ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​មេដឹកនាំ និង​អ្នក​សារព័ត៌មាន​នឹង​បំពេញ​ចន្លោះ​ប្រហោង​ប្រជាធិបតេយ្យ

5 ឆ្នាំ មុន

នៅ​ពេល​ដែល​សម្តេច​តេ​ជោ​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​រាប់​ពាន់​នាក់ នៅ​កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមករា​នេះ លោក​កំពុង​បំពេញការងារ​មួយ​ដោយ​ព្យាយាម​ធ្វើ​អោយ​មាន​លំហូរ​ព័ត៌មាន​កាន់តែ​សេរី និង​កាន់តែ​មាន​ប្រយោជន៍​ចំពោះ​ប្រជាជន​កម្ពុជា ។ ក្ន​ង​នាម​ជា​អ្នក​សារព័ត៌មាន​យើង​គ្រប់​គ្នា​សប្បាយចិត្ត និង​គាំទ្រ​ដល់​គ្រប់​កិច្ច​ប្រឹងប្រែង ដើម្បី​ធ្វើ​អោយ​មាន​លំហូរ​សេរី​ព័ត៌មាន…

នៅ​ពេល​ដែល​សម្តេច​តេ​ជោ​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​រាប់​ពាន់​នាក់ នៅ​កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមករា​នេះ លោក​កំពុង​បំពេញការងារ​មួយ​ដោយ​ព្យាយាម​ធ្វើ​អោយ​មាន​លំហូរ​ព័ត៌មាន​កាន់តែ​សេរី និង​កាន់តែ​មាន​ប្រយោជន៍​ចំពោះ​ប្រជាជន​កម្ពុជា ។

ក្ន​ង​នាម​ជា​អ្នក​សារព័ត៌មាន​យើង​គ្រប់​គ្នា​សប្បាយចិត្ត និង​គាំទ្រ​ដល់​គ្រប់​កិច្ច​ប្រឹងប្រែង ដើម្បី​ធ្វើ​អោយ​មាន​លំហូរ​សេរី​ព័ត៌មាន ដែល​មាន​សារសំខាន់​បំផុត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ។

រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​បាន​ចែង​ថា កម្ពុជា​កាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​បាន​ធានា ។ការ​វិវត្តន៍​នយោបាយ​ចាប់តាំងពី​ឆ្នាំ​២០១៧ មក​នាំ​អោយ​មានកា​រិះគន់​អំពី​ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ប៉ុន្តែ​ខាង​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​អះអាង​ថា កម្ពុជា​នៅ​ត ធ្វើ​ដំណើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ដ៏​រឹង​មាំ​មូ​យ ។ ការ​ជួបជុំ​នៅ​ថ្ងៃ​ទី​១១ ខែមករា ជា​ភស្តុ​តាង​នៃ​ការ​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ និង​រដ្ឋាភិបាល ដើម្បី​ពង្រឹង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ​លំហូរ​សេរី​នៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើន ។ សម្តេច​តេ​ជោ​បាន​បង្ហាញ​អំពី​ឆន្ទៈ​នយោបាយ​របស់​ថ្នាក់ដឹកនាំ នៅ​ក្នុង​ការ​លើក​ស្ទួយ​សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​សេរីភាព​សារព័ត៌មាន​រឹង​មាំ ឬ​ទន់ខ្សោយ​ក៏​ទាក់ទង​ផង​ដែរ​ទៅ​លើ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​ទាក់ទង​ទៅ​នឹង​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ ឬ​ក៏​មនុស្ស​ទទួលខុសត្រូវ​ផ្នែក​ព័ត៌មាន​នៅ​ក្នុង​ស្ថា​ប​ន័​រដ្ឋ​ព្រមទាំង​កត្តា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

សេរីភាព​សារព័ត៌មាន​នឹង​កាន់តែ​បើក​ជើងមេឃ​របស់​វា​កាន់តែ​ទូលំទូលាយ កាលបើ​អ្នក​សារព័ត៌មាន​មាន​សមត្ថភាព​គួប​ផ្សំ​នឹង​សេរីភាព​ដែល​គេ​មាន ។ នៅ​ក្នុង​ន័យ​នេះ វា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដល់​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​អោយ​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ និង​មាន​សីលធម៌​ព្រមទាំង​មាន​ឆន្ទៈ​ខ្ពស់​នៅ​ក្នុង​ការ​លើកកម្ពស់​បេសកកម្ម​បម្រើ​ផលប្រយោជន៍​របស់​មហាជន​ទូទៅ​ដែល​ជា​បេសកកម្ម​ធំ​បំផុត​របស់​សារព័ត៌មាន ។

ភាព​ក្លាហាន​របស់​អ្នក​សារព័ត៌មាន​ក៏​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែរ ។ អ្នក​សារព័ត៌មាន​ដែល​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ តែ​ខ្វះ​ភាព​ក្លាហាន​ប្រៀប​ដូច​ជា​«​ដាវមុត​ដែល​មិន​ដក​ចេញពី​ស្រោម​» ។ ក្នុង​ន័យ​នេះ​អ្នក​សារព័ត៌មាន​ត្រូវ​ហ៊ាន​និយាយ​ពិត​និយាយ​ត្រង់​រាល់​គ្រប់​បញ្ហា​ទាំងអស់​នៅ​ក្នុង​សង្គម​មិន​ថា ព័ត៌មាន​វិជ្ជមាន ឬ​អវិជ្ជមាន​ឡើយ ។

ការ​សរសេរ​អំពី​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ​នឹង​ក្លាយជា​ការ​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល ដើម្បី​បន្តការងារ​សកម្ម​របស់​ខ្លួន​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ ។ សំខាន់​ដូច​គ្នា​នេះ​ព័ត៌មាន​អំពី​បញ្ហា​សង្គម​ដែល​មិន​ទាន់​ដោះ ស្រាយ​រួច​ដូច​ជា បញ្ហា​ភាព​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល ឬ​ក៏​ការ​លំបាក​របស់​កម្មករ​ជាដើម​នឹង​ជួយ​អោយ​រដ្ឋាភិបាល​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បញ្ហា​នៅ​ក្នុង​សង្គម ហើយ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជូន​ដល់​ប្រជាជន​ដែល​ជា​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ ។

ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ​របស់​ស្ថាប័នរដ្ឋ​ក៏​ជា​កត្តាចាំបាច់​មួយទៀត​នៅ​ក្នុង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ពេល​ខ្លះ អ្នក​សារព័ត៌​មានបាន​ត្អូញត្អែរ​អំពី​ការ​ខ្វះ​កិច្ចសហការ​ល្អ​ពី​ស្ថាប័នរដ្ឋ​នៅ​ពេល​ដែល​ពួក​គេ​សាកសួរ​ព័ត៌មាន​បន្ថែម ដើម្បី​ផ្ទៀងផ្ទាត់​ការ​ពិត ឬ​ក៏​ធ្វើ​អោយ​ព័ត៌មាន​មាន​តុល្យភាព ។ ក្នុង​ន័យ​នេះ​ការ​ពង្រឹងសមត្ថភាព​មន្ត្រី​អ្នកនាំពាក្យ​របស់​ស្ថាប័នរដ្ឋ ក៏​ជា​រឿង​មួយ​ដែល​ត្រូវធ្វើ ។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យ​ក៏​ចាំបាច់​ត្រូវ​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ ។ ដូច្នេះ​អ្នកនាំពាក្យ​គួរ​យល់​ដឹង​ច្បាស់​រាល់​គ្រប់​កិច្ចការ​របស់​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ​អោយ ។ ទន្ទឹម​នោះ​ពួក​គេ​គួរ​មាន​សិទ្ធិ​អាច​ទំនាក់ទំនង​ផ្ទាល់​គ្រប់ពេលវេលា​ជាមួយនឹង​មេដឹកនាំ​ស្ថាប័ន ដើម្បី​អាច​ឆ្លង​យោបល់​អំពី​ព័ត៌មាន​ដែល​គួរ​ផ្តល់​អោយ​ដល់​អ្នក​សារព័ត៌មាន ។ក្នុង​ន័យ​នេះ​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ គឺ​ប្រៀប​ដូច​ជា​ផ្នែក​ទាំង​សងខាង​«​កាក​ប្រជា​ធិ​បតេយ្យ» ដែល​មិន​អាច អត់​ខាង​ណា​បាន​ឡើយ ។ នៅ​ពេល​ដែ​ទាំង​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ​បាន​យល់​ដឹង​ច្បាស់​អំពី​ទំនាក់ទំនង​របស់​ពួក​គេ និង​បំពេញការងារ​តាម​ការ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន​បាន​នោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​នឹង​កាន់តែ​លើកកម្ពស់​បន្ថែម​ទៀត ។

ជា​ចុង​ក្រោយ​ការ​ចេញ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​គេ​រង់ចាំ​ជា​យូរណាស់​មក​ហើយ​នោះ​ក៏​ជា​កត្តាចាំបាច់​មួ​ួ​យ​ទៀត ដើម្បី​ធ្វើ​អោយ​សេរីភាព​សារព័ត៌​មាននៅ​កម្ពស់​កាន់តែ​រីក​លូតលាស់​ខ្លាំង​ឡើង ។ នៅ​ពេល​ដែល​កត្តានយោបាយ កត្តា​មនុស្ស និង​កត្តា​ច្បាប់​ត្រូវ​បាន​ធានា​សម្រាប់​សេរីភាព សារព័ត៌មាន​នោះ​ប្រទេស​កម្ពុជា​នឹង​កាន់តែ​មានមុខមាត់​ខ្ពស់​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​ផ្តល់​ការ​ធានា​យ៉ាង​ពេញលេញ​ដល់​សេរីភាព​សារព័ត៌មាន ។

សូម​អោយ​ការ​ជួប​គ្នា​រវាង​មេដឹកនាំ​កម្ពុជា និង​អ្នក​សារព័ត៌មាន​ក្លាយទៅជា​កម្លាំង​ច​លករ​ដែល​មិន​ចេះ​នឿយហត់ ដើម្បី​បុព្វហេតុ​សេរីភាព​សារព័ត៌មាន និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ