រាជធានីភ្នំពេញ ៖ ល្បុក្កតោ គឺជាក្បាច់ គុនរបស់ខ្មែរដែលដូនតាជំនាន់មុនបន្សល់ទុកឱ្យ ប៉ុន្តែរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនទាន់ដឹងច្បាស់ពីក្បាច់គុនដ៏មានវ័យចំណាស់មួយនេះទេ ទើបសហព័ន្ធកីឡាល្បុក្កតោ នៅដើមឆ្នាំ២០១៩នេះបានដាក់ចេញនូវផែនការដ៏សំខាន់មួយ ដោយសហការជាមួយស្ថាប័នជំនាញ ចុះសិក្សាស្រាវ ជ្រាវជំហានដំបូងនៅក្នុងខេត្តចំនួន១២ដើម្បីស្វែងរកការពិតក៏ដូចជាចំណុចកណ្ដាលដោយសារយើងចង់បានភាពជាក់លាក់របស់ក្បាច់ គុនមួយនេះដែលមានភាពខុសប្លែកគ្នាពីតំបន់ មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។
លោក អ៊ុក តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រាប់កោះសន្តិភាពថា សហព័ន្ធបានរៀបចំគម្រោងចុះសិក្សាស្រាវជ្រាវឱ្យបានច្បាស់អំពីប្រវត្តិក្បាច់គុនល្បុក្កតោពីលោកគ្រូគុននៅតាមបណ្ដាខេត្តនីមួយៗ ដោយជំហានដំបូងយើងគ្រោងធ្វើនៅខេត្តចំនួន១២ ដើម្បីចង់ដឹងថា តើពួកគាត់មានទស្សនៈខុសគ្នាបែបណា និងប្រវត្តិនៃការផ្ទេរចំណេះដឹងទៅដល់អ្នកបន្តវេនយ៉ាងដូចម្ដេច។
គោលដៅចម្បងនៃការសិក្សាស្រាវជ្រាវនេះគឺ ធ្វើឡើងទូទាំង២៤ខេត្តក្រុងតែម្ដងប៉ុន្តែជំហានដំបូងយើងធ្វើត្រឹមតែ១២ខេត្តក្រុងប៉ុណ្ណោះ រួមមានខេត្តតាកែវ កំពត សៀមរាប បាត់ដំបង កណ្ដាល កំពង់ធំ កំពង់ចាម កំពង់ស្ពឺ ឧត្តរមានជ័យ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ក្នុងចំណោម១២ខេត្តក្រុង នេះយើងចែកចេញជា៦ដំណាក់កាល ហើយ ដំណាក់កាលនីមួយៗធ្វើនៅខេត្តចំនួន២។
លោកថា គោលបំណងនៃការសិក្សាស្រាវជ្រាវនេះធ្វើឡើងដើម្បីគាស់កកាយវីរភាពនិងស្នាដៃ របស់ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោនៅតាមតំបន់ទាំងនោះ ថាតើមានភាពខុសគ្នាបែបណា។
លោកបញ្ជាក់ថា ជាទូទៅ ប្រជាពលរដ្ឋខ្មែរបានដឹងច្បាស់ថា ក្បាច់គុនល្បុក្កតោជារបស់ខ្មែរយើងយ៉ាងពិតប្រាកដ ប៉ុន្តែពួកគាត់មិនទាន់ដឹងច្បាស់នៅឡើយពីក្បាច់គុនមួយនេះ ព្រោះបើតាមដឹងក្បាច់គុនមួយនេះ មានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយទៀតហើយការអនុវត្តក៏ខុសគ្នាដែរ ។ ដូច្នេះហើយបានជាសហព័ន្ធត្រូវតែសហការជាមួយស្ថាប័នជំនាញ ចុះសិក្សាស្រាវជ្រាវរកការពិត ដើម្បីមូលមតិគ្នារកចំណុចកណ្ដាល ក៏ដូចជាភាពជាក់លាក់របស់ក្បាច់គុនមួយនេះផងដែរ។
លោក អ៊ុក តារា បន្តថា ការបង្កើតឱ្យមានគម្រោងចុះសិក្សាស្រាវជ្រាវក្បាច់គុន ល្បុក្កតោនៅដើមឆ្នាំ២០១៩នេះ ដើម្បីផ្សព្វផ្សាយដល់មហាជនឱ្យបានកាន់តែទូលំទូលាយ ថាតើធាតុពិតនៃក្បាច់គុនល្បុក្កតោវាមានប្រភព មកពីណា និងមានក្បាច់អ្វីខ្លះ ។ ការចុះសិក្សាស្រាវជ្រាវនេះមានថតជាវីដេអូស្ដីពីសកម្មភាពបង្ហាញក្បាច់គុនរបស់ព្រឹទ្ធាចារ្យនៅតាមតំបន់នីមួយៗដើម្បីទុកជាឯកសារទៅតាមអ្វីដែលពួកគាត់យល់ឃើញ និងការផ្ទេរវិជ្ជាគុននេះដល់អ្នកបន្តវេន ។
ទាំងអស់នេះជាគោលដៅសំខាន់ដែលអង្គការយូណេស្កូចង់បាន ហើយក៏ជាការបំពេញលក្ខខណ្ឌដ៏ជាក់លាក់ដើម្បីឈានទៅដល់ការចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ចំណុចសំខាន់នៃការចុះបេសកកម្មសិក្សាស្រាវជ្រាវក្បាច់គុនល្បុក្កតោនេះមិនផ្ដោតសំខាន់ទៅលើបច្ចេកទេសនោះទេ ព្រោះយើងដឹងហើយថា ក្បាច់គុនរបស់ខ្មែរយើងមានភាពសម្បូរបែប មានការវិវឌ្ឍទៅតាមសម័យកាល ។ អ្វីដែលសំខាន់គឺទី១ដើម្បីផ្សព្វផ្សាយទៅដល់មហាជនឱ្យពួកគាត់មានការគាំទ្រក្បាច់គុនល្បុក្កតោទូលំទូលាយ ទី២-ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងទី៣-ការផ្ទេរចំណេះដឹងនិងការបន្តវេន ដើម្បីឱ្យកាន់តែមានទម្ងន់ថែមទៀត៕
ចែករំលែកព័តមាននេះ