ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​«​ភ្នំ​តា​ម៉ៅ​»​ប្រែ​មុខមាត់​យ៉ាងណា​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ?

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​៖ ពិតជា​មិន​នឹក​ស្មាន​ដល់​ទេ នៅ​រម​នី​យ​ដ្ឋា​ន​«​ភ្នំ​តា​ម៉ៅ​» គឺ​មានការ​រៀបចំ​បាន​យ៉ាង​ល្អ និង​ស្អាត​​ខុស​ពី​មុន ដោយមាន​របៀប​តាម​កន្លែង​នីមួយ​ៗដែល​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​។ គេ​សង្កេត​ឃើញ​ការ​រៀបចំ​បាន​ល្អ​ជាង​មុន​ ចាប់តាំងពី​មាត់​ខ្លោងទ្វារ​ច្រកចូល​ឡើង​ទៅ​លើដល់​លើ​ភ្នំ ហើយ​សល់តិចតួចប៉ុណ្ណោះ…

ខេត្តតាកែវ​៖ ពិតជា​មិន​នឹក​ស្មាន​ដល់​ទេ នៅ​រម​នី​យ​ដ្ឋា​ន​«​ភ្នំ​តា​ម៉ៅ​» គឺ​មានការ​រៀបចំ​បាន​យ៉ាង​ល្អ និង​ស្អាត​​ខុស​ពី​មុន ដោយមាន​របៀប​តាម​កន្លែង​នីមួយ​ៗដែល​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​។ គេ​សង្កេត​ឃើញ​ការ​រៀបចំ​បាន​ល្អ​ជាង​មុន​ ចាប់តាំងពី​មាត់​ខ្លោងទ្វារ​ច្រកចូល​ឡើង​ទៅ​លើដល់​លើ​ភ្នំ ហើយ​សល់តិចតួចប៉ុណ្ណោះ មិន​ទាន់​បាន​ល្អ​នៅឡើយ ។

អ្នក​ទៅ​លេង​ភ្នំ​តា​ម៉ៅ ​នៅ​ពេល​នេះ​មានការ​ភ្ញាក់ផ្អើល​នឹង​ការ​រៀបចំ​បាន​ល្អ​ប្រសើរ​ជាង​មុន​ បូករួមទាំង​ទេស​ភាព ទឹកស្រះថ្លាឆ្វង់ គួរឱ្យគយគន់ និងចង់ថតរូបស្វែលហ្វីនូវសម្រស់ធម្មជាតិបៃតងពិតៗ​នេះ ។

អ្នកនាងវ​ណ្ណា ​ដែល​បាន​ទៅ​លេងភ្នំ​​តា​ម៉ៅ​ថ្មី​ៗ​នេះ​បាន​និយាយ​ថា​ ​«ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ហើយ​សប្បាយចិត្ត ដោយ​ឃើញ​ថា​ ភ្នំ​តា​ម៉ៅ​ពេល​នេះ​រៀបចំបានល្អ​ជាង​មុន​ច្រើន​» ។

បើសិនជា​អ្នក​ខានទៅ​ទីនោះ​យូរ អ្នក​អាច​នឹង​អាច​ជិះ​វង្វេងផ្លូវ​បាន ​ដោយសារ​ផ្លូវ​មានការ​ចាក់​បេតុង​ស្អាត​ភ្លឹង​ៗ និង​មាន​ផ្លូវ​២ ទៅ​៣​ច្រក​ឯណោះ​មុន​ជិះ​ចូល​ដល់​ភ្នំ​ ។​ ប៉ុន្តែ​គេ​ក៏​បានឃើញ​ដាក់​ផ្លា​ក​ជា​សញ្ញា​សម្គាល់​ច្រកចេញ​-​ច្រកចូល​ដែរ ​។ យើង​ពិតជាដឹង​ហើយ​ថា រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ គឺ​ស្ថិត​ក្នុង​ទឹកដី​ខេត្តតាកែវ ដោយ​​យើង​អាច​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិកណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ។

នៅ​ពី​ខាង​មុខ​ខ្លោងទ្វារ​ច្រកចូល​ទៅ​ភ្នំ ពលរដ្ឋ​ដាក់​តាំង​លក់​នំចំណី​អាហារ និង​មាន​លក់​ភេសជ្ជៈ​ពី​ខាង​មុខ​ខ្លោងទ្វារ ។ បើ​យើង​ជិះ​ចូល​គឺ​នឹង​ឃើញ​ផ្លូវ​ចាក់​បេតុង​ស្អាត ងាយស្រួល​ឱ្យ​បងប្អូន​ធ្វើ​ដំណើរ​ងាយស្រួល​ទាំង​រថយន្ត ម៉ូតូ ដែល​វា​ខុស​ពី​កាល​ប៉ុន្មាន​ឆ្នាំ​មុន ផ្លូវ​មាន​ខូច​និង​គ​ន្លុ​ក​ធំ​ៗ​ជា​ច្រើន​កន្លែង ។​ចំណែក​ការ​សុំ​លុយ តាម​ដងផ្លូវ​ក៏​មិនសូវ ឃើញមាន​ផង​ដែរ ​។

ស្រមៃ​កាលពី​ជំនាន់​មុន​វិញ​ នៅ​ទីតាំង​សួនសត្វ​ចម្រុះ គឺ​គេ​រៀបចំ​ដាក់​តែ​មួយ​កន្លែង​ទេ ដើម្បី​ឱ្យ​បងប្អូន​ដើរ​លេង ​និង​មើល​កម្សាន្ត ។ ប៉ុន្តែ​ពេល​នេះ ​គឺ​គេ​បាន​រៀបចំ​ប្លែក​ហើយ​ទីតាំង​ធំ​ទូលាយ​ជាង​មុន​ទៀត​ផង ដោយ​មាន​ទ្រុង​សត្វ​គ្រប់​ប្រភេទ ​ដែលគេ​យក​មក​ដាក់​ចិញ្ចឹម​ក្នុង​ទ្រុង​សត្វ​នីមួយ​ៗ​ គឺ​មាន​ដាក់​ជា​អក្សរ​ខ្មែរ​និង​បរ​ទស​បញ្ជាក់​ពី​ឈ្មោះសត្វ​នោះ ឱ្យ​ភ្ញៀវ​ទេសចរ​ខ្មែរ​និង​បរទេស​បានដឹង​និង​ស្គាល់ ។

ជាក់ស្តែង​ក្នុង​ទ្រុង​សត្វ​នីមួយ​ៗ ​គឺ​ឃើញ​មាន​សត្វ​ក្រពើ​ធំ​-​តូច​២​ទៅ​៤​ក្បាល​, សត្វ​ពស់​, សត្វ​ប្រើស​តូច​-​ធំ​, សត្វអណ្តើកធំ-តូច, សត្វ​ស្វា​, ខ្លាឃ្មុំ​ព្រៃ​, ក្តាន់​, សត្វ​ទោច និង​ដំរី ។​ល​។​….​ឱ្យ​បងប្អូន​យើង​ដើរ​ទស្សនា​តាម​ទីតាំង​កន្លែង​នីមួយ​ៗ ។ ចំពោះ​សត្វ​ណា​ដែល​កាច​ៗ​នោះ​ គឺ​ដាក់​របង​ការពារ​យ៉ាង​មាំទាំ ដើម្បី​កុំឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​បងប្អូន​ដែល​កំពុង​ដើរ​មើល ។

ក្រឡេក​មក​មើល​ក្បែរ​ជណ្តើរ​ឡើង​ ទៅ​កាន់​លើ​ភ្នំ​តា​ម៉ៅ​វិញ គឺ​ឃើញ​បងប្អូន​មួយ​ចំនួន​កាន់​ធូប ទៀន ឡើង​​ទៅ​អុជ​នៅ​លើ​ភ្នំ​បន់ ស្រន់​ពី​រូបសំណាក​តា​ម៉ៅ ដើម្បី​សុំ​សេចក្តីសុខ ។ ឯ​ខ្លះ​ទៀត បាន​ដើរទៅ​ទិញ​ម្ហូប នំ ចំណី អាហារ ដែល​គេ​ដាក់តាំង​លក់​ មាន​ដូច​ជា​មាន់​ដុត​, ត្រីអាំង​, ក្តាម​បំពង និង​ខ្លាញ់​ក្តាម​អាំង​ជាដើម ក្នុង​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន ។

បងប្អូន​ខ្លះ​ បាន​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ពេល​គាត់​ទិញ​ចំណីអាហា​រួច​ហើយ ក៏​ក្រាលកន្ទេល​ក្រោម​ម្លប់​ដើមឈើ​ធំ​ៗ ញ៉ាំ​អាហារ និង​ផឹក​ជុំ​បងប្អូន​យ៉ាង​សប្បាយ​រីករាយ ។ ឯ​ខ្លះ​ទៀត បាន​ទៅ​សម្រាក​ក្នុង​តូប​ដែល​គេ​សង់ដោយ​មាន​អង្រឹង​ចង ឱ្យ​សម្រាក និង​អាច​កុម្ម​ង់​ម្ហូប​បាន​តាម​ដែល​យើង​ត្រូវការ ដោយ​មិន​មាន​គិតថ្លៃ​តូប​នោះ​ទេ ។

សរុប​មក គឺ​ពិតជា​មានការ​ប្រែប្រួល​ខ្លាំង​ នៅ​ក្នុង​រម​នី​យ​ដ្ឋា​ន​ភ្នំ​តា​ម៉ៅ​នា​ពេល​បច្ចុប្បន្ន ។ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជាពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​កំពុង​បាន​អភិវឌ្ឍន៍​ជា​ប្រចាំ ឱ្យទាន់​សម័យកាល​ដ៏​ស៊ី​វិ​ល័យ​និង​កាន់​តែ​ទំនើប ។

បងប្អូន​ខ្មែរ​សង្ឃឹម​ទៀត​ថា នៅ​ថ្ងៃ​មុខ​ តាម​រមណីយដ្ឋាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​អាច​រក្សា​រូបរាង សម្រស់ និងភាព​ទាក់ទាញ​បាន ដើម្បី​ទុក​ឱ្យ​កូនចៅខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ បានដឹង ​ពី​ប្រវត្តិ​នៃ​តំបន់​រមណី​ដ្ឋា​ន​នីមួយ​ៗ ឱ្យ​បាន​ច្បាស់លាស់​ និង​ដើម្បី​ការ​កម្សាន្ត ។

បើ​បងប្អូន​ចង់​ដឹង​ថា តើ​ភ្នំ​តា​ម៉ៅ​ពេល​នេះ​បាន​ប្រែប្រួល​អ្វីខ្លះ​នោះ តោះ​នាំ​គ្នា​ទៅ​លេង​លំហែ​អារម្មណ៍​ជាមួយ​ទេសភាព​ធម្មជាតិ បៃតង​ស្រស់​ត្រកាល និង​ខ្យល់អាកាស​បរិសុទ្ធ​ម្តង​មើល៍​….!!!!

(ដោយ៖ ស្រីណា)