ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជាខេត្តមួយដែលស្ថិតនៅតំបន់វាលរាបជាប់ដងទន្លេមេគង្គ និងត្រូវបានទឹកទន្លេហូរនាំដីល្បាប់ដែលសម្បូរជីជាតិមកចាក់គ្របដណ្តប់លើជារៀងរាល់ឆ្នាំ ។
ផ្អែកលើកត្តាធម្មជាតិ១នេះបានធ្វើអោយផ្ទៃដីទូទាំងខេត្តមានអំណោយផលខ្លាំងលើការងារកសិកម្ម និងអាចអោយប្រជាកសិករធ្វើស្រែចម្ការបានគ្រប់រដូវ ។
លោក អ៊ុង សារឿន ប្រជាកសិករនៅភូមិត្នោតទ្រេត ឃុំតាកោ ស្រុកពោធ៌រៀង បានលើកឡើងថា ដោយសាររាជរដ្ឋាភិបាលបានជីកប្រឡាយមេខ្វាត់ខ្វែងមានទឹកគ្រប់គ្រាន់ធ្វើអោយពួកគាត់ជាប្រជាកសិករអាចធ្វើស្រែចម្ការបានរហូតដល់ទៅ៣ដងក្នុងមួយឆ្នាំ និងបានជួយអោយពួកគាត់មានជីវភាពធូរធារជាងមុនផងដែរ ។ កសិកររូបនេះបានបន្តថា សម្រាប់ពេលនេះទាំងរូបលោកក៏ដូចជា កសិករដទៃទៀតនៅក្នុងស្រុកកំពុងមមារញឹកក្នុងការធ្វើស្រូវរដូវប្រាំងបន្តទៀត បន្ទាប់ពីប្រមូលផលស្រូវរដូវវស្សារួចហើយនេះ គឺជាវគ្គទី២ផងដែរ ។
កសិករដដែលនេះបានបញ្ជាក់ថា ការធ្វើស្រូវរដូវវស្សាពួកគាត់គ្រប់គ្នាធ្វើទុកសម្រាប់បរិភោគខ្លួនឯង ចំណែកការធ្វើស្រូវរដូវប្រាំងនេះ គឺធ្វើសម្រាប់លក់ដោយធ្វើស្រូវប្រភេទណាំបូង ព្រោះស្រូវនេះមិនពិបាកថែទាំមានអាយុកាលខ្លីតែ៣ខែ គឺអាចប្រមូលផលបាន ហើយសម្បូរទីផ្សារថែមទៀតផង ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានអោយដឹងថា ល្បឿននៃការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០១៩នេះមានសន្ទុះខ្លាំងជាងឆ្នាំមុនគិតត្រឹមដើមខែមករានេះការភ្ជួររាស់រៀបចំដីសម្រេចបានលើផ្ទៃដីសរុបចំនួន៩៩.១០១ហិកតា ការដាំដុះសម្រេចបានលើផ្ទៃដីចំនួន៩៩.១០១ហិកតា ស្មើនឹង១៣២,១៣% នៃផែនការ ៧៥.០០០ហិកតាខ្ពស់ជាងឆ្នាំ ២០១៧ និង២០១៨ ចំណែកការងារប្រមូលផលស្រូវសរុបបានចំនួន៤១៦៥ហិកតា ស្មើនឹងទិន្នផលសរុបចំនួន១៩.៩៧៧តោន លើទិន្នផលមធ្យម ៤,៧៩តោនក្នុង១ហិកតា ៕
ចែករំលែកព័តមាននេះ