ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​សមាជិក​សភា​ស្ត្រី APPF លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយសារ​ការ​រីក​ចម្រើន​ខ្លាំង​ខាង​បច្ចេកវិទ្យា​សកម្មភាព​ជ្រុលនិយម ការ​ប្រកាន់ពូជសាសន៍​ជាដើម​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការងារ​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ស្ត្រី និង​កុមារ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា…

ខេត្តសៀមរាប ៖ ដោយសារ​ការ​រីក​ចម្រើន​ខ្លាំង​ខាង​បច្ចេកវិទ្យា​សកម្មភាព​ជ្រុលនិយម ការ​ប្រកាន់ពូជសាសន៍​ជាដើម​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការងារ​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ស្ត្រី និង​កុមារ ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក បាន​លើក​ពី​សារៈសំខាន់​របស់​ស្ត្រី​នៅ​ក្នុង​សង្គម ប៉ុន្តែ​សម្តេច​បាន​លើក​ឡើង​ថា ដោយសារ​ការ​រីក​ចម្រើន​ខ្លាំង​ខាង​បច្ចេកវិទ្យា​សកម្មភាព​ជ្រុលនិយម​ការ​ប្រកាន់ពូជសាសន៍​ជាដើម​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការងារ​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ស្ត្រី និង​កុមារ ។

សម្តេច​បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​ស្ថានការណ៍​សកលលោក​បែប​នេះ​ទាមទារ​ឲ្យ APPF ត្រូវ​តែ​បន្ត​ផ្តោតអារម្មណ៍ និង​បង្កើន​កិច្ចសហកា ប្រឹងប្រែង​របស់​យើង​ទ្វេ​ដង​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សកលលោក និង​ស​ម្រ​ច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ គួរ​បង្កើត​ឱ្យ​មាន​យន្តការ​តាមដាន​វាយតម្លៃ និង​រៀនសូត្រ​អំពី​សមភាព​យេ​ន​ឌ័​រ នៅ​ក្នុង​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក សម្រាប់​តាមដាន​ពី​ការ​អនុវត្ត​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​សមភាព​យេ​ន​ឌ័​រ និង​ផ្តល់​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ជា​ពិសេស​គោលដៅ​ទី​៥ ។

សម្តេច​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនូ​ន​ដល់​កិច្ចប្រជុំ ដើម្បី​ពិចារណា​ដែល​មាន​ដូច​ជាទី​១-​គួរ​បង្កើត​ឱ្យ​មាន​ក្រុមការងារ​សម្រាប់​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជា​ពិសេស​ផល​ប៉ះពាល់​មក​លើ​ស្ត្រី និង​ក្មេង​ស្រី និង​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ​មួយ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ស្ត្រី​អាច​ផ្លាស់​ប្តូរ​ស្ថានភាព​របស់​ខ្លួន​ទៅ​តាម​បដិវត្តន៍ ឧស្សាហកម្ម និង​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​ទាំងនោះ​។ ទី​២-​ត្រូវ​បង្កើត​ឱ្យ​មាន​គោលនយោបាយ​អប់រំ​ប្រកបដោយ​ចីរភាព និង​ទូលំទូលាយ និង​ត្រូវ​បែងចែក​ថវិការដ្ឋ​ឱ្យ​បាន​ច្រើន​សម្រាប់​ជំរុញ​ការ​អប់រំ​ស្រី្ត​វ័យក្មេង នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​(​ស្ទែ​ម​) ។

ទី​៣-​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ជា​ពិសេស​ការ​អប់រំ​មូលដ្ឋាន​សម្រាប់​ក្មេង​ស្រី ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល និង​ក្មេង​ស្រី​ងាយ​រង​គ្រោះ​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក និង​សកលលោក ។ ទី​៤ រាល់​ប្រព័ន្ធ​គាំពារ​សង្គម​ទាំងអស់​គួរ​បង្កើន​មូលនិធិ និង​ការ​យកចិត្តទុកដាក់​សម្រាប់​ស្ត្រី និង​ក្មេង​ស្រី និង​ជា​ពិសេស​ជន​ដែល​រង​គ្រោះ​ដោយ​ប្រធាន​សក្តិ​ផ្សេង​ៗ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF ជា​កិច្ចប្រជុំ​មួយ​ក្នុង​ចំណោម​វិស័យ​នានា​ដែល​កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​២៧ ត្រូវ​លើក​មក​ជជែក​ពិភាក្សា​ដែល​មាន​ដូច​ជា វិស័យ​នយោបាយ សេដ្ឋកិច្ច សន្តិសុខ ជាដើម ។ បន្ទាប់​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ប្រកាស​បើក​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF រួច​ហើយ​កិច្ចប្រជុំ​នេះ​បាន​បន្ត​ពិភាក្សា​ទៀត​ក្រោម​ការ​ដឹកនាំ​កិច្ចប្រជុំ ដោយ​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF ។

កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF បាន​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​បី មាន ប្រធានបទ​ទី​១ ការ​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​សមភាព​យេ​ន​ឌ័​រ និង​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ ប្រធានបទ​ទី​២ ការ​ធានា​នូវ​សមភាព​រវាង​ស្ត្រី និង​បុរស​ឲ្យ​ទទួល​បានការ​អប់រំ ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​សន្តិភាព និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្រធាន​ទី​៣ គឺ​លើកកម្ពស់ សមភាព​យេ​ន​ឌ័​រ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី តាម​រយៈ​ការ​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​នៅ​គ្រប់​កម្រិត ។

សេចក្តី​ព្រាង​សេចក្តីសម្រេច​ទាំងនេះ​នឹង​ត្រូវ​លើកយក​ទៅ​ជជែក​បន្ត​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​នេះ និង​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ