ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហាឆ្លងទ្វីប…បាន​រលាយ​ខ្សុល​​ដូច​អំបិល​​​ត្រូវទឹក

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សុបិន​ដែល​ចង់​ក្លាយជា​ម្ចាស់​បេះដូង​តរុណី​ម្នាក់ ​លើ​ដែនដី​មហា​កោះ​អូស្ត្រាលី បាន​រលាយ​​ខ្សុល​​ដូច​អំបិល​ត្រូវ​ទឹក ជាមួយនឹង​ការ​ខាតបង់​បណ្ណាការ​អស់​៥៧.០០០​ដុល្លារ​ថែម​ទៀត ។ បើ​និយាយ​ឱ្យ​ចំ​ទៅ រាត្រី​ទឹកឃ្មុំ​បាន​ក្លាយជា​រាត្រី​ទឹកខ្មេះ ទីបំផុត​ការទាមទារ​ប្រាក់​បណ្ណាការ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ទាំង​កណ្តាល​យប់…

រាជធានី​ភ្នំពេញ ៖ សុបិន​ដែល​ចង់​ក្លាយជា​ម្ចាស់​បេះដូង​តរុណី​ម្នាក់ ​លើ​ដែនដី​មហា​កោះ​អូស្ត្រាលី បាន​រលាយ​​ខ្សុល​​ដូច​អំបិល​ត្រូវ​ទឹក ជាមួយនឹង​ការ​ខាតបង់​បណ្ណាការ​អស់​៥៧.០០០​ដុល្លារ​ថែម​ទៀត ។ បើ​និយាយ​ឱ្យ​ចំ​ទៅ រាត្រី​ទឹកឃ្មុំ​បាន​ក្លាយជា​រាត្រី​ទឹកខ្មេះ ទីបំផុត​ការទាមទារ​ប្រាក់​បណ្ណាការ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ទាំង​កណ្តាល​យប់ ។

រឿងរ៉ាវ​ខាងលើ​នេះ​ ត្រូវ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ប្រពន្ធ​ជា​អាណិក​ជន​ខ្មែរ​នៅ​អូស្ត្រាលី ដែល​បាន​ព្រមព្រៀង​រៀប​ការ​ជាមួយ​គ្នា​រួច​ហើយ បែរជា​មិន​ព្រម​ចុះសម្រុង​ជាមួយ​ខ្លួន​ជា​ប្តី និង​បាន​យក​លុយ​បណ្ណាការ​ចំនួន​៥៧.០០០​ដុល្លារ បម្រុងរ​ត់ទៅ​ប្រទេស​អូស្ត្រាលី​វិញទៀត តែ​ត្រូវបុរស​ជា​ប្តី​ដឹង​ទាន់ ក៏​កើតជា​ជម្លោះ​ផ្អើល​ដល់សមត្ថកិច្ច​មូលដ្ឋាន​ទៅ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា នៅ​សណ្ឋាគារ​តារា​អ៊ែ​រ​ផត ស្ថិត​នៅ​ជាប់​នឹង​ផ្សារ​ទំនើ​ប​រតនា​ប្លា​ហ្សា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បុរស​ជា​ប្តី​ឈ្មោះ សេង ឧត្តម អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែកឯ​ប្រពន្ធ​ឈ្មោះ វិ​ជ្ជ​នា សេង​ថា អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ សញ្ជាតិ​អូស្ត្រាលី និង​រស់នៅ​ប្រទេស​អូស្ត្រាលី ។ បើ​តាម​បុរស​ជា​ប្តី​រៀបរាប់​ថា គាត់​និង​ប្រពន្ធនេះ​បាន​ស្គាល់គ្នា​និង​បាន​ស្រឡាញ់​គ្នា​ជាង​៣​ខែ​មក​ហើយ ខណៈ​នាង​មក​លេង​ស្រុក​ខ្មែរ ហើយ​ក៏​មាន​ឪពុក​ម្តាយ​ទាំង​សងខាង​ដឹង​ឮ​ដែរ​។

នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ គាត់​និង​នាង​បាន​ព្រមព្រៀង​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ក្នុង​តម្លៃ​បណ្ណាការ​ចំនួន​៥៧.០០០​ដុល្លារ និង​ព្រមព្រៀង​ដាក់​លុយ​បណ្ណាការ​ទាំងនោះ​ចូល​ទៅ​ក្នុង​គណនី​ដែលមានឈ្មោះ​ពួក​គេ​ទាំង​២​នាក់ ដើម្បី​ទុក​រកស៊ី​និង​រត់ការ​យក​ខ្លួន​ជា​ប្តី​ទៅ​រស់នៅ​ប្រទេស​អូស្ត្រា​លី ។ ពេល​ដែល​រៀប​ការ​រួច នឹង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​(​អេ​តា​ស៊ី​វិល​)​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ផង​ដែរ ។ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នាង​ជា​គូ​ដណ្តឹងបាន​មក​ស្រុក​ខ្មែរ ដើម្បី​ត្រៀមខ្លួន​ចូល​រោងការ​នា​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ ។

ខណៈ​នាង​មក​ដល់ គាត់​បាន​ទៅ​ទទួល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ឲ្យ​ទៅ​ស្នាក់​នៅផ្ទះ​របស់​គាត់ ។ ប៉ុន្តែ​នាង​មិន​ព្រមទៅ​ស្នាក់​នៅផ្ទះ​របស់​គាត់​ទេ ដោយ​និយាយ​ថា​ចាំ​រៀប​ការ​រួច សឹម​ទៅ​ស្នាក់​នៅ​ជាមួយ ។ ខណៈនោះ គាត់​នឹង​ក្រុម​គ្រួសារ​ក៏​យល់​ស្រប​តាម ហើយ​បាន​រៀបចំ​ជួល​បន្ទប់​សណ្ឋាគារ​តារា​អ៊ែ​រ​ផត​ឲ្យ​នាង​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន ដោយ​ក្រុម​គ្រួសារ​របស់​គាត់​ជា​អ្នក​ចេញថ្លៃ​ស្នាក់​នៅ​និង​ហូប​ចុក​ទាំងអស់ ។

បុរស​ខកខ្លួន​រូប​នេះ​បន្ត​ទៀត​ថា តាំងពី​ថ្ងៃនោះ​មក តាម​ការ​កត់សម្គាល់​នាង​ជា​គូ​ដណ្តឹង​របស់​គាត់​នេះ ហាក់​ដូចជា​មិន​សប្បាយចិត្ត និង​ព្រងើយកន្តើយ​មិនសូវរ​វីរ​វល់​ជាមួយនឹង​គាត់​សោះ ។ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​មករា កន្លង​ទៅ​ថ្មី​ៗ​នេះ គាត់​និង​នាង​ក៏​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ ដោយ​មាន​បងប្អូន​ញាតិ​មិត្ត​ចូលរួម​យ៉ាងច្រើន​កុះករ ។

បន្ទាប់​ពី​មង្គលការ​បាន​បញ្ចប់​រួចរាល់​ហើយ នាង​ប្រពន្ធ​នេះ​នៅ​តែ​មិន​ព្រមទៅ​ស្នាក់​នៅផ្ទះ​ជាមួយនឹង​គាត់​ជា​ប្តី​ដដែល ទោះបីជា​ក្រុម​គ្រួសារ​របស់​គាត់​និយាយ​លួងលោម​នាង​យ៉ាងណា​ក៏​ដោយ គឺ​នាង​សុំ​ពេល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ម្នាក់ឯង​៣​ថ្ងៃ​សិន និង​លើក​ហេតុផល​ថា មិនសូវ​ស្រួលខ្លួន ។ ឯ​គាត់​និង​ក្រុម​គ្រួសារ ក៏​ព្រម​សម្រប​តាម​នាង​បន្ត​ទៀត ឯ​រាត្រី​ទឹកឃ្មុំ​ក៏​បាន​ក្លាយជា​រាត្រី​ទឹកខ្មេះ​រហូត​មក ។ អស់​រយៈ​៣​ថ្ងៃ​កន្លង​ផុត​ទៅ នាង​ប្រពន្ធ​ជា​អាណិកជន​រូប​នេះ ​នៅ​តែ​មិន​ព្រមទៅ​ស្នាក់​នៅជាមួយនឹង​គាត់​ទៀត ដោយ​យក​លេស​ថា​ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃ​នោះ​រហូត ថែម​ទាំង​លួច​យក​លុយ​បណ្ណាការ​ចំនួន​៥៧.០០០​ដុល្លារ​ខាងលើ​ទៅ​ចាយវាយ​អស់​ដោយ​មិន​ប្រាប់​គាត់​ថែម​ទៀត​ផង ។ ពេល​ដែល​គាត់​សួរនាំ នាង​ថា​លុយ​ទាំងនោះ​គឺ​ម្តាយ​នាង​បាន​ដក​យក​ទៅ​ចាត់ចែង​សង​គេ​អស់ហើយ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​៨ ខែមករា គាត់​ក៏​ដឹង​ដំណឹង​ថា នាង​ជា​ប្រពន្ធ​បម្រុង​ចាកចេញត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​នៅ​ម៉ោង​៥​ព្រឹកថ្ងៃ​ទី​៩ ខែមករា ដោយ​ស្ងាត់​ៗ​មិន​ឱ្យ​គាត់​ដឹង ទើប​គាត់​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាសង្កាត់កា​កាប​ទី​១​ ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ។ លុះនៅ​វេលា​ម៉ោងជាង​៨​យប់ គាត់​ក៏​ទៅ​ស​ណ្ឋាគារ​ដែល​ប្រពន្ធ​ស្នាក់​នៅ ស្រាប់​ឃើញ​នាង​កំពុងរៀបចំ​វ៉ា​លី​ស​បម្រុង​ចេញដំណើរ​ទៅ​ទាំង​យប់​មិន​ឲ្យ​គាត់​ដឹង ទើប​បង្ក​ជា​ការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន មក​ធ្វើ​អន្តរាគមន៍​តែ​ម្តង។

បុរស​ជា​ប្តី​បាន​បង្ហើប​ទៀត​ថា រាល់​ការ​ចំណាយ​ទាំងអស់ តាំងពី​ការ​រៀបចំ​មង្គលការ​គឺ ខាង​គាត់​ជា​អ្នក​ចំណាយ​ទាំងស្រុង មិនតែប៉ុណ្ណោះពេល​រៀប​ការ​រួច​ហើយ ក៏​មិន​ដែល​បាន​ផ្សំ​ដំណេក​ជាមួយ​ប្រពន្ធ​ម្តង​នៅឡើយ​ទេ ។ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​ពីរ​បាន​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ដោះស្រាយ ។

យោង​តាម​មន្ត្រី​សាលាសង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​បាន​ប្រគល់​សំណុំរឿង​ប្ដី​ប្រពន្ធ​រៀប​ការ​បាន​រយៈពេល​៥​ថ្ងៃ ហើយ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​អា​ណិ​ជន​ខ្មែរ ​នៅ​អូស្ត្រាលី​វេច​បង្វេច​រត់​ចោល​ប្ដី មក​ឲ្យ​ខាង​អាជ្ញាធរ​សង្កាត់​កា​កាប​ទី​១​ជា​អ្នក​ដោះស្រាយ ព្រោះ​ជា​រឿង​រដ្ឋប្បវេណី មិនមែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ ។ ខណៈ​ជួប​ធ្វើការ​ដោះ​ស្រាយ​​គ្នា​នោះ គឺ​មាន​សាមីខ្លួន​ដែល​ជា​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​ទាំង​២​នាក់ រួម​នឹង​ក្រុម​គ្រួសារ​ទាំង​សងខាង​ផង​ដែរ។

ដំបូង​ភាគី​ខាង​ប្ដី មិន​បាន​ទាមទារ​ឲ្យ​ប្រពន្ធសង​បណ្ណាការ​ទាំង​ជាង​៥​ម៉ឺន​ដុល្លារ​នោះ​ឡើយ គឺ​ទាមទារ​ត្រឹម​តែ​៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដើម្បីបញ្ចប់​រឿងរ៉ាវ​ទាំងអស់ និង​ជា​ការ​ផ្ដាច់និស្ស័យស្នេហ៍​កម្ម​មួយ​នេះ ។ ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ភ្លាម​ៗ​នោះ​មិន​បាន​ត្រូវរ៉ូវ​គ្នា​ទេ ហើយ​ការ​ដោះស្រាយ​បាន​អូស​បន្លាយពេល​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ទើប​មានការ​សម្របសម្រួល​គ្នា​ជា​បន្តបន្ទាប់​ទៀត ។ រហូត​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​មានការ​ឯកភាព​គ្នា​បញ្ចប់រឿង​ទាំងឡាយ ដោយ​ភាគី​ខាង​ប្រពន្ធ​បាន​សុំ​បង់​ត្រឹម​២៨.០០០​ដុល្លារ ។ ដោយសារ​តែ​ខ្ជិល​វែង​ឆ្ងាយ​តទៅ​ទៀត​នោះ ទើប​ខាង​ប្រុស​យល់ព្រម​ទទួលយក​លុយ​ខាងលើ​នេះ ដើម្បី​ជា​ការ​បញ្ចប់រឿង​ផ្ដាច់និស្ស័យ​ស្នេហ៍​កម្ម​ឆ្លង​ដែន​ត្រឹមនេះ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​ត្រូវរ៉ូ​វ​គ្នា​ហើយ នៅ​មាន​បញ្ហា​ជជែក​គ្នា​សា​ជា​ថ្មី​មួយប្រាវ​ទៀត​ពី​រឿង​សាច់ប្រាក់ ដោយ​ខាង​ប្រពន្ធ​បាន​សុំ​គិតលុយ​ឲ្យ​ជា​សែក​(​មូល​ប្ប​ទា​នប​ត្រ​) ចំណែក​ឯខាង​ប្រុស​វិញ​មិន​ព្រម​ទទួលយក​សែក​ដាច់ខាត ។ ការ​មិន​ព្រមយក​សែក​នេះ គឺ​ដោយសារ​តែ​បុរស​នោះ​មិន​ទុកចិត្ត​នាង​ជា​ប្រពន្ធ​សូ​ម្បី​តែ​បន្តិច គឺ​ខ្លាច​នាង​លេង​៣​សន្លឹក​ដាក់ខ្លួន ប្រើ​ល្បិច​មាន​តែ​សែក​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​) ទើប​បុរស​នោះ​និង​ក្រុម​គ្រួសារ​ទទូច​ឲ្យ​នាង​រក​សាច់​ប្រាក់សុទ្ធ​មក​ឲ្យ​ខ្លួន​ឲ្យ​ខាង​តែ​បាន ទើប​ព្រម​ទទួល ។

មន្ត្រីសង្កាត់​រូប​នេះ​បន្ត​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ឈឺក្បាល​ខ្លាំង​ណាស់ ដោយ​ភាគី​ទាំង​២​បាន​ពាក់មុខយក្ស​
ដាក់​គ្នា ប៉ុន្តែ​ទោះបីជា​បែប​ណា​ក្រោយពី​ការ​សម្របសម្រួល​គ្នា​រួច​មក ក៏​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ ។ ស្ត្រី​
ជា​ប្រពន្ធ​និង​ក្រុម​គ្រួសារ បាន​ស្វះ​ស្វែងរក​ប្រាក់​មក​ប្រគល់​ជូន​ខាង​ប្ដី​រហូត​គ្រប់​ចំនួន​២៨.០០០​ដុល្លារ ។ បន្ទាប់​​មក ភាគី​ទាំង​២​​ បាន​ធ្វើ​កិច្ចសន្យា​ផ្ដាច់​សង្វាស​ជា​ប្ដី​ប្រពន្ធ និង​ផ្ដិត​មេដៃ​រួចរាល់​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ ទើប​បែកផ្លូវ​គ្នា ហើយ​នាង​ជា​ប្រពន្ធ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​វិញ ៕


អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ