​មើល​លើ​ការ​រីក​ចម្រើន​នៃ​ការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​លើ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សេរីភាព​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់​មន្ត្រីជាន់ខ្ពស់​យោធា​អា​មេ​រិ​ក​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក​កំពុង​ត្រៀម​ដោះ​ដូរ​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា និង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក​ហាក់​មាន​គម្លាត​ពី​គ្នា​កាន់តែ​ឆ្ងាយ​ទៅ​ៗ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៤ មក​រា បាន​ព្រមាន​ខ្លាំង​ៗ​ពី​ការ​ដាក់​គំនាប់​កាន់តែ​ខ្លាំង​លើ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា ប្រសិនបើ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​កម្ពុជា ។ ចំពោះ​ករណី​លោក កឹ​ម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​តាម​អំណាច​ដីកា​តុលាការ​ត្រូវ​បាន​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ហើយ​កំពុង​ក្រៅប្រទេស​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ដោះ​លែង​លោក កឹ​ម សុខា ដោយ​គ្មាន​លក្ខខណ្ឌ ។

លោក​ថា តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប លោកស្រី Federica Mogherini បាន​បញ្ជាក់​ហើយ ដំណោះស្រាយ​រួម​នៃ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ត្រូវ​មាន​៥​ចំណុច​ដូច​តទៅ​ទី​១- ដោះ​លែង​លោក កឹ​ម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ។ ២- ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់ មក​លើ​ថ្នាក់ដឹកនាំ​ទាំង​១១៨ នាក់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​។ ៣- បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ។ ៤- សង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នូវ​តំណែង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ។ ៥- បោះ​ឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ឡើង​វិញ ដោយ​មានការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោយ​មានការ​ត្រូ​ត​ពិនិត្យ​ពី​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ