ខេត្តមណ្ឌលគិរី ៖ ដំណាំស្វាយចន្ទីត្រូវបានប្រជាកសិកររស់នៅតំបន់ខេត្តមណ្ឌលគិរី បង្កើនការដាំដុះ ក្រោយស្ងប់ស្ងាត់មួយរយៈព្រោះតែដំណាំម្រេចវាយលុក តម្លៃលើទីផ្សារខ្លាំង កាលពី៣ឆ្នាំមុន ។
គេសង្កេតឃើញថា ដីនៅតំបន់ភូមិភាគឦសានសម្បូរទៅដោយភ្នំ ហើយដីជាប្រភេទដីក្រហមស្អិត ដូច្នេះបានអំណោយផលទៅលើការដាំដុះដំណាំស្ទើរគ្រប់ប្រភេទមានដូចជា ម្រេច ដំឡូងមី កាហ្វេ ប៊រ សណ្តែកបាយ សណ្តែកសៀង ស្វាយចន្ទី ជាដើម ។ កាលពីឆ្នាំ២០១៥ ចម្ការស្វាយចន្ទីរាប់រយហិកតា ត្រូវបានម្ចាស់កាប់ចោល រួចធ្វើការដាំដុះដំណាំម្រេចវិញ ត្បិតតម្លៃម្រេចនាពេលនោះបានឡើងដល់៤៥ ០០០រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃស្វាយចន្ទីបានត្រឹម២០០០រៀលទៅ៣០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។
បន្ទាប់ពីទំហំផ្ទៃដីប្រមូលផលស្វាយចន្ទីថយចុះស្ទើរលែងមានផលិតផលសម្រាប់នាំចេញ តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់រហូតដល់៨៥០០រៀលក្នុងមួយគីឡូក្រាម (តម្លៃក្នុងឆ្នាំ២០១៨) ខណៈដែលតម្លៃម្រេចបានធ្លាក់ចុះនៅត្រឹម៩១០០រៀលក្នុងមួយគីឡូក្រាម (តម្លៃដើមឆ្នាំ២០១៩) ដែលធ្វើឲ្យប្រជាកសិករយំមិនចេញ ព្រោះការចំណាយទុនដាំម្រេច គឺអស់ថ្លៃដើមច្រើនខ្លាំងពេក ។
កសិករនៅស្រុកកែវសីមាបានឲ្យដឹងថា «ការដាំស្វាយចន្ទី គឺមានភាពងាយស្រួលជាងដំណាំម្រេចទ្វេដង និងងាយថែទាំបំផុត…ចំណែករយៈពេលប្រមូលផលត្រឹម២ឆ្នាំក្រោយ ដាំអាចទទួលផលគ្រាប់ស្វាយចន្ទីដំបូងប្រមាណ៣០០គីឡូក្រាម ទៅ៥០០គីឡូក្រាម ក្នុងមួយហិកតា គ្រាន់នឹងដោះស្រាយលើថ្លៃពលកម្ម…រហូតដើមស្វាយចន្ទីមានអាយុចាប់ពី៣ឆ្នាំឡើងម្ចាស់ចម្ការ អាចទទួលផលទ្វេគុណពីគ្រាប់ស្វាយចន្ទីដោយក្នុងមួយហិកតាគេអាចទទួលផលចាប់ពី១៥០០គីឡូក្រាម ទៅ៣០០០គីឡូក្រាម ក្នុងមួយហិកតា ឬលើសពីនេះទៅតាមការថែទាំរបស់ម្ចាស់ចម្ការ» ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា «ដំណាំស្វាយចន្ទី ផ្ទៃដីអនុវត្តបានសរុបចំនួន៥៦៧៦ហិកតាតម្លៃនៅស្រុកកែវសីមា៥០០០រៀលទៅ៥៤០០រៀល ក្នុងមួយគីឡូក្រាម (តម្លៃដើមឆ្នាំ២០១៩)…ក្នុងនោះមន្ត្រីជំនាញបានចុះអប់រំផ្សព្វផ្សាយពីបច្ចេកទេសជាប្រចាំដល់កសិករ ដើម្បីយល់ដឹងពីវិធីសាស្ត្រក្នុងការការពារដំណាំពីការបំផ្លាញរបស់សត្វល្អិត នឹងបង្រៀនពីរបៀបផលិតជីសេរីរាង្គសម្រាប់ប្រើតាមបែបធម្មជាតិជៀសវាងការប្រើថ្នាំគីមីហួសប្រមាណដែលប៉ះពាល់សុខភាព» ៕
ចែករំលែកព័តមាននេះ