ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​4 មិន​ឱ្យ​បម្រើសេវា​ហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន​៤​បន្ថែម​ទៀត​នៅ​ដើមឆ្នាំ​២០១៩​នេះ ដោយសារ​តែ​គ្រឹះស្ថាន​ទាំងនោះ​មិន​បាន​អនុវត្ត​ពេញលេញ​ទៅ​តាម​ការ​កំណត់​របស់​ធនាគារជាតិ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​ដែល​ចេញ​ផ្សារ​កាលពី​ថ្ងៃ​ទី ៩ មក​រា បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន​៤​បន្ថែម​ទៀត​នៅ​ដើមឆ្នាំ​២០១៩​នេះ ដោយសារ​តែ​គ្រឹះស្ថាន​ទាំងនោះ​មិន​បាន​អនុវត្ត​ពេញលេញ​ទៅ​តាម​ការ​កំណត់​របស់​ធនាគារជាតិ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​ដែល​ចេញ​ផ្សារ​កាលពី​ថ្ងៃ​ទី ៩ មក​រា បាន​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា សម្រេច​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះបញ្ជី​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ​(​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​)​ចំនួន​៤​គឺ គ្រឹះស្ថាន​ឥណទាន និវត្តន៍ ហ្វា​យ​នែ​ន ម​.​ក​, សកល ហិរញ្ញវត្ថុ ម​.​ក​, អង្គការ​រូបិយ​បណ្ណ​ខ្មែរ​(​ខេ​.​អឹ​ម​), និង​គ្រឹះស្ថាន ស៊ី​ស៊ី ហ្វា​យ​នែ​ន ម​.​ក ។

ទាក់ទង​នឹង​ការ​ដក​អាជ្ញាប័ណ្ណ​នេះ នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក យុន សុ​វ​ណ្ណា បាន​ប្រាប់​សារព័ត៌មាន​កោះសន្ដិភាព កាលពី​ថ្ងៃ​ទី​១០ មក​រា កន្លង​មក​ថា ធនាគារជាតិ បន្ទាប់​ពី​បាន​ផ្តល់​ការ​អនុញ្ញាត​ប្រតិបត្តិការ​ដល់​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយ​ចំនួន​មក ឃើញ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មានការ​បញ្ឈប់​ឬ​ដក​អាជ្ញាប័ណ្ណ​ត្រឡប់​ទៅ​វិញ​ជា​បន្ដបន្ទាប់ ហើយ​ការ​ដក​នេះ​មាន​ហេតុផល​ចម្បង​ៗ​ដែល​ធនាគារជាតិ​ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ដូច​ជា បញ្ហា​ផ្នែក​បច្ចេកទេស​ដោយ​គ្រឹះស្ថាន​ទាំងនោះ​មិន​បាន​អនុវត្ត​ពេញលេញ​ទៅ​តាម​អ្វី​ដែល​ធនាគារជាតិ​កំណត់​ជាដើម ។ ក្រៅពី​នេះ អាច​មក​ពី​គ្រឹះស្ថាន​បាន​កែប្រែ​នូវ​គំរូ​អាជីវកម្ម ឬ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​តែ​ម្តង​។ ដូចនេះ​ធនាគារជាតិ​ត្រូវ​តែ​ដកហូត​មកវិញ ។

លោក​គិត​ថា ៖« ការ​ដក​អាជ្ញាប័ណ្ណ​នេះ វា​មានរឿង​វិជ្ជមាន​ច្រើន​ជាង​រឿង​អវិជ្ជមាន ។ ក្នុង​ករណី​ណាមួយ​ដែល​ពួក​គាត់​ងាក​ចេញពី​ការ​គ្រប់គ្រង និង​កាតព្វកិច្ច​ផ្លូវច្បាប់​ពាក់ព័ន្ធ​ការ​ផ្តល់​សេវា​ឥណទាន ទៅ​ផ្តល់​សេវា​ឥណទាន​ក្រៅ​កាតព្វកិច្ច​នៃ​ច្បាប់ វា​នឹង​អាច​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ »​។ លោកនាយក​ប្រតិបត្តិ​សមាគម បាន​លើក​ឡើង​ថា ៖« មក​ដល់​ពេល​នេះ យើង​ពុំ​ទាន់​មាន​ទិន្ន័យ ឬ​របាយការណ៍​ជាក់លាក់​ណាមួយ​នោះ​ទេ ទាក់ទង​នឹង​ការ​ចូលរួម​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ​នេះ ដោយសារ​គ្រឹះស្ថាន​នេះ​ពី​ដើម​ឡើយ​មិន​តម្រូវ​កាតព្វកិច្ច​រាយការណ៍ »​។

ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្នាំ​២០១៨ ក៏​បាន​សម្រេច​ដកហូត​វិញ្ញ​បន​ប​ត្រ​បញ្ជាក់​ការ​ចុះបញ្ជី​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ​(​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​)​ចំនួន​២ និង​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៤ បញ្ឈប់​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​តាម​ការ​ស្នើ​សុំ​របស់​គ្រឹះស្ថាន​ផង​ដែរ ក្នុង​នោះ​មាន​ដូច​ជា គ្រឹះស្ថាន អេស ជី​ហ្វា​នែ​ន​, ឥណទាន​វី​សា ភី​អិ​ល​ស៊ី​, សមាគម​ផ្ត​ម​គំនិត​ពាណិជ្ជកម្ម​, អង្គការ​ឥណទាន​លុប​បំបាត់​ភាព​ក្រីក្រ​, សមាគម​អភិវឌ្ឍន៍​ភូមិ​, អង្គការ​លោកគ្រូ​, ស៊ី​អេ​ច​អេ​ហ្វ​ឌី ហ្វា​យ​នែ​ន​, ឥណទាន​មរតក ភី​អិ​ល​ស៊ី​, ចំរើន​ភោគផល ហ្វា​យ​នែ​ន​, ផ​ប ម​.​ក​, ធនាគារ​ហិរញ្ញវត្ថុ​ប្រជាជន ម​.​ក​, ព្រាប​ស​ហ្វា​យ​នែ​ន ម​.​ក​, ស៊ី​.​ស៊ី​.​អូ ហ្វា​យ​នែ​ន ម​.​ក​, ស្រូវ​ទុំ ហ្វា​យ​នែ​ន ម​.​ក​, សម្បត្តិ​ឥណទាន អភិវឌ្ឍន៍ សេដ្ឋកិច្ច​គ្រួសារ​,​ហ្វឺ​ស​កូ ម​.​ក​, អូ ស៊ី​ហ្វា​យ​នែ​ន​, គ្រួសារ ខ្មែរ ហ្វា​យ​នែ​ន​, សុភមង្គល​សេដ្ឋកិច្ច​គ្រួសារ ម​.​ក​, ទិ​ត្យ​វ​ឌ្ឍ​នា ហ្វា​យ​នែ​ន ម​.​ក​, វាសនា ហិរញ្ញវត្ថុ ម​.​ក​, ណាយ​ស៍ ហ្វា​យ​នែ​ន ម​.​ក​, ធី អេ​ច អេ អេ​ហ្វ ម​.​ក​, និង​អេស​.​អិ​ល​.​អិ​ម​.​អេ​ច ម​.​ក ។

គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨ គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​ចំនួន​៣០២ ដែល​បាន​ប្រតិបត្តិការ​ផ្ដល់​សេវា​ឥណទាន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ