រាជធានីភ្នំពេញ ៖ អតីតឧត្តមប្រឹក្សាគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានអះអាងថាហេតុដែលលោកសម្រេចចិត្តសុំសិទ្ធិនយោបាយដោយសារតែលោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិបានកុហកច្រើនលើកច្រើនសារ ។
ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បន្ទាប់ពីលោកបានធ្វើលិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញបន្ទាប់ពីត្រូវជាប់បម្រាមរបស់តុលាការកំពូលរយៈពេល៥ឆ្នាំ ។ លើសពីនេះទៅទៀត នោះការសុំសិទ្ធិនយោបាយនេះ ដើម្បី ទៅធ្វើជាទីប្រឹក្សាគណបក្សឆន្ទៈខ្មែរផងដែរ ។ លោកបញ្ជាក់ថា លើបណ្តាញសង្គមយ៉ាងដូច្នេះថា «មិនសុំសិទ្ធិធ្វើនយោបាយឡើងវិញតាមការអំពាវនាវ (ឃាត់ឃាំង) របស់លោក សម រង្ស៊ី គឺជាការបំផ្លាញខ្លួនឯង ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា នឹងបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយតាមបំណងដ៏មុតមាំមូលមាត់រហូតមករបស់ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ ។
ខ្ញុំនឹងទៅទទួលឋានៈជាទីប្រឹក្សារបស់គណបក្សឆន្ទៈខ្មែរជាក់ជាមិនខាន ។ លោកក៏បានលើកឡើងទៀតថា ជាអ្នកដឹកនាំ (កម្លាំងនយោបាយ) ត្រូវដឹងយល់យ៉ាងស៊ីជម្រៅពីបរិយាកាស និងជម្រើសសម្រាប់កាលៈទេសៈនីមួយៗ ។ មុនឆ្នាំ២០១៦ មុន CNRP ត្រូវរំលាយមុនមេដឹកនាំCNRP បាត់បង់ទាំងស្រុងសិទ្ធសេរីភាពដោយអំណាចតុលាការខ្ញុំគង់គាំមានយោបល់ថា ការរួបរួមគ្នាជា «គណបក្សថ្មីមួយ» ដើម្បីត្រៀមចូលរួមការបោះឆ្នោត (ប្រាំឆ្នាំម្តងជាទៀងទាត់) តាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតាមស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា គឺជាជម្រើសតែមួយគត់ ។
ជាមួយគ្នានោះដែរ លោក គង់ គាំ ក៏បានកោតសរសើរគណបក្សឆន្ទៈខ្មែរដែលមានកូនប្រុសលោកជាប្រធានយ៉ាងដូច្នេះថា គណបក្សដែលមិនទុកឲ្យឱកាសកន្លងផុតដោយគ្មានផ្តល់ឱកាសថ្មីសម្រាប់អតីតសកម្មជននយោបាយ និងផ្តល់ជម្រើសថ្មីសម្រាប់អ្នកគាំទ្រសម្រាប់ប្រជា ពលរដ្ឋដែលចង់បានការផ្លាស់ប្តូរជាវិជ្ជមាននៅពេលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះក៏បានសោកស្តាយបំផុតមេដឹកនាំ អញនិយម ប្រធានចលនា និងក្រុមជក់ខ្យល់បុគ្គលនិយម ជាមួយបក្សពួកជាប់ខ្សែនិយមបានដេកផ្ទះ បានទុកម្រាមដៃស្អាតបានរុញស៊ីក្លូចូលឡាន…គឺលើកអំណាចជូន…សម្លាប់ប្រជាធិបតេយ្យ ។ លោកក៏បានចំអកទៅលោក សម រង្ស៊ី ជាមនុស្សបរាជ័យគ្រប់ជំហ៊ានមិនឆ្អែតទេ ក្រោយពីបោកបញ្ឆោតថា ចាំពេលនេះចាំពេលនោះប្រាកដយ៉ាងនេះយ៉ាងនោះ ។
ម្តងជាសន្និសីទកម្រិតពិភពលោកម្តងជាវេទិកាសាធារណៈប្លន់ឋានៈជាប្រធានស្តីទី(បក្សខ្មោច) ហួចផ្លុំអាគម សម រង្ស៊ី -កឹម សុខា ជាមនុស្សតែមួយ ។ ទម្លាក់ចោលការចោទប្រកាន់ – សងអំណាច – បោះឆ្នោតឡើងវិញ អន្តរជាតិសង្កេតការណ៍ ។ លោកក៏ខ្ញុំលើកទឹកចិត្ត និងជម្រុញគម្រោងគណបក្សឆន្ទៈខ្មែរចុះបញ្ជីឈរឈ្មោះបោះឆ្នោតរាជធានីខេត្តក្រុង ស្រុក ខណ្ឌ នៅខែឧសភា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខកុំបីខាន ។
លោកថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បង្កើនសមាជិកក្រុមប្រឹក្សារាជធានីពី២៤ដល់២៧ សមាជិកក្រុមប្រឹក្សាខេត្តពី២១ ដល់២៧ សមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌពី១១ ដល់២១ គឺបើកឱកាសអោយគណបក្សឆន្ទៈខ្មែរទទួលសម្លេងពីទាំង CPP ហ្វុនស៊ីនប៉ិចរួបរួមជាតិ និងអតីត CNRP គឺជាពិតជាក្នុងចេតនាល្អ ។
លោកក៏បានស្នើសូមអតីតមន្ត្រីជាប់ឆ្នោតរបស់អតីត CNRP អាចទទួលយកអំណាចវិញ ជាមួយ CPP ហើយបោះឆ្នោតគាំទ្រគណបក្សឆន្ទៈខ្មែរ ដើម្បីអោយឆ្នាំ២០១៩ មានអំណាចពហុបក្សនៅមូលដ្ឋាន ដើម្បីការឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ មានអំណាចពហុបក្សនៅ ព្រឹទ្ធសភា និងរដ្ឋសភាវិញកុំបីខានផងដែរ ។
សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ លោកគង់ គាំ បានដាក់លិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលោកជួយស្នើសុំសម្តេចនាយករដ្ឋមន្ត្រីបន្តទូលថ្វាយព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទាននីតិសម្បទាធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូលរួចហើយ ៕
ចែករំលែកព័តមាននេះ