ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ដែល​ថា​មាន​អាបខ្មោច​មក​ហុតឈាម​ស្ត្រី​សម្រាលកូន ?

5 ឆ្នាំ មុន

យោង​លើ​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ​តាំងពី​បរម​បុរាណ​មក ខ្មែរ​យើង​តែង​មាន​ជំនឿ​ថា ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច​ភ្លាម មាន​ពួក​អមនុស្ស ខ្មោច ព្រាយ បិសាច តាម​យាយី​ធ្វើបាប ដូច្នេះ​បើ​មិន​មាន​វិធី​ការពារ​ទេ នោះ​កូន​និង​ម្ដាយ​ច្បាស់​ជា​រស់នៅ​មិន​បាន​សុខ​ឡើយ…

យោង​លើ​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ​តាំងពី​បរម​បុរាណ​មក ខ្មែរ​យើង​តែង​មាន​ជំនឿ​ថា ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច​ភ្លាម មាន​ពួក​អមនុស្ស ខ្មោច ព្រាយ បិសាច តាម​យាយី​ធ្វើបាប ដូច្នេះ​បើ​មិន​មាន​វិធី​ការពារ​ទេ នោះ​កូន​និង​ម្ដាយ​ច្បាស់​ជា​រស់នៅ​មិន​បាន​សុខ​ឡើយ គឺ​កើត​មាន​ហេតុភេទ​មិន​ចេះ​ចប់​។ ​នេះ​ជា​ទំនៀមទម្លាប់​តាំងពី​ដើម​រៀង​មក ដែល​ចាស់​ៗ​តែង​ធ្វើ​ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច ។

លោក​ព្រឹទ្ធាចារ្យ រិ​ន ខេមរា ប្រចាំ​វត្ត​មួយ​នៅ​ក្នុង​ខេត្តកំពុងចាម​បាន​រៀបរាប់​ថា នៅ​ពេល​សម្រាលកូន​រួច ដាច់ខាត​កុំ​ភ្លេច​យក​កូនកាំបិត​រុំ​ដោយ​ក្រណាត់​ស​ដាក់​នៅ​លើ​ក្បាល​ដំណេក​ទារក​ដែល​កំពុង​គេង​នោះ ដើម្បី​ជា​អាវុធ​ការពារ​ក្រែង​មាន​ខ្មោច បិសាច​មក​យាយី លង​បន្លាច​ធ្វើ​ឱ្យ​ទារក​គេង​មិន​លក់​នៅ​មិន​សុខ​ចេះ​តែ​ស្រែកយំ​មិន​ឈប់ និង​ដើម្បី​ការពារ​កុំឱ្យ​មាន​ផ្លូវ​ងងឹត​មក​រុកកួន​ម្ដាយ និង​កូន​តូច ។

បើ​តាម​ទំនៀមទម្លាប់​ខ្មែរ​យើង នៅ​ពេល​ស្ត្រី​សម្រាលកូន​ហើយ​ភ្លាម ចាស់​ៗ​ដែល​គាត់​យល់​ការ​តែង​ប្រើ​ឱ្យ​អ្នក​ណា​ម្នាក់​ទៅ​កាប់​មែកឈើ​ដែល​មាន​បន្លាយ​កមក​ដាក់​នៅ​មាត់ទ្វារ ឬ​មាត់​បង្អួច​ជា​បន្ទាន់ ព្រោះ​ចាស់​ៗ​មាន​ជំនឿ​ថា អាច​មាន​អាប ធ្មប់ ខ្មោច ព្រាយ បិសាច ចូល​មក​រក​ហុតឈាម​ស្ត្រី​ជា​ម្ដាយ ឬ​រកស៊ី​កាក​សំណល់​ផ្សេង​ៗ​ធ្វើ​ឱ្យ​នាង​កើត​ជំងឺ​ម្យ៉ាង​ឈ្មោះ​ព្រាយ​ក្រឡាភ្លើង​។ ដូច្នេះ​ហើយ​បើ​ព័ទ្ធ​បន្លា​ជុំវិញ​ផ្ទះ​នោះ ខ្មោច អាប​នឹង​មិន​ហ៊ាន​ចូល​ជិត​ឡើយ ។

លោក​ព្រឹទ្ធាចារ្យ​បាន​ប្រាប់​ទៀត​ថា នៅ​ពេល​ស្ត្រី​សម្រាលកូន​ហើយ​ភ្លាម គ្រួសារ​ត្រូវ​ចាត់​នរណា​ម្នាក់​ឱ្យទៅ​អញ្ជើញ​គ្រូ​ចេះ​មន្តអាគម​មក​សូត្របាលី​ប្រោះព្រំ ហើយ​យក​កំបោរ​ទៅ​គូសសញ្ញា​ជើងក្អែក​នៅ​នឹង​មាត់ទ្វារ និង​មាត់​បង្អួច​ឱ្យ​បាន​លឿន​បំផុត ព្រោះ​តាម​ជំនឿ​បើ​មិន​បាន​ធ្វើ​បែប​នេះ​ទេ ស្ត្រី​ជា​ម្ដាយ​នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចេះ​តែ​ឃើញ​នេះ​ឃើញ​នោះ​នៅ​មិន​សុខ​ក្នុង​ខ្លួន​ឡើយ​ដោយសារ​តែ​មាន​ខ្មោច​បិសាច​មក​យាយី ។

នេះ​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​តាំងពី​ដើម​មក គឺ​ត្រូវធ្វើ​បែប​នេះ ទើប​ម្ដាយ​និង​កូន​រស់នៅ​បាន​ស្ងប់​សុខ​គ្មាន​អ្វី​ហ៊ាន​ចូល​មក​យាយី ។ ទោះជា​យ៉ាងណា​សម័យ​បច្ចុប្បន្ន​ទំនៀម​នេះ​ហាក់ដូចជា​ឃ្លាតឆ្ងាយ​បន្តិច​សម្រាប់​អ្នក​រស់នៅ​ទីក្រុង តែ​អ្នក​រស់នៅ​ជនបទ ស្រុកស្រែ​ចម្ការ​ឃើញ​មាន​ធ្វើ​តាម​ទម្លាប់​នេះ​នៅឡើយ ៕