រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១២ មករា ២០១៩ កន្លងទៅនេះ ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់តាមនីតិវិធី ។
ជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ សួស ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះជាម្ចាស់កាបូបឈ្មោះ លឹម អេង ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៩៥ ផ្លូវលេខ៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៩ មករា មានជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបយួរដៃមួយពីស្ត្រីម្នាក់ នៅចំណុចខាងមុខផ្ទះលេខ៨១ ផ្លូវលេខ២៤៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានសម្រេច ជនសង្ស័យទាំង២នាក់ខាងលើបានព្យាយាមរត់គេចខ្លួន លុះទៅដល់ចំណុចក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទើបត្រូវកម្លាំងល្បាតពួនស្ទាក់ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដេញតាមចាប់ខ្លួនបាន ។
លោកវរសេនីយ៍ឯកបានបន្តថា នៅពេលចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១HF-៩៦៨១, កាបូបយួរដៃម៉ាក PRADA ពណ៌ខ្មៅចំនួន១, ទូរសព្ទ័ដៃចំនួន២គ្រឿង (ក្នុងនោះមួយគ្រឿងម៉ាក iPhone 6 Plus ពណ៌ទឹកប្រាក់ និងមួយគ្រឿងទៀតម៉ាក ណូគា ពណ៌ខៀវ, ប្រាក់ចំនួន១៩ដុល្លារសហរដ្ឋអាមេរិក, ប្រាក់ចំនួន១៥០០០រៀល និង គ្រឿងអលង្ការធ្វើពីលោហធាតុពណ៌លឿងស្លេក(កាឡៃ) មួយចំនួនទៀត (ក្នុងនោះមានចិញ្ចៀន ខ្សែក និង ខ្សែដៃដាំត្បូងចម្រុះពណ៌) ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ