ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ថ្នាំបន្សាប​ជាតិ​អាស៊ីត​ច្រើន​ពេក​មាន​ផល​ប៉ះពាល់

5 ឆ្នាំ មុន

ក្នុង​ករណី​ដែល​អ្នក​មិន​អាច​ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ហឹរ​ច្រើន អាហារ​មាន​ជាតិ​អាស៊ីត និង​ហ្គា​សបាន ដូច្នេះ​អ្នក​ច្រើន​តែ​អាច​មាន​អារម្មណ៍​ថា​ក្រហាយ​ដើមទ្រូង​ជា​ញឹកញាប់​ហើយ ។ ដូច្នេះ​ដើម្បី​សម្រួល​បញ្ហា​នេះ អ្នក​ទំនងជា​ត្រូវការ​ប្រើ​ថ្នាំបន្សាប​ជាតិ​អាស៊ីត​នៅ​ក្រពះ​ហើយ ។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ថ្នាំ​ប្រភេទ​នេះ​ច្រើន​ពេក…

ក្នុង​ករណី​ដែល​អ្នក​មិន​អាច​ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ហឹរ​ច្រើន អាហារ​មាន​ជាតិ​អាស៊ីត និង​ហ្គា​សបាន ដូច្នេះ​អ្នក​ច្រើន​តែ​អាច​មាន​អារម្មណ៍​ថា​ក្រហាយ​ដើមទ្រូង​ជា​ញឹកញាប់​ហើយ ។ ដូច្នេះ​ដើម្បី​សម្រួល​បញ្ហា​នេះ អ្នក​ទំនងជា​ត្រូវការ​ប្រើ​ថ្នាំបន្សាប​ជាតិ​អាស៊ីត​នៅ​ក្រពះ​ហើយ ។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ថ្នាំ​ប្រភេទ​នេះ​ច្រើន​ពេក ត្រូវ​បាន​គេ​ដឹង​ថា មាន​ផល​រំខាន​ច្រើន​ដែរ​ទេ ? ផល​រំខាន​មួយ​ចំនួន​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ប្រើ​ថ្នាំបន្សាប​អាស៊ីត​ក្រពះ​ច្រើន​ពេក​៖

១-ទល់លាមក ៖ បើសិនជា​ជម្រើស​ថ្នាំបន្សាប​អាស៊ីត​អ្នកមាន​សារធាតុ Aluminium ឬ Calcium នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ទល់លាមក​បាន​។ សារធាតុ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​មូលហេតុ​នាំ​ឲ្យ​លាមក​រឹង រហូត​ដល់​ពិបាក​បន្ទោបង់​។ អ្នកជំនាញ​និយាយ​ថា ការ​ទល់លាមក​ប្រហែលជា​កើតឡើង​កាន់តែ​យូរ​កាលណា​អ្នក​ប្រើ​ថ្នាំបន្សាប​អាស៊ីត​កាន់តែ​ច្រើន​ដែរ ។

២-រាករូស ៖ វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​រាករូស​ញឹកញាប់​ដែរ​បើសិនជា​លេបថ្នាំ​បន្សាប​អាស៊ីត​ច្រើន​ពេក​។ រឿង​នេះ​ភាគច្រើន​កើតឡើង​លើ​ថ្នាំបន្សាប​អាស៊ីត​ដែល​មាន​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​តែ​ម្តង ។ ជា​ធម្មតា​ការ​រាករូស​គឺជា​ផល​រំខាន​ជា​បណ្តោះអាសន្ន​នៃ​ការ​ញ៉ាំ​ថ្នាំបន្សាប​អាស៊ីត ប៉ុន្តែ​វា​អាច​កើតឡើង​ម្តងទៀត​ដែរ​នៅ​ពេល​ប្រើ​ថ្នាំ​នេះ​ទៀត ។

៣-ខ្សោយ​សាច់ដុំ ៖ អ្នក​ប្រហែលជា​ធ្លាប់​មាន​អាការ​ខ្សោយ​សាច់ដុំ ឬ​រមួល​សាច់ដុំ​បើសិនជា​មាន​ទម្លាប់​ញ៉ាំ​ថ្នាំបន្សាប​អាស៊ីត​ច្រើន​ក្រោយ​ពី​បាយ​រួច​គ្រប់ពេល ។ រឿង​នេះ​អាច​ទាក់ទង​នឹង​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ទៅ​លើ​កម្រិត​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​កាលស្យូម​ក្នុង​សាច់ដុំ ដែល​វា​ទាំង​ពីរ​នេះ​ជា​អេ​ឡិច​ត្រូ​លី​ត្រ​មាន​នាទី​ទទួលខុសត្រូវ​លើ​មុខងារ​របស់​សាច់ដុំ ។

៤-លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម ៖ ដោយសារ​តែ​ធាតុ​ផ្សំ​ញឹកញាប់​មួយ​នៃ​ថ្នាំបន្សាប​អាស៊ីត​គឺជា​ជាតិ​កាល់ស្យូម ដូច្នេះ​វា​នឹង​ទំនងជា​ធ្វើ​ឲ្យ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​ហើយ​បើសិនជា​អ្នក​ប្រើ​ថ្នាំ​នេះ​ច្រើន​ពេក​។ គ្រូពេទ្យ​និយាយ​ថា ការ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​គឺជា​រឿង​គ្រោះថ្នាក់ ។ នេះ​ដោយសារ​តែ​កាល់ស្យូម​ក្នុង​ឈាម​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​កក​ជាប់​ក្នុង​ជញ្ជាំង​សរសៃឈាម ដែល​វា​នឹង​ធ្វើ​ឲ្យ​កង្វះ​ការ​ផ្គត់ផ្គង់​ឈាម​សម្បូរ​អុក​ស៊ី​សែន និង​ជីវជាតិ​ទៅ​ចិញ្ចឹម​សរីរាង្គ ។

៥-ក្រួស​ក្នុង​តម្រងនោម ៖ ក្រៅពី​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម បញ្ហា​មួយទៀត​នៃ​ការ​ញ៉ាំ​ថ្នាំបន្សាប​អាស៊ីត​ក្រពះ​មាន​ជាតិ​កាល់ស្យូម​ច្រើន វា​នឹង​ធ្វើ​ឲ្យ​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ដែរ ។ មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជំងឺ​តម្រងនោម​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​លេបថ្នាំ​បន្សាប​អាស៊ីត​ក្រពះ​ច្រើន ដោយសារ​តែ​តម្រងនោម​មិន​អាច​ច្រោះ​សារធាតុ​ក្នុង​ថ្នាំ​នេះ​បាន​យ៉ាង​ល្អ​ចេញពី​ក្នុង​ឈាម​ទេ ។

៦-ពុក​ឆ្អឹង ៖ តើ​ជាតិ​អាលុយមីញ៉ូម​គឺជា​ធាតុ​ផ្សំ​មួយ​ដែល​អ្នក​ត្រូវការ​ក្នុង​ថ្នាំបន្សាប​អាស៊ីត​ក្នុង​ក្រពះ​មែន​ទេ? បើ​មែន​នោះ​អ្នក​ប្រហែលជា​ប្រឈម​នឹង​ការ​ខ្សោយ​ឆ្អឹង ឬ​ជំងឺ​ពុក​ឆ្អឹង​នៅ​ថ្ងៃ​ណាមួយ​ហើយ​។ គ្រូពេទ្យ​និយាយ​ថា ជាតិ​អាលុយមីញ៉ូម​ងាយ​នឹង​ធ្វើ​ឲ្យ​បាត់បង់​កំហាប់​របស់​ឆ្អឹង​ណាស់ ជា​ពិសេស​ជាតិ​កាល់ស្យូម និង​ផូស្វ័រ​ក្នុង​ឆ្អឹង​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ