ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ផ្អែមគេឃើញមានដាំ នៅបន្ទាត់ព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈតាមបណ្តាខេត្តក្រុងផ្សេងៗពុំសូវមានដាំឡើយ ។
ដំណាំប្រភេទនេះប្រើរយៈពេល៦៥ថ្ងៃទើបទទួលផល ហើយខុសពីដំណាំដទៃ បើទោះជាផ្លែច្រើនក៏ត្រូវបេះចោលទុកតែ១ផ្លែក្នុងមួយដើម នេះបើតាមកាឲ្យដឹងពីម្ចាស់ចម្ការ ។ ឈ្មោះ ឡួត លីម អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ អ៊ាង វណ្ណៈ អាយុ៣៥ឆ្នាំ រស់នៅភូមិកោះស្នួលឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាម្ចាស់ចម្ការត្រសក់ មួយកន្លែងប្រាប់ថា ចម្ការរបស់គាត់មានដំណាំ២មុខ គឺត្រសក់ផ្អែមជាង៣ហិកតា និងត្រសក់ផ្អ១ហិកតា ។
ម្ចាស់ចំការប្រាប់ថា ផ្លែត្រសក់ផ្អែមទោះជាថោក ឬថ្លៃមានហាងឆេង តែលើទីផ្សារថៃ ខណៈក្នុងស្រុកពុំសូវមានទីផ្សារព្រោះ គេមិនសូវស្គាល់ ឬមិនដែលហូប ។ គ្រួសារមួយនេះបន្តថា ការដាំដុះត្រសក់ផ្អែក ប្រើរយៈពេលជាង២ខែហើយត្រូវចំណាយប្រាក់ជួលកម្មករបេះខ្នែង ឬក្តិបចោល៣លើក មុននឹងទទួលយកផ្លែណាមួយជាផ្លូវការ ពោល គឺ១ដើមទុកតែ១ផ្លែទេ បើទោះជាវាចេញផ្លែប៉ុន្មានក៏ដោយ ។
បុរសជាប្តីប្រាប់ថា គាត់ចេះដាំដំណាំនេះ ដោយសារពីមុនធ្លាប់ទៅស៊ីឈ្នួលធ្វើជាកម្មករដាំត្រសក់ផ្អែមឲ្យជនជាតិថៃ ហើយថា កាដាំនេះក៏មានការជួយជ្រុមជ្រែងពីជនជាតិថៃផងដែរ គឺគេចំណាយទុនលើរបស់របរផ្សេងៗដូចជា ពូជ កាតទុយោទឹក និងកៅស៊ូក្រាលដីតាមគុម្ពត្រសក់ ប៉ុន្តែពេលលក់ចេញគេកាត់យកទុនចំណាយរបស់គេវិញ ។
ម្ចាស់ចំការបន្តថាក្នុងមួយឆ្នាំអាចដាំដំណាំនេះបាន៣ដង ហើយផលដែលទទួលបាន គឺភាគីថៃជាម្ចាស់ទុនគេមកទទួលយកទាំងអស់តាមតម្លៃទីផ្សាររបស់គេ ។ ពួកគាត់ថា ថ្នាំនេះកាដាំដុះឃើញថា ល្អជាងឆ្នាំមុនៗហើយតម្លៃក៏ល្អប្រសើរជាងឆ្នាំមុនៗដែរ ដោយឆ្នាំនេះថៃទទួលទិញ១គីឡូក្រាម តម្លៃ២០បាត គិតជាប្រាក់ខ្មែរជាង២០០០រៀល ខណៈឆ្នាំមុនៗលក់បានតម្លៃត្រឹមតែ១គីឡូក្រាម១៤ទៅ១៥បាត តែប៉ុណ្ណោះ ។
ដោយឡែកត្រសក់ផ្អចំនួន១ហិកតា ម្ចាស់ចម្ការប្រាប់ថា ឆ្នាំនេះមានទីផ្សារល្អជាងឆ្នាំមុនៗដូចគ្នា ដោយឆ្នាំ១គីឡូក្រាម តម្លៃជា១០០០រៀល ខណៈឆ្នាំមុនៗលក់ចេញបានតែ១គីឡូក្រាម១០០០រៀលប៉ុណ្ណោះ ប៉ុន្តែថា ដំណាំត្រសក់ផ្អអាចលក់បានលើទីផ្សារក្នុងស្រុកខុសពីផ្លែត្រសក់ផ្អែម សង្ឃឹមតែលើទីផ្សារថៃ ៕
ចែករំលែកព័តមាននេះ