ខេត្តត្បូងឃ្មុំ ៖ ដីចំការមួយកន្លែងមានទំហំជិត៥ហិកតា ស្ថិតនៅក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ត្រូវបានគេកែច្នៃដាំផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងបានរីកស្រស់ស្អាតកំពុងតែទាក់ទាញប្រជាពលរដ្ឋនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ នាំគ្នាមកកម្សាន្តលេងរាល់ថ្ងៃ ហើយនៅថ្ងៃចុងសប្តាហ៍វិញមនុស្សមកលេងច្រើន ហើយម្នាក់ៗមានទឹកមុខសប្បាយរីករាយ និងបានថតបង្ហោះតាមបង្ហាញសង្គមព្រោងព្រាតផងដែរ ។
គរុសិស្សឆ្នាំទី២ម្នាក់ឈ្មោះ ម៉ាត់ ហាហ្វីស៊ី ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៧ មករា ២០១៩ថា ក្រោយពីទំនេរការសិក្សានៅសាលាគរុកោសល្យខេត្តកំពង់ចាម រូបគេ និងមិត្តភក្តិចំនួន៣នាក់ទៀតបាននាំគ្នាជិះម៉ូតូចេញពីក្រុងកំពង់ចាមមកលេងសួនផ្កាឈូករ័ត្ននៅជីរោទ៍ខាងលើ ដោយបានឃើញទិដ្ឋភាពមនុស្សក្មេងចាស់ប្រុសស្រីមកលេងច្រើនកុះករ ។
គរុសិស្សរូបនេះបានរំលឹកថា កាលពីក្នុងរដូវប្រាំងឆ្នាំ២០១៨កន្លងទៅរូបគេបានធ្លាប់មកលេងនៅទីនេះ ហើយមិនសូវមានមនុស្សមកលេងច្រើនឡើយ ដោយសារតែមានផ្កាឈូករ័ត្នដាំតិច ហើយភាគច្រើនគេមកលេងច្រើនតែនៅចុងសបា្តហ៍ លុះមកដល់ដើមឆ្នាំ២០១៩ ត្រូវបានគេដាំដុះផ្កាច្រើនក្នុងនោះមាន ផ្កាស្បៃរឿង ផ្កាឈូករ័ត្នមានលក្ខណៈធំទូលាយ ជាក់ស្តែងនៅល្ងាចថ្ងៃទី០៧ មករា មានមនុស្សមកលេងច្រើនកុះករពីគ្រប់ទិសទី ។
ជាមួយនោះរូបគេសំណូមពរដល់ម្ចាស់ចំការសូមពង្រីកការដាំដុះផ្កាឲ្យ កាន់តែច្រើនជាងនេះបន្ថែមទៀត ដើម្បីទាក់ទាញមនុស្សមកកាន់តែច្រើន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តត្បូងឃ្មុំ ហើយអ្នកដែលមិនទាន់បានមកលេងសូមមកលេងឲ្យបានគ្រប់ៗគ្នាព្រោះ ថាផ្កាកំពុងតែរីកស្រស់ស្អាត មិនយូរនោះទេផ្កានឹងត្រូវស្រពោនទៅវិញលែងបានឃើញ ។
លោក ប៉ត សុផល ប្រធានម្ចាស់ចំការវិញបានប្រាប់ឲ្យដឹងថា កាលពីក្នុងរដូវប្រាំងឆ្នាំ២០១៨កន្លងទៅរូបគាត់បានដាំដុះផ្កាឈូករ័ត្នមានចំនួនតិច ហើយមកដល់ឆ្នាំ២០១៩ រូបលោកបានពង្រីកការដាំដុះផ្កាឈូករ័ត្នកាន់តែធំជាងមុនព្រមទាំងបង្កើតខ្យុសសម្រាប់អង្គុយលេងបានច្រើន មានដាំននោងជាជួរបង្កើតជាម្លប់ត្រជាក់នៅក្នុងរដូវប្រាំង ។
រូបគាត់សំណូមពរដល់អ្នកដែលមកលេងមេត្តាកុំចោលសំរាមពាសវាលពាសកាល លុះព្រឹកឡើងក្រោយពីមនុស្សមកលេងរូបលោក បានដឹកនាំមនុស្សដើររើសធ្វើយ៉ាងណាឲ្យមានបរិស្ថានល្អស្រស់ស្អាតទាំងអស់គ្នា ។ នៅកន្លែងរបស់លោកមានលក់ទឹកឃ្មុំ ដែលចិញ្ចឹមតាមបែបធម្មជាតិ ហើយបើមានអ្នកចង់ទិញពូជឃ្មុំ សម្រាប់ឲ្យទៅចិញ្ចឹមដើម្បីបង្កើនប្រាក់ចំនូលដល់គ្រួសារបានមួយកម្រិតថែមទៀត និងមានគម្រោងបង្កើតផ្សារសហគមន៍ខ្នាតតូចលក់ផលិតផលផ្សេងៗដែលបង្កើតឡើងដោយដៃនោះ ។ អ្នកមកលេងមិនតម្រូវឲ្យបង់ប្រាក់នោះទេគ្រាន់តែយកថ្លៃផ្ញើម៉ូតូ១០០០រៀលក្នុង០១គ្រឿង និងរថយន្តចំនួន៣០០០រៀលប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ