ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត​ញី​អត់​អាហារ​ព្រោះតែ​បណ្តាសា​ខ្លួនឯង

5 ឆ្នាំ មុន

កាលនោះ​មាន​ប្រេត​ញី​មួយ អាក្រាត​កាយ មាន​សម្បុរ​អាក្រក់ សក់​វែង​អូស​ដី​គួរ​ខ្លាច បាន​ដើរ​ចូល​ទៅ​រក​ព្រះ​ថេរៈ​ដែល​កំពុង​គង់នៅ​មាត់​ស្ទឹង​គង្គា ហើយ​និយាយ​ត្អួ​ញ​ត្អែ​ថា បពិត្រ​លោក​ម្ចាស់​ចាប់តាំងពី​ខ្ញុំ​បាន​ធ្វើ​មរណកាល​មក​ជាង​៥០​ឆ្នាំ​ហើយ មិន​ដែល​បាន​បរិភោគ​អាហារ ផឹក​នូវ​ទឹក​សោះឡើយ ខ្ញុំ​ស្រេកឃ្លាន​ណាស់…

កាលនោះ​មាន​ប្រេត​ញី​មួយ អាក្រាត​កាយ មាន​សម្បុរ​អាក្រក់ សក់​វែង​អូស​ដី​គួរ​ខ្លាច បាន​ដើរ​ចូល​ទៅ​រក​ព្រះ​ថេរៈ​ដែល​កំពុង​គង់នៅ​មាត់​ស្ទឹង​គង្គា ហើយ​និយាយ​ត្អួ​ញ​ត្អែ​ថា បពិត្រ​លោក​ម្ចាស់​ចាប់តាំងពី​ខ្ញុំ​បាន​ធ្វើ​មរណកាល​មក​ជាង​៥០​ឆ្នាំ​ហើយ មិន​ដែល​បាន​បរិភោគ​អាហារ ផឹក​នូវ​ទឹក​សោះឡើយ ខ្ញុំ​ស្រេកឃ្លាន​ណាស់ សូម​លោក​ម្ចាស់​មេត្តា​ផ្តល់​ទឹក អាហារ​ដល់​ខ្ញុំ​ករុណា​ផង ។

ខណៈនោះ​ព្រះ​កង្ខា​រេ​វត​ត្ថេ​រត​ប​ថា​ទន្លេ​គង្គា​នេះ​មានទឹក​ត្រជាក់​ថ្លាយង់ ចូរ​នាង​ផឹក​នូវ​ទឹក​ក្នុង​ទន្លេ​នេះ​ទៅ ហេតុ​អ្វី​ក៏​មក​សុំ​ទឹក​ពី​អាត្មា​ទៅ​វិញ ? ប្រេត​ញី​ឆ្លើយ​ថា បពិត្រ​លោក​ម្ចាស់ ខ្ញុំ​ដងទឹក​ទន្លេ​នេះ​ហើយ តែ​មិន​អាច​ផឹក​បាន ព្រោះ​ទឹក​នោះ​ក្លាយជា​ឈាម ក្នុង​ពេល​ដែល​ខ្ញុំ​ដង​ឡើង​មក​ហៀបនឹង​ផឹក ។

ព្រះ​ថេរៈ​សួរ​ថា ចុះ​នាង​បាន​ធ្វើ​កម្ម​អាក្រក់​ដូច​ម្តេច​កាលពី​ជាតិ​មុន ទើប​ពេល​នេះ​ទទួលផល​ដូច្នេះ ? ប្រេត​ឆ្លើយ​ថា កាលពី​ជាតិ​មុន ខ្ញុំ​មានកូន​ប្រុស​ម្នាក់​ឈ្មោះ​ឧត្តរៈ ជា​ឧបាសក​អ្នកមាន​សទ្ធា​ជ្រះថ្លា​ក្នុង​ពុទ្ធសាសនា ខ្ញុំ​ជា​មនុស្ស​កំណាញ់​មិន​ចង់​ខាតបង់​ទ្រព្យ ហើយ​កូន​ខ្ញុំ​បានឱ្យ​ចីវរ បិណ្ឌបាត គិលាន​ភេសជ្ជៈ និង​សេនាសនៈ​ដល់​សមណៈ​ទាំងឡាយ​។

ពេល​នោះ​សេចក្តី​កំណាញ់​ក៏​រួបរឹត​ចិត្ត​ខ្ញុំ​បណ្តាល​ឱ្យ​មាន​សេចក្តី​ក្រោធ​ឆេះ​ឡើង​ញាប់​ញ័រ​ជេរប្រទេច​ដាក់​បណ្តាសា​កូន​ថា សូម​ឱ្យ​ចីវរ​ជាដើម​នោះ​កើត​ទៅ​ជា​ឈាម​ដល់​ឯង​ក្នុង​បរលោក​ចុះ ​។

ព្រោះ​ផល​នៃ​កម្មនេះ​ទើប​ទឹកទន្លេ គង្គា​នេះ​ក្លាយជា​ឈាម​ដល់​ខ្ញុំ​ករុណា​ក្នុង​កំណើត​ប្រេត​នេះ ។