ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​មាន​គម្រោង​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ពី​ភ្នំពេញ​ទៅ​ស្ដា​ត​មរតក​តេ​ជោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​សាងសង់​រថភ្លើង​លើ​អាកាស​ពី​ភ្នំពេញ​ទៅ​កាន់​ពហុ​កីឡដ្ឋាន​មរតក​សម្ដេច​តេ​ជោ អ្នកនាំពាក្យ​ក្រសួង​ពាក់ព័ន្ធ​បាន​ថ្លែង​ថា មិន​ទាន់​មាន​គម្រោង​សិក្សា និង​ការ​សាងសង់​នៅឡើយ​ទេ ។ លោក ម៉េ​ត មាស​ភក្តី…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​សាងសង់​រថភ្លើង​លើ​អាកាស​ពី​ភ្នំពេញ​ទៅ​កាន់​ពហុ​កីឡដ្ឋាន​មរតក​សម្ដេច​តេ​ជោ អ្នកនាំពាក្យ​ក្រសួង​ពាក់ព័ន្ធ​បាន​ថ្លែង​ថា មិន​ទាន់​មាន​គម្រោង​សិក្សា និង​ការ​សាងសង់​នៅឡើយ​ទេ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក​ថា សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​សិក្សា ឬ​ស្ថាប័ន​ណាមួយ​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​អាកាស (Sky Train) ពី​កណ្តាល​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្តា​ត​មរតក​សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា​នៅឡើយ​ទេ ។ លោក​បន្ត​ថា ៖« គម្រោង​នេះ​មិន​ទាន់​បាន​សិក្សា​នៅឡើយ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ »​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា​ស៊ឹ​ម សូ​រិ​យា ក៏​បាន​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ខាងលើ​ផង​ដែរ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្តា​ត​មរតក​សម្តេច​តេ​ជោ ហ៊ុន សែន​នោះ​ទេ ។ លោក​បន្ត​ថា ៖« តាម​អ្វី​ដែល​ខ្ញុំ​ដឹង គឺ​មិន​មាន​គម្រោង​នេះ​ត្រូវ​បាន​សិក្សា​នៅឡើយ​ទេ »​។

ទោះបី​យ៉ាងនេះ​ក្ដី យោង​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ស្រង់​សម្ដី​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៨ កន្លង​មក​គ្រា​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជិះ​កង់​កម្សាន្ដ​មហាជន ដើម្បី​អបអរសាទរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ថា ក្រសួង​បាន​ស្នើ​ឲ្យ​អង្គការ​JICA សិក្សា​ពី​ការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស (AGT) ពី​រាជធានី​ភ្នំពេញ ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លី​យ៉ុ​ង​ផាត់ ខណៈ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

គេហទំព័រ​ដដែល​នោះ​បាន​ស្រង់​សម្ដី​លោក ទេស​រដ្ឋមន្ត្រី ដោយ​លោក​បាន​បន្ថែម​ថា ក្រសួង​ក៏​បាន​ស្នើ​ឱ្យ​វិស័យ​ឯកជន សិក្សា​គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង ពី​ព្រ​លាន​យន្តហោះ​ទៅ​ស្ថានីយ​ភ្នំពេញ និង​ទៅ​ដល់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង
ដែរ ។ កន្លង​មក ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់ JICA​បាន​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ចំនួន​៣​ខ្សែ នៅ​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​បាន​ឆ្លើយ​តប​ពី​រាជរដ្ឋាភិបាល​នៅ
ឡើយ ។

គម្រោងការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស នេះ​បាន​សិក្សា​ទៅ​លើ​ផ្លូវ​ចំនួន​៣​ខ្សែ ដោយ​ខ្សែ​ទី​១ ចាប់ផ្តើម​ពី​មហាវិថី​កម្ពុជា​ក្រោម​, មហាវិថី​ព្រះ​មុនី​វង្ស​, មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​រង្វង់​មូល​ចោម​ចៅ​។ ខ្សែ​ទី​២ ចាប់ផ្តើម​ពី​មហាវិថី​ព្រះ​មុនី​វង្ស រត់​ស្រប​ផ្លូវ​រថភ្លើង​(​ចាស់​) ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខ្សែ​ទី​៣ ចាប់ផ្តើម​ពី​ផ្សារ​ធំ​ថ្មី​, មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល​, មហាវិថី​ព្រះ​មុនី​រ៉េ​ត​, ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​រង្វង់​មូល​ចោម​ចៅ និង​បត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ ។

គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ គឺជា​គំនិត​ផ្ដួចផ្តើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លង​មក ។ ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​បាន​ស្នើ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ ឲ្យ​ជួយ​គិតគូរ​ផ្ដល់​ជំនួយ​ជា​ហិរញ្ញវត្ថុ​និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​ដឹក​ជញ្ជូន ជា​ពិសេស រៀបចំ​ឲ្យ​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​បែប​នេះ ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​ពលរដ្ឋ ព្រមទាំង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេង​ៗ ។

អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ថ្លែង​កន្លង​មក​ថា ការ​សាងសង់​រថភ្លើង​លើ​អាកាស ជា​ជម្រើស​ល្អ​មួយ​នា​ពេល​អនាគត ព្រោះ​វា​ជួយ​សម្រួលការ​ដឹក​ជញ្ជូន និង​ការ​កកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​រថភ្លើង​លើ​អាកាស​នឹង​ជា​ជម្រើស​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ខណៈ​ការ​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​របស់​សាលាក្រុង​ភ្នំពេញ ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​បណ្តើរ​ៗ​ហើយ ហើយ​វា​ក៏​បង្ហាញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ដែរ ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកជំនាញ​រូប​នេះ​បន្ថែម​ថា ៖« រថភ្លើង​អាកាស ក៏​នឹង​ចូលរួម​ចំណែក​លើកកម្ពស់​សោភ័ណ​ភាព និង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ផង​ដែរ ប៉ុន្តែ​ការ​សិក្សា​លើ​បណ្តាញ​នេះ​ទាមទារ​ឲ្យ​មាន​ភាព​ច្បាស់លាស់ ដើម្បី​ទទួល​បាន​សោភ័ណ​ភាព​ផង និង​មិន​ប៉ះពាល់​បរិស្ថាន​ផង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ