ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​ផ្នែកសំណង់​លំនៅ​ឋាន​ថយ​ចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៨​កន្លង​មកនេះ គម្រោង​សាងសង់​លំនៅ​ឋាន​ចំនួន​២.៤២០​គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង​៤,៦​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ប្រមាណ​១.៨៣៥​លាន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៨​កន្លង​មកនេះ គម្រោង​សាងសង់​លំនៅ​ឋាន​ចំនួន​២.៤២០​គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង​៤,៦​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ប្រមាណ​១.៨៣៥​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​២.២៩១​គម្រោង មាន​ផ្ទៃក្រឡា​ជាង​៥,៥​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ប្រមាណ​២.២៣០​លាន​ដុល្លារ ពោល​គឺ​ថយ​ចុះ​ប្រមាណ​១៧,៧១% ។

ការ​ធ្លាក់​ចុះ​នេះ បើ​តាម​អ្នកជំនាញ​ក្នុង​វិស័យ​អ​ច​ន​ល​ទ្រព្យ​យល់​ថា ដោយសារ​តែ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ជា​ឆ្នាំ​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ ឬ​អ្នក​សាងសង់​ហាក់​នៅ​ស្ទាក់ស្ទើរ ដោយ​រង់ចាំ​មើល​លទ្ធផល​ក្រោយ​ពេល​បោះ​ឆ្នោត​សិន បើ​ទោះបីជា​ពួក​គាត់​ដឹង​ថា​មិន​មាន​អ្វី​កើនឡើង​ក៏​ដោយ ។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​១១ មក​រា ម្សិលមិញ​ថា ៖« កាលពី​ឆ្នាំ​២០១៨ សកម្មភាព​នៃ​ការ​សាងសង់​សំណង់​លំនៅ​ឋាន​មានការ​កាត់​បន្ថយ​បន្តិចបន្តួច ដោយសារ​អ្នក​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស មាន​ភាព​ស្ទាក់ស្ទើរ​ឬ​រង់ចាំ​មើល​ឱកាស បើ​ទោះបី​ពួក​គេ​ដឹង​ថា គ្មាន​បញ្ហា​អ្វី​នឹង​កើនឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក៏​ដោយ ។

ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​សាងសង់​ផ្ទះ​សម្រាប់​រស់នៅ​ធម្មតា ក៏​ពួក​គាត់​នៅ​រង់ចាំ​មើល​លទ្ធផល​ដូច​គ្នា »​។

លោក​បញ្ជាក់​ថា ការ​សាងសង់​លំនៅ​ឋាន​នៅ​តាម​បណ្តា​ខណ្ឌ​នីមួយ​ៗ​នៅ​មាន​សកម្មភាព​ដដែល ពិសេស​​ខណ្ឌ​ស្ថិត​នៅ​កណ្តាល​ក្រុង​និង​ជាយក្រុង ដូច​ជា ទួល​គោក​, សែន​សុខ​, ជ្រោយចង្វា​, ច្បារ​អំពៅ និង​មាន​ជ័យ​មាន​ជាដើម ។ សម្រាប់​ខណ្ឌ​ផ្សេង​ទៀត​ក៏​មានការ​រីក​ចម្រើន​ឡើង​ដែរ​ដូច​ជា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ ។

នាយក​ក្រុមហ៊ុន Key Real Estate មាន​លោក សន សៀ​ប បាន​មាន​ប្រសាសន៍​ដែរ​ថា ទុន​វិនិយោគ​ក្នុង​ផ្នែក​សំណង់​លំនៅ​ឋាន​ថយ​ចុះ​នេះ វា​មិនជា​បញ្ហា​នោះ​ទេ​នៅ​ពេល​សកម្មភាព​សាងសង់​នៅ​មាន​ភាព​ផុសផុល សកម្មភាព​ទិញ​លក់​មិន​មានការ​ធ្លាក់​ចុះ តែបើ​សិន​ការ​ទិញ​លក់​ធ្លាក់​ចុះ ហើយ​ការ​សាងសង់​សំណង់​មិន​ផុសផុល ឬ​មិន​មាន​គម្រោង​ផ្សេង​ទៀត​នោះ ទើប​វា​អាច​នឹង​មាន​បញ្ហា ។

លោក សន សៀ​ប បន្ដ​ថា ៖« មក​ដល់​ពេល​នេះ ការ​សាងសង់​លំនៅ​ឋាន​នៅ​តែ​មាន​សកម្មភាព​ផុសផុល ដែល​ភាគច្រើន​នៅ​តំបន់​ជាយក្រុង ដូច​ជា​ខណ្ឌ​សែន​សុខ​, ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារ​អំពៅ​សំបូរ​ជាងគេ ។ ចំណែក​សម្រាប់​លំនៅ​ឋាន​បែប​ខុន​ដូ​មាននៅ​ខណ្ឌដូនពេញ​, ទួល​គោក និង​ខណ្ឌចំការមន​។ រីឯ លំនៅ​ឋាន​បែប​បុរី មាននៅ​ខណ្ឌ​សែន​សុខ​, ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារ​អំពៅ​ជាដើម ។

បើ​តាម​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា យល់​ថា ការ​សាងសង់​សំណង់​លំនៅ​ឋាន​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ វា​នឹង​មាន​លក្ខណៈ​ល្អ​ជាង​ឆ្នាំ​២០១៨ ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​នយោ​បាយ និង​សន្ទុះ​កំណើនសេដ្ឋកិច្ច ។ ដោយឡែក​នយោបាយ​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​មក​ដល់​ឆ្នាំ​២០១៩​​នេះ​ឃើញ​ថា មាន​ភាព​ប្រសើ​ជាង​មុន​ដែល​អាច​ធ្វើ​ឱ្យ​វិនិយោគិន​មានការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ ជា​ពិសេស​វា​អាច​ផ្តល់​ផល​ទៅ​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ