រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងសហការ និងជាមួយមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ដែលមានឈ្មោះ ដាំ ញ៉ា នៅក្នុងស្ប៉ាម៉ាស្សា ភោជនីដ្ឋានសង់អេលីហ្ស៊េ ស្ថិតនៅតាមផ្លីវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
កិច្ចប្រតិបត្តិការនោះ គឺបានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសលើជនជាប់ឈ្មោះ ដាំ ញ៉ា ដាក់ពន្ធនាគារអស់១ជីវិត ។ លោក ឡឹក វណ្ណៈ បន្តថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបើកកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយដែលឧក្រិដ្ឋជនបាននាំមកពីប្រទេសឡាវតាមច្រកព្រំដែនខេត្តស្ទឹងត្រែងចូលមករាជធានីភ្នំពេញ ។
កិច្ចបង្ក្រាបនោះឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់មានស្រីម្នាក់ និងដកហូតបានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ម៉ាទឹកកក (ICE) ទម្ងន់ជាង៥៤គីឡូក្រាម ។ ប៉ុន្តែនៅពេលចាប់ខ្លួនជនសង្ស័យមេខ្លោងឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួនទៅប្រទេសឡាវ ចាប់ពីពេលនោះមក ។ លុះថ្ងៃទី២០ ខែកញ្ញា ២០១៦ សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការ និងបានចេញសាលក្រមលេខ«៩៧ ហ ក្រ៥» សម្រេចផ្ដន្ទាទោសជនជាប់៤នាក់ (ចាប់ខ្លួន) និងមេខ្លោងម្នាក់ឈ្មោះ ដាំ ញ៉ា «គេចខ្លូន» ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៦០លានរៀល ។
ត្បិតសាលក្រមកំបាំងមុខមេខ្លោងឈ្មោះ ដាំ ញ៉ា តែចំពោះជនជាប់ចោទ៤នាក់ ក្នុងនោះក៏មានម្នាក់ជាមេខ្លោងដឹកជញ្ជូនគ្រឿងញៀនជាង៥៤គីឡូក្រោមនោះដែរ គឺឈ្មោះ លីវ ស៊ឺ ។ មេខ្លោងឈ្មោះ ដាំ ញ៉ា បានគេចខ្លួនទៅប្រទេសឡាវ អស់រយៈពេលជាង៤ឆ្នាំ ដោយមានសេចក្តីសុខគ្រប់បែបយ៉ាង ស្រាប់តែថ្ងៃទី១១ មករា លេចមុខនៅកណ្តាលរាជធានីភ្នំពេញ ដែលគ្មាននណាដឹងថា ឧក្រិដ្ឋជនរូបនេះចូលមកស្នាក់កម្ពុជាពីថ្ងៃណានោះ ។
ប៉ុន្តែយ៉ាងណាក្តីមេខ្លោងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនដ៏ធំមួយនេះត្រូវបានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន ។ ក្រោយពីចាប់ខ្លួនជនជាប់ចោទត្រូវបានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ