ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយពេញស្រុកកំពង់លែង ដោយសារពីដំបូងឡើយមានព័ត៌មានថា មានករណីជនសង្ស័យយកកាំបិតភ្ជង់ប្លន់អ្នកវេរលុយមួយកន្លែង នៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចបដិសេធថា គឺជាករណីចូលលួចវិញនោះទេ។ ករណីនេះបង្កឱ្យមានការឆោឡោកើតឡើងកាលពីម៉ោង៦និង៣០នាទីយប់ ថ្ងៃទី 6 ខែមករា ឆ្នាំ២០១៩។
យោងតាមប្រភពព័ត៌មានពីដំបូងបានឱ្យដឹងថា មានយុវជនម្នាក់បានយកកាំបិតភ្ជង់ប្លន់ផ្ទះអ្នកវេរលុយមួយកន្លែង ស្ថិតនៅភូមិ-ឃុំខាងលើ ដោយប្រមូលយកប្រាក់អស់ជាច្រើន បន្ទាប់មកក៏រត់ឡើងម៉ូតូសង់កូរ៉េ គេចខ្លួនតាមបណ្ដោយផ្លូវលេខ C50 បាត់ទៅ ។ ខណៈពេលនោះសមត្ថកិច្ចបានដឹងហេតុការណ៍ ក៏ដេញតាមប្រម៉ាញ់ រហូតយកបានម៉ូតូសង់កូរ៉េ 1 គ្រឿងដែលរបស់ជនសង្ស័យបានទម្លាក់ចោល។
ប្រភពដដែលបន្តថា លុះនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ លោក ប៉ាល់ យឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា មិនមែនជាករណីភ្ជង់ប្លន់នោះទេ គឺជាករណីលួចមានស្ថានទម្ងន់ទោស។ លោកបានបញ្ជាក់ថា ជនសង្ស័យត្រូវចាប់ខ្លួនបានហើយ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃដដែល។
លោកអធិការនគរបាលបានបន្ថែមថា វត្ថុតាងដកហូតបានមានប្រាក់ចំនួន6លាន30ម៉ឺនរៀល កាំបិតមួយដើម ទូរស័ព្ទដៃ 1 គ្រឿង និងម៉ូតូសង់កូរ៉េ១គ្រឿង។ ពេលនេះសមត្ថកិច្ចរបស់លោកកំពុងតែកសាងសំណុំ រឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ