ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​ទទួលយក​តែ​ផល​ល្អ​ឯ​ផល​អាក្រក់​ទម្លាក់​ឱ្យ​អ្នក​ដទៃ

5 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា ការ​មាន​ហេតុផល ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់ទោស​កំហុស​អ្នក​ដទៃ នោះ​ឯង​ជា​ឱសថ​ដ៏​ពិសិដ្ឋ​សម្រាប់​កែរោគ​តាម​ផ្លូវចិត្ត​ឱ្យ​ត្រជាក់​ស្រួល ។ យើង​គប្បី​ធ្វើ​ជា​មនុស្ស​មាន​ហេតុផល មានគុណ​ធម៌ ទាំង​ពីរ​ចំណុច​នេះ​នឹង​ជួយ​ឱ្យ​ចិត្តស្ងប់​រម្ងាប់​បាន​ច្រើន​ណាស់ ព្រោះ​យល់​ព្រមទៅ​តាម​ការ​ពិត​ថា…

ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា ការ​មាន​ហេតុផល ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់ទោស​កំហុស​អ្នក​ដទៃ នោះ​ឯង​ជា​ឱសថ​ដ៏​ពិសិដ្ឋ​សម្រាប់​កែរោគ​តាម​ផ្លូវចិត្ត​ឱ្យ​ត្រជាក់​ស្រួល ។

យើង​គប្បី​ធ្វើ​ជា​មនុស្ស​មាន​ហេតុផល មានគុណ​ធម៌ ទាំង​ពីរ​ចំណុច​នេះ​នឹង​ជួយ​ឱ្យ​ចិត្តស្ងប់​រម្ងាប់​បាន​ច្រើន​ណាស់ ព្រោះ​យល់​ព្រមទៅ​តាម​ការ​ពិត​ថា ផល​រមែង​កើតមក​អំពី​ហេតុ ឬ​ហេតុ​បង្ក​ឱ្យ​កើតជា​ផល ។

ផល​ល្អ​ឬ​ផល​អាក្រក់​ដែល​យើង​បាន​ទទួល​នោះ រមែង​ជាប់​ទាក់ទង​មក​អំពី​ហេតុ គឺ​សកម្មភាព​ដែល​យើង​កំពុង​ធ្វើ សកម្មភាព​ដែល​យើង​ប្រព្រឹត្ត​ល្អ​នឹង​បង្ក​ឱ្យ​កើត​ផល​ល្អ ហេតុ​អាក្រក់​បង្ក​ឱ្យ​កើត​ផល​អាក្រក់ ហើយ​ហេតុ​នោះ​ៗ យើង​ជា​អ្នក​ធ្វើ​ឬ​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ផ្ទាល់ ។

តាម​ធម្មតា​មនុស្ស​យើង​នៅ​ពេល​ដែល​បាន​ទទួលផល​ល្អ គឺ​ច្រើន​តែ​ប្រញាប់ប្រញាល់​ទទួលយក​ដោយ​ក្តី​រីករាយ និង​គិត​ថា​ជា​លទ្ធផល​នៃ​ការងារ​ដែល​ខ្លួន​បាន​ធ្វើ ប៉ុន្តែ​នៅ​ពេល​ដែល​បាន​ទទួលផល​អាក្រក់​វិញ​ស្ទើរតែ​គ្រប់​គ្នា​មិនសូវ​ទទួល យក​ទេ ហើយ​ច្រើន​តែ​ទម្លាក់​ទោស​នោះ​ទៅ​ឱ្យ​អ្នក​ដទៃ​ទៀត​ផង ថា​ជា​អ្នក​បង្កហេតុ​នោះ​ៗ​ទៅ​វិញ ។

អ្នកមាន​ហេតុផល​រមែង​មានចិត្ត​ធ្ងន់ រឹងប៉ឹង ប្រាកដ ច្បាស់លាស់ ហើយ​ព្រម​ទទួលយក​ទាំង​ផល​ល្អ ទាំង​ផល​អាក្រក់ ។ ការ​ព្រម​ទទួលយក​នូវ​ហេតុផល​តាម​សេចក្តី​ពិត​នោះ​ឯង គឺជា​កូនសោ​ដ៏​សំខាន់​សម្រាប់​ចាក់​ចូល​ទៅ​រក​ការ​ដោះស្រាយ​នូវ​បញ្ហា ដែល​សុទ្ធតែ​ជា​បញ្ហា​លំបាក​ៗ តែបើ​មិន​ព្រម​ទទួលយក​នូវ​ការ​ពិត​ទេ​នោះ ប្រាកដជា​នឹង​មាន​គ្រោះថ្នាក់​សម្រាប់​ជីវិត ហើយនឹង​អាច​ឈាន​ទៅ​រក​ការ​បរាជ័យ​ក្នុង​ការងារ​ដ៏​ធំធេង ។