ខេត្តស្ទឹងត្រែង ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នាដើមឆ្នាំ២០១៩ ដោយចាប់បានបុរសជាជនសង្ស័យម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះសំណាក់ មួយកន្លែងក្នុងក្រុងស្ទឹងត្រែង។
តាមប្រភពពីមន្ត្រីនគរបាលបានអោយដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៨ ខែ មករា ឆ្នាំ២០១៩ មន្ត្រីអនុវត្តនៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីបុរសជាជនសង្ស័យម្នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ មីលីមូលមិត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងចាប់យកវត្ថុតាងជាថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ធំ ។
ជនសង្ស័យខាងលើដែលត្រូវចាប់ឃាត់ខ្លួនឈ្មោះ រ័ត្ន សៀងហ៊ុន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិកោះព្នៅ ឃុំ អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ