ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​បា​វិត​នឹង​មាន​ទីក្រុង​រណប​លំដាប់​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ បាន​សម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទីក្រុង​រណប​លំដាប់​អន្តរជាតិ​មួយ​នៅ​ក្រុង​វិត ខេត្តស្វាយរៀង ។ បើ​តាម​អគ្គនាយក​ក្រុមហ៊ុន Empire World…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ បាន​សម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទីក្រុង​រណប​លំដាប់​អន្តរជាតិ​មួយ​នៅ​ក្រុង​វិត ខេត្តស្វាយរៀង ។

បើ​តាម​អគ្គនាយក​ក្រុមហ៊ុន Empire World លោក Aric Loo ដែល​ជា​អ្នក​វិនិយោគ​គម្រោង​ទីក្រុង​រណប​នេះ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ម្សិលមិញ​ថា លោក​បាន​សិក្សា​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ទីក្រុង​សំខាន់​ៗ​របស់​កម្ពុជា ទើប​ចុង​ក្រោយ​សម្រេច​វិនិយោគ​គម្រោង​ទីក្រុង​រណប​នេះ​ឡើង ដែល​ជា​គម្រោង​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​១​ពាន់​ហិ​កតា ប៉ុន្តែ​ដំណាក់​ល​កាល​ទី​១ ក្រុមហ៊ុន​អភិវឌ្ឍន៍​ទីក្រុង​នេះ​លើ​ផ្ទៃដី​៥៧​ហិ​កតា​សិន ។ លោក​បន្ត​ថា ៖« ទីក្រុង​រណប​នេះ​មាន​រួម​បញ្ចូល​នូវ​កាស៊ីណូ សណ្ឋាគារ​កម្រិត​ផ្កាយ​៥ អា​ផាត​ម៉ិ​ន​ប្រណីត បណ្តុំ​នៃ​ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​រាជរដ្ឋាភិបាល​គ្រប់គ្រង​Game Online​នៅ​កម្ពុជា »​។

លោក​បញ្ជាក់​ថា ៖« រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ចំនួន​ជាង​៤០​ហើយ​ដែល​បាន​សហការ​ជាមួយ​យើង និង​ហាង​អាហារ និង​ភេ​ជ្ជៈ​ល្បី​ៗ​ប្រមាណ​១០០​បាន​ចុះ​កុងត្រា​រួចរាល់​ដើម្បី​បើក​នៅ​ក្នុង​គម្រោង​នេះ »​។ ក្រៅពី​ទីក្រុង​រណប​នេះ ក្រុមហ៊ុន​របស់​ចិន​មួយទៀត ក៏​បាន​បើក​ដំណើរការ​សាងសង់​ទីក្រុង​រណប​លើ​ផ្ទៃដី​៧​ហិ​កតា នៅ​ក្នុង​ទីក្រុង​បា​វិត​រួច​ហើយ ដោយ​ដាក់​ឈ្មោះ​ទីក្រុង​ហេង​ហេង ។

លោក​Aric Loo​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រុង​បា​វិត​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ដោយ​ស្ថិត​នៅ​ក្នុង​គម្រោង​« ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» របស់​ចិន និង​មា​នទី​តាំងនៅ​កៀក​នឹង​ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ដែល​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​ពង្រីក​កា​រត​ភ្ជាប់​លើ​វិស័យ​ពាណិជ្ជកម្ម ។

តាម​ព័ត៌មាន​ជាក់លាក់​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជនជាតិ​ចិន និង​អ្នក​វិនិយោគ​ចិន​ប្រមាណ​៥០​ម៉ឺន​នាក់​ហើយ​ដែល​បាន​និង​កំពុងធ្វើការ និង​វិនិយោគ​នៅ​ទីក្រុង​នេះ ដែល​នៅ​ឆ្នាំ​២០២៥​ខាង​មុខ ទីក្រុង​បា​វិត​នឹង​មាន​មនុស្ស​រស់នៅ​ប្រមាណ​២០​ម៉ឺន​នាក់ ។ លោក​Aric Loo​បាន​បន្ត​ថា ៖« គោលដៅ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​រណប​នេះ យើង​នឹង​សហការ​ជាមួយ​ដៃគូ​វិនិយោគ​អន្តរជាតិ​ដទៃ​ទៀត ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​បាន​ចាប់អារម្មណ៍ ក្រៅពី​ដៃគូ​ដែល​យើង​មាន​ប្រមាណ​៤០​ក្រុមហ៊ុន​រួច​ហើយ »​។

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ក្រុង​បា​វិត​ជា​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ជាមួយ​ទីក្រុង​ពីរ​ផ្សេង​ទៀត គឺ​ខេត្ត​ព្រះ​សីហ​នុ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។
ក្រុង​នៃ​ឧស្សាហកម្ម មាន​ន័យ​ថា រាជរដ្ឋាភិបាល​នឹង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដើម្បី​ប្រែ​ក្លាយជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា វា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយសារ​វា​ជា​តំបន់​មួយ​ដេ​ល​ស្ថិត​នៅ​ព្រំប្រទល់​កម្ពុជា​-​វៀតណាម និង​ជាទី​ក្រុង​មួយ​ដែល​រដ្ឋាភិបាល​ជ្រើស​រើ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ។
លោក​មាន​ប្រសាសន៍​ថា ៖« សម្រាប់​ប្រទេស​របស់​យើង​នៅ​តូច​ណាស់ ហេតុនេះ​ការ​វិនិយោគ​គម្រោង​នេះ​ឡើង វា​មិន​ទាន់​ស័ក្តិសម​នឹង​អ្វី​ដែល​យើង​ចង់បាន​នៅឡើយ តែ​វា​ជា​អ្វី​ដែល​បង្កើន​ការ​ទាក់ទាញ​ការ​វិនិយោគ​ថែម​ទៀត »​។ លោក​បន្ត​ថា ៖« ធម្មតា ការ​សាងសង់​ទីក្រុង​រណប​មួយ គឺ​ត្រូវការ​មនុស្ស​ទៅ​រស់នៅ​ច្រើន តែបើ​គម្រោង​គាត់​មាន​ដៃគូ​វិនិយោគ​ដទៃ​ទៀត និង​អាច​បង្កើន​ការ​ទាក់ទាញ​មនុស្ស​ចូល​ទៅ​រស់នៅ​កាន់តែ​ច្រើន នោះ​ជា​សក្តានុពល​សំខាន់​មួយ »​។ លោក​បន្ត​ថា ៖« តម្លៃ​ដី​នៅ​ក្នុង​ទីក្រុង​នេះ​នឹង​ហក់​ឡើង​លឿន​នា​ពេល​ឆាប់​ៗ​នេះ ដោយសារ​កំណើន​អ្នក​វិនិយោគ ព្រោះ​បច្ចុប្បន្ន​មាន​ទីក្រុង​រណប​ពីរ​ហើយ​ដែល​បាន​និង​កំពុង​សាងសង់​តំបន់​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ